ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវប្រេតមួយ ដែលមានរាងកាយដូចជាសត្វពស់ វែងប្រវែង ២០ យោជន៍ មានក្បាលដូចមនុស្សឣាស្រ័យនៅ លើកំពូលភ្នំគិជ្ឈកូដ ។
ព្រះមហាមោគ្គល្លានត្ថេរ បានឃើញ នូវប្រេតនោះហើយ ក៏និយាយ ជាមួយនឹងព្រះលក្ខណត្ថេរ នៅទីចំពោះព្រះភក្ត្រ នៃព្រះ សាស្តា, ព្រះឣង្គ ទ្រង់ធ្វើជាសក្សី របស់ព្រះមហាមោគ្គល្លាន ។
ពួកភិក្ខុទាំងឡាយ បានក្រាបទូលសួរនូវបុព្វកម្ម របស់ប្រេតនោះ នឹងព្រះសាស្តា ។ ព្រះឣង្គ ទ្រង់ត្រាស់នូវឣតីតនិទានថា “កាល ពីឣតីតកាល ប្រេតនេះបានកើតជាឣ្នកស្រែម្នាក់ ឃើញពួកប្រជាជនដើរជាន់ស្រូវស្រែរបស់គាត់ ដើម្បីទៅធ្វើបុណ្យនឹងព្រះបច្ចេកពុទ្ធ ជារៀងរាល់ថ្ងៃ ពុំដែលដាច់ ក៏កើតសេចក្តីក្រោធខឹងយ៉ាងខ្លាំង នឹងពួកប្រជាជនព្រមទាំងព្រះបច្ចេកពុទ្ធ ។ ថ្ងៃមួយ ជួនជាព្រះបច្ចេកពុទ្ធ មិននៅ ក្នុងបណ្ណសាលា, គាត់បានចូលទៅវាយបំបែកគ្រឿងបរិក្ខារប្រើប្រាស់ របស់ព្រះបច្ចេកពុទ្ធ បែកខូចខាតទាំងឣស់ ស្រេចហើយបានយកភ្លើងមកដុតបណ្ណសាលា ឲ្យឆេះខ្ទេចឣស់ថែមទៀត, ដោយផលនៃកម្មនោះ លុះគាត់ស្លាប់ទៅ ក៏បានទៅកើត ក្នុងនរក សោយទុក្ខវេទនាយ៉ាងខ្លាំង រហូតដល់ផែនដីដុះឡើងបានមួយយោជន៍ ទើបបានមកកើតជាប្រេត មានឣត្តភាពដូចជាពស់ មានក្បាលដូចមនុស្ស រស់នៅ លើភ្នំគិជ្ឈកូដនេះ” ក្នុងទីបញ្ចប់ឣតីតនិទាន ទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖
ន ហិ បាបំ កតំ កម្មំ សជ្ជុខីរំវ មុច្ចតិ
ឌហន្តំ ពាលមន្វេតិ ភស្មាច្ឆន្នោវ បាវកោ ។
បាបកម្ម ដែលជនពាលធ្វើហើយ មិនទាន់ឲ្យផលនោះក៏មាន ដូចទឹកដោះស្រស់ដែលមិនទាន់ប្រែក្លាយ (ក្នុងមួយរំពេច) ដូច្នោះ, បាបកម្មនោះ រមែងតាមដុតនូវបុគ្គលពាល ដូចរងើកភ្លើងដែលបិទបាំងទុក ដោយផេះ យ៉ាងដូច្នោះឯង ។

No comments:
Write comments