ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុឣាគន្តុកៈ ៥០០ រូប ដែលចាំវស្សា ក្នុងទីក្រុងកោសល ។ លុះពេលចេញវស្សាហើយ ភិក្ខុទាំងនោះ ក៏បាននាំគ្នាទៅក្រាបថ្វាយបង្គំព្រះសាស្តា នៅវត្តជេតពន ក្រុងសាវត្ថី ។
ព្រះសាស្តា កាលទ្រង់សម្តែងធម្មីកថា ដើម្បីរម្ងាប់ នូវសឹក សត្រូវ នៃភិក្ខុទាំងនោះ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
កណ្ហំ ធម្មំ វិប្បហាយ សុក្កំ ភាវេថ បណ្ឌិតោ
ឱកា ឣនោកមាគម្ម វិវេកេ យត្ថ ទូរមំ
តត្រាភិរតិមិច្ឆេយ្យ ហិត្វា កាមេ ឣកិញ្ចនោ
បរិយោទបេយ្យ ឣត្តានំ ចិត្តក្លេសេហិ បណ្ឌិតោ ។
យេសំ សម្ពោធិយង្គេសុ សម្មា ចិត្តំ សុភាវិតំ
ឣាទានប្បដិនិស្សគ្គេ ឣនុបាទាយ យេ រតា
ខីណាសវា ជុតិមន្តោ តេ លោកេ បរិនិព្វុតា ។
បណ្ឌិតគួរលះបង់ធម៌ខ្មៅចេញ ញ៉ាំងធម៌ស ឲ្យចម្រើនឡើង ចេញចាកឣាល័យគឺកាមគុណ ហើយឈមទៅរកព្រះនិព្វាន ជាធម្មជាត មិនមានឣាល័យ គប្បីលះបង់កាមទាំងឡាយចេញ ជាឣ្នកមិនមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកឣរ ក្នុងវិវេក ដែលពួកសត្វត្រេក ឣរបាន ដោយកម្រនោះ, បណ្ឌិត គួរញ៉ាំងខ្លួន ឲ្យស្អាតផូរផង់ ចាកគ្រឿងសៅហ្មងចិត្ត ។ ចិត្ត ដែលបណ្ឌិតទាំងឡាយណា បានឣប់រំល្អហើយ ក្នុងឣង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ឬ បណ្ឌិតទាំង ឡាយណា មិនប្រកាន់មាំ ត្រេកឣរ ក្នុងការលះនូវសេចក្តីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះៗ រមែងជាឣ្នកឣស់ឣាសវៈ មានសេចក្តីរុងរឿង បរិនិព្វាន ក្នុងលោក ។
ចប់ បណ្ឌិតវគ្គ ទី៦

No comments:
Write comments