Monday, December 31, 2018
រឿង ព្រះបាទវិឌូឌភៈ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះបាទវិឌូឌភៈ ដែលត្រូវទឹកជំនន់ជន់លិច ទ្រង់ទិវង្គត ព្រមទាំងពួកបរិវារទាំងឣស់គ្នា ។ ព្រះបាទ វិឌូឌភៈ ជាព្រះរាជឱរសរបស់ព្រះបាទបសេនទិកោសល, ព្រះមាតាទ្រង់ព្រះនាម វាសភខត្តិយា ជាធីតារបស់មហានាមសក្យរាជ កើតពីនាងទាសី ។ នៅពេលដែលព្រះបាទវិឌឌូភៈ មានវ័យជាកុមារនោះ ទ្រង់បានយាងទៅសួរសុខទុក្ខ របស់ព្រះញាតិវង្សានុវង្ស ខាងព្រះមាតា នៅក្រុងកបិលភស្តុ ។
ក្រោយពេលដែលព្រះវិឌូឌភរាជកុមារ យាងត្រឡប់មកវិញហើយនោះ ពួកសាក្យរាជទាំងឡាយ ទ្រង់ត្រាស់បញ្ជាប្រើឲ្យមនុស្សលាងនូវទីឣាសនៈ ដែលវិឌូឌភរាជកុមារប្រថាប់ឲ្យស្អាត ។ មនុស្សដែលមកលាងទីឣាសនៈនោះ បានជេរប្រទេចនូវព្រះវិឌូឌភកុមារ ថា “ព្រោះតែកូននាងទាសី វាមកឣង្គុយនៅ ត្រង់ទីនេះហើយ បានជា ឣញត្រូវពិបាក មកដុសលាងសម្អាតឣាសនៈនេះ” ។
ព្រះបាទវិឌូឌភៈ ទ្រង់ព្រះពិរោធ យ៉ាងខ្លាំង បានចងគំនុំគុំកួននឹងពួកសាក្យរាជ តាំងតែពីពេលនោះតរៀងមក ។ លុះព្រះឣង្គបានឡើងគ្រងរាជ្យហើយ ទ្រង់បានលើកកងទ័ពជាច្រើន ដើម្បីទៅសងសឹក យកឈាមរបស់ពួកសាក្យរាជ មកលាងទីឣាសនៈនោះវិញ ។ ពេលដែលព្រះឣង្គលើកកងទ័ព មកដល់ពាក់កណ្តាលផ្លូវ ទ្រង់បានចួបនឹងព្រះបរមសាស្តា ទ្រង់ជ្រាបថា “ព្រះពុទ្ធជាម្ចាស់ ច្បាស់ជា ស្តេចយាងមក ក្នុងទីនេះ ដើម្បីទ្រង់ហាមឃាត់ព្រះឣង្គ កុំឲ្យលើក កងទ័ព ទៅសម្លាប់ពួកសាក្យរាជពុំខាន” ហើយទ្រង់បានលើកកងទ័ព វិលត្រឡប់ទៅព្រះនគរវិញ ។
ក្រោយមក ព្រះបាទវិឌូឌភៈ ក៏បានលើកកងទ័ពទៅជាថ្មីម្តងទៀត ហើយបានចួបនឹងព្រះសាស្តា ដូចលើកមុនទៀត ទើបទ្រង់បានលើកកងទ័ព វិលត្រឡប់មក កាន់ព្រះបរមរាជវាំងវិញ យ៉ាងនេះឣស់រយៈពេល ៣ ដង ។
នៅលើកទី ៤ ព្រះសាស្តា ទ្រង់ជ្រាបបុព្វកម្ម របស់ពួកសាក្យរាជទាំងនោះ ដែលបានយកថ្នាំពិសទៅដាក់បំពុលត្រី កាលពីឣតីតជាតិ ទើបទ្រង់បណ្តោយទៅតាមយថាកម្ម ទ្រង់ពុំបានហាមឃាត់ ដូចលើកមុនៗ ។
គ្រានោះឯង ព្រះបាទវិឌឌូភកុមារ ទ្រង់បានលើកកងទ័ព ទៅសម្លាប់ពួកសក្យរាជទាំងនោះហើយ យកឈាមមកលាងទីឣាសនៈនោះ ដូចសេចក្តីគុំកួនរបស់ព្រះឣង្គ ដែលបានចងទុកមកពីកាលមុន ស្រេចហើយ ទ្រង់លើកកងទ័ពត្រឡប់មកព្រះបរមរាជវាំងវិញ ដល់ពាក់កណ្តលផ្លូវ ទ្រង់ឈប់សម្រាកព្រះកាយ លើវាលខ្សាច់ ក្បែរមាត់ស្ទឹងឣចេរវតី ។
ពេលជាមួយគ្នានោះ ស្រាប់តែមានភ្លៀងយ៉ាងធំ បង្អុរធ្លាក់ចុះមក លិចកួចយកព្រះបាទវិឌូឌភកុមារលង់ទិវង្គត ព្រមទាំងពួកបរិវារទាំងឣស់គ្នា គ្មានសេសសល់ឡើយ ។
ពួកភិក្ខុទាំងឡាយ បានប្រជុំសន្ទនាគ្នាពីរឿងព្រះបាទវិឌូឌភកុមារ ព្រមទាំងពួកបរិវារ ដោយប្រការផ្សេងៗ ។ ព្រះសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីប្រជុំនោះហើយ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ កាលបើមនោរថ របស់ពួកសត្វទាំងឣស់នោះ មិនទាន់បានដល់ទីបំផុតនោះទេ, មច្ចុរាជ បានកាត់ផ្តាច់នូវជីវិតិន្ទ្រីយ៍ ឲ្យធ្លាក់ចុះទៅ ក្នុងសមុទ្រ គឺឣបាយទាំង ៤ ដូចជាមហាសាគរ ជន់លិច កួចយកឣ្នកស្រុកដែលកំពុងដេកលក់ទៅ យ៉ាងនោះឯង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
បុប្ផានិ ហេវ បចិនន្តំ ព្យាសត្តមនសំ នរំ
សុត្តំ គាមំ មហោឃោវ មច្ចុ ឣាទាយ គច្ឆតិ ។
មច្ចុ គឺសេចក្តីស្លាប់ តែងកៀរយកទៅនូវនរជន ឣ្នកមានចិត្តជាប់ជំពាក់ ក្នុងឣារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ នុ៎ះឯង ដូចទឹកជំនន់ធំ ដែលកួចយកឣ្នកស្រុកកំពុងដេកលក់ ទៅដូច្នោះឯង ។
Subscribe to:
Post Comments (Atom)
អត្ថបទទើបអានហើយ
-
រឿង នាងសិរិមា ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនាងសិរិមា ដែលជាប្អូនស្រី របស់គ្រូពេទ្យជីវកកោមារភច្ច ។ នាងសិរិមា ជាស្រីផ្កាមាស មានរូបសម្...
-
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងពហុបុត្តិកាថេរី ដែលមានកូនប្រុសស្រីច្រើន ។ ពេលស្វាមីរបស់នាងធ្វើមរណកាលទៅ, នាងបានចែកទ្រព្យសម្បត្តិទាំងឣស់ ឲ...
-
រឿង ទេវហិតព្រាហ្មណ៍ ព្រះបរមសាស្តា ទ្រង់ប្រារឰបញ្ហារបស់ទេវហិតព្រាហ្មណ៍ ។ ព្រាហ្មណ៍នេះ បានថ្វាយនូវភេសជ្ជៈ ដល់ព្រះសាស្តា ក្នុងគ្រាដ...
-
រឿង ព្រះទុតិយនដបុព្វកត្ថេរ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះថេរៈ មួយឣង្គទៀត ដែលធ្លាប់លេងរបាំល្ខោន ដូចរឿងព្រះបឋមនដបុព្វកត្ថេរនោះដែ...
-
រឿង នាងឧត្តរាថេរី ព្រះបរមសាស្តា ទ្រង់ប្រារឰនាងឧត្តរាថេរី ជាឣ្នកមានឣាយុ ១២០ ឆ្នាំ ។ សម័យថ្ងៃមួយ នាងបានទៅបិណ្ឌបាតតាមផ្ទះ លុះបាននូវចង្ហា...
-
រឿង វិសាខាសហាយិកា ព្រះបរមសាស្តា ទ្រង់ប្រារឰពួកស្ត្រីដែលជាសំឡាញ់ របស់នាងវិសាខាមហាឧបាសិកា ។ ពួកស្ត្រីទាំងនោះ ជាឣ្នកចូលចិត្តផឹកស្រា ។...
-
រឿង ព្រះសុន្ទរសមុទ្ទ ព្រះបរមសាស្តាចារ្យ ទ្រង់ប្រារឰនូវព្រះសុន្ទរសមុទ្ទ ជាបុត្ររបស់ត្រកូលស្តុកស្តម្ភ មួយ ក្នុងក្រុងសាវត្ថី ។ ថ្ងៃ...
-
រឿង ព្រះសីវលី ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសីវលីថេរៈ ជាបុត្ររបស់ នាងសុប្បវាសា ។ ព្រះថេរៈ បានជាប់នៅ ក្នុងផ្ទៃមាតា ឣស់រយៈ ពេល ៧...
-
រឿង ឣញ្ញត្រភិក្ខុ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ក្នុងសម័យដែល ព្រះឣង្គមិនទាន់បានបញ្ញត្តសិក្ខាបទ ហាមមិនឲ្យភិក្ខុកាប់ដើមឈ...
-
រឿង នាងឧត្តរាឧបាសិកា ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងឧត្តរា ឧបាសិកា ជាធីតារបស់បុណ្ណសេដ្ឋី ។ នាងឧត្តរា ឧបាសិកា នេះ ជាសោតាបន្នបុគ្គល...

No comments:
Write comments