ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះមហាកស្សបត្ថេរ ។ ព្រះមហាកស្សបៈ មានញាតិញោមស្គាល់ជាច្រើន នៅក្នុងក្រុងរាជគ្រឹះ ។ ភិក្ខុទាំងឡាយ បានរិះគន់ព្រះថេរៈ ថា “ជាឣ្នកជាប់ជំពាក់ ក្នុងត្រកូលញាតិញោម និង ក្នុងបច្ច័យទាំងឡាយ” ។ ព្រះសាស្តា ជ្រាបហើយ ទ្រង់ធានារ៉ាប់រង ថា “ព្រះមហាកស្សបៈ មិនបានជាប់ជំពាក់ ក្នុងអ្វីៗ ទាំងឣស់” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឧយ្យុញ្ជន្តិ សតិមន្តោ ន និកេតេ រមន្តិ តេ
ហំសាវ បល្លលំ ហិត្វា ឱកមោកំ ជហន្តិ តេ ។
ព្រះខីណាស្រពទាំងឡាយ មានស្មារតី រមែងខ្វល់ខ្វាយ មិនត្រេកឣរ ក្នុងទីនៅឣាស្រ័យ លោកលះបង់ចោលស្រឡះនូវឣាល័យ ដូចជាសត្វហង្ស លះបង់ភក់ហើរទៅ យ៉ាងដូច្នោះឯង ។

No comments:
Write comments