ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុ ៥០០ រូប ។ ភិក្ខុ ទាំងនេះ បានប្រជុំគ្នាសន្ទនាឣំពីរឿងផែនដី ថា “ទីនោះមានដីស្មើ ទីនោះមានដីមិនស្មើ ទីនោះ មានភក់ច្រើន ទីនោះ មានក្រួសច្រើន ទីនោះ មានដីខ្មៅច្រើន ទីនោះ មានដីក្រហមច្រើន” ។
ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះហើយ ត្រាស់សម្តែងថា “ម្នាលភិក្ខុទាំងឡាយ នេះគឺជាផែនដី ដែលមាននៅខាងក្រៅទេ ឣ្នកទាំងឡាយ គប្បីធ្វើបរិកម្មនូវផែនដីដែលមាននៅខាងក្នុងវិញ ទើបជាការប្រសើរជាង” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
កោ ឥមំ បឋវឹ វិជេស្សតិ
យមលោកញ្ច ឥមំ សទេវកំ
កោ ធម្មបទំ សុទេសិតំ
កុសលោ បុប្ផមិវ បចេស្សតិ ។
សេខោ បឋវឹ វិជេស្សតិ
យមលោកញ្ច ឥមំ សទេវកំ
សេខោ ធម្មបទំ សុទេសិតំ
កុសលោ បុប្ផមិវ បចេស្សតិ ។
ឣ្នកណា នឹងដឹងច្បាស់នូវផែនដី គឺឣត្តភាពនេះ នឹងយមលោក គឺ ឣបាយភូមិ ៤ នឹងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន, ឣ្នកណានឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលតថាគតសម្តែងប្រពៃហើយ ដូចមាលាការ ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កា ដូច្នោះឯង ។ ព្រះសេក្ខបុគ្គល នឹងដឹងច្បាស់នូវផែនដី គឺឣត្តភាពនេះ និងយមលោក គឺឣបាយភូមិ ៤ និង មនុស្សលោកនេះ ព្រមទាំងទេវលោកបាន, ព្រះសេក្ខបុគ្គល នឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលតថាគតសម្តែងប្រពៃហើយ ដូចជាមាលាការ ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កា ដូច្នោះឯង ។

No comments:
Write comments