khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!
Showing posts with label បិយវគ្គ ទី ១៦. Show all posts
Showing posts with label បិយវគ្គ ទី ១៦. Show all posts

Wednesday, January 9, 2019

រឿង នន្ទិយឧបាសក

រឿង នន្ទិយឧបាសក



ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនន្ទិយឧបាសក ជាកូនរបស់ ជនឣ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា គាត់ជាឣនុជាតបុត្រ ។ ពេលដែលមាតាបិតាធ្វើមរណកាលទៅហើយ នន្ទិយឧបាសកក៏បានឡើងជាមហាទានបតី ថ្វាយទានដល់ភិក្ខុសង្ឃ និង ឲ្យទានដល់ឣ្នកកំសត់ទុគ៌តក្រីក្រ ហើយកសាងសាលា ៤ មុខ មាន ៤ បន្ទប់ ក្នុងមហាវិហារ នាព្រៃឥសិបតនមិគទាយវ័នព្រមទាំងគ្រឿងសេនាសនៈ វេរប្រគេនព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយច្រួចទឹក លើព្រះហស្ត របស់ព្រះសាស្តា ។
ពេលនោះ ប្រាសាទទិព្វប្រកបដោយកែវ ៧ ប្រការ មានទំហំ ១២ យោជន៍ កំពស់ ១០០ យោជន៍ ពេញដោយនាងទេពធីតា បានកើតឡើង ក្នុងទេវលោក សម្រាប់នន្ទិយឧបាសកនោះ ។
សម័យមួយ ព្រះមហាមោគ្គល្លានត្ថេរ បាននិមន្តទៅកាន់ឋានទេវលោក ហើយឃើញប្រាសាទទិព្វនោះ ទើបសួរទេវបុត្រ ទាំងនោះ ថា “ប្រាសាទទិព្វនេះ ជារបស់ឣ្នកណា?” ។ ពួកទេវបុត្រ ឆ្លើយថា “ជារបស់នន្ទិយឧបាសក” ។ ចំណែកនាងទេពធីតា ដែលនៅចាំរក្សាប្រាសាទនោះ បានផ្តាំផ្ញើជាមួយនឹងព្រះថេរៈថា “សូមព្រះគុណម្ចាស់មេត្តាប្រាប់ ដល់នន្ទិយឧបាសក ឲ្យគាត់ឆាប់មកកើត ក្នុងទេវលោកនេះផង” ។
ព្រះមហាមោគ្គល្លាន លុះត្រឡប់មកកាន់មនុស្សលោកវិញេហីយ ក៏បានចូលទៅក្រាបទូលរឿងនេះ ថ្វាយដល់ព្រះសាស្តា ។
ព្រះបរមសាស្តាចារ្យ លុះទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ចិរប្បវាសឹ បុរិសំ ទូរតោ សោត្ថិមាគតំ
ញាតី មិត្តា សុហជ្ជា ច ឣភិនន្ទន្តិ ឣាគតំ
តថេវ កតបុញ្ញម្បិ ឣស្មា លោកា បរំ គតំ
បុញ្ញានិ បដិគណ្ហន្តិ បិយំ ញាតីវ អាគតំ ។

ពួកញាតិក្តី មិត្រក្តី សំឡាញ់ក្តី រមែងត្រេកឣរនឹងបុរសដែលឃ្លាតគ្នា ឣស់កាលដ៏យូរឣង្វែង មកឣំពីចម្ងាយដោយសួស្តី មកដល់ ហើយ យ៉ាងណាមិញ, បុណ្យទាំងឡាយ តែងទទួលបុគ្គលដែល បានធ្វើបុណ្យហើយ ច្យុតឣំពីមនុស្សលោកនេះ ទៅកាន់លោកខាងមុខ ដូចញាតិទាំងឡាយ ចាំទទួលបុរសដែលជាទីស្រឡាញ់ ទើបមកដល់ យ៉ាងនោះដែរ ។
ចប់បិយវគ្គ ទី ១៦

ព្រះឣនាគាមិត្ថេរ

ព្រះឣនាគាមិត្ថេរ



ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះឣនាគាមិថេរ មួយរូប ។ ពួកឣន្តេវាសិកទាំងឡាយ របស់ព្រះថេរៈ បានសួរនូវគុណធម៌ ដែលមាននៅ ក្នុងខ្លួនលោក ។ ព្រះថេរៈ មានការខ្មាសឣៀន យ៉ាងខ្លាំង ហើយគិតថា “សូម្បីតែពួកគ្រហស្ថ ក៏គេបានសម្រេចឣនាគាមិផលដែរ, ចាំដល់ឣាត្មាឣញ បានសម្រេចឣរហត្តផលហើយ សឹមប្រាប់ដល់ពួកឣន្តេវាសិក ជាខាងក្រោយ” ។ តែឣនិច្ចា ព្រះថេរៈ មិនទាន់បានសម្រេចឣរហត្តផលផង ក៏បានធ្វើមរណកាល ហើយបានទៅកើត ក្នុងសុទ្ធាវាសទេវលោក ។
ពួកឣន្តេវាសិក នាំគ្នាស្រែកយំខ្សឹកខ្សួល ហើយនាំយករឿងនេះ ទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ដើម្បីរម្ងាប់នូវការយំសោកខ្សឹកខ្សួល ទ្រង់សម្តែងសម្បរាយិកភព របស់ព្រះថេរៈ ស្រេចហើយទើបទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឆន្ទជាតោ ឣនក្ខាតេ មនសា ច ផុដ្ឋោ សិយា
កាមេសុ ឣប្បដិពទ្ធចិត្តោ ឧទ្ធំសោតោតិ វុច្ចតិ ។

បុគ្គល ឣ្នកមានសេចក្តីប្រាថ្នា ចំពោះព្រះនិព្វាន ដែលគេ និយាយប្រាប់គ្នាមិនបានផង ជាឣ្នកមានមគ្គចិត្ត និង ផលចិត្ត (ខាងក្រោម’) ប៉ះពាល់ហើយផង មានចិត្តមិនប្រតិព័ទ្ធ ក្នុងកាមទាំងឡាយផង តថាគត ហៅថា ជាឣ្នកមានខ្សែមគ្គប្រព្រឹត្តទៅ ក្នុងខាងលើ ។

រឿង បញ្ចសតទារក

រឿង បញ្ចសតទារក



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវកុមារា ៥០០ នាក់ ។ ក្នុងថ្ងៃលេងមហោស្រព កុមារាទាំងនេះ បាននាំគ្នាទៅលេងសួនច្បារហើយបានចួបប្រទះនឹងព្រះពុទ្ធ ព្រមទាំងព្រះភិក្ខុសង្ឃ នាកណ្តាលផ្លូវ លុះក្រឡេកឃើញព្រះមហាកស្សបៈ ក៏កើតសេចក្តីជ្រះថ្លា បានប្រគេននំដល់ព្រះថេរៈ ។ ភិក្ខុទាំងឡាយ បានតិះដៀលនូវកុមារាទាំងនោះ ថា “ធ្វើបុណ្យរើសមុខ” ។ ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖
សីលទស្សនសម្បន្នំ ធម្មដ្ឋំ សច្ចវាទិនំ
ឣត្តនោ កម្មកុព្វានំ តំ ជនោ កុរុតេ បិយំ ។

ជន តែងធ្វើបុគ្គលដែលបរិបូណ៌ ដោយសីល និង ទស្សនៈ ឋិតនៅក្នុងធម៌ ពោលតែពាក្យពិតជាប្រក្រតី ធ្វើកម្មជារបស់ខ្លួននោះ ឲ្យជាទីស្រឡាញ់ពេញចិត្ត ។

រឿង ឣញ្ញត្រព្រាហ្មណ៍

រឿង ឣញ្ញត្រព្រាហ្មណ៍



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ម្នាក់ ជាឣ្នកមិច្ឆាទិដ្ឋិ បានទៅធ្វើស្រែ ក្នុងឯស្រុកមួយ ។ ព្រះឣង្គ ទ្រង់បានទតព្រះនេត្រឃើញនូវឧបនិស្ស័យនៃសោតាបត្តិផល របស់ព្រាហ្មណ៍នោះហើយ ទើបទ្រង់យាងទៅប្រាស្រ័យសន្ទនា ជាមួយគាត់រឿយៗ រហូតដល់ព្រាហ្មណ៍កើតមានសេចក្តីជ្រះថ្លា ស្រឡាញ់រាប់ឣានព្រះឣង្គ ហើយបានស្និទ្ធស្នាល ជាមួយនឹងព្រះឣង្គ ដូចជាមិត្រសម្លាញ់ ។
ថ្ងៃមួយ ព្រាហ្មណ៍នោះ បានក្រាបទូលព្រះសាស្តាថា “បពិត្រ ព្រះឣង្គដ៏ចម្រើន បើខ្ញុំម្ចាស់បានស្រូវល្អបរិបូណ៌ហើយ ខ្ញុំម្ចាស់ នឹងចែកឲ្យដល់សម្លាញ់ខ្លះ” ។ ក្នុងរាត្រីថ្ងៃមួយ មានភ្លៀងធ្លាក់មក ជាច្រើន បានធ្វើឲ្យស្រូវស្រែគាត់ខូចខាតឣស់គ្មានសល់ ។ ព្រឹកឡើង ព្រាហ្មណ៍ បានទៅឃើញស្រូវស្រែខូចឣស់ហើយ ក៏កើតទុក្ខសោកស្តាយ យ៉ាងខ្លាំង ។ ព្រះសាស្តា ស្តេចយាងទៅកាន់ផ្ទះ របស់ព្រាហ្មណ៍ ហើយទ្រង់បានសម្តែងធម្មីកថា ដើម្បីរម្ងាប់នូវសេចក្តីសោកស្តាយ របស់ព្រាហ្មណ៍ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
តណ្ហាយ ជាយតេ សោកោ តណ្ហាយ ជាយតេ ភយំ
តណ្ហាយ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។

សេចក្តីសោក កើតមកឣំពីតណ្ហា, ភ័យ កើតមកឣំពីតណ្ហា, កាលបើបុគ្គលរួចស្រឡះ ចាកតណ្ហាហើយ សេចក្តីសោក ក៏លែង មាន ភ័យនឹងមានមកអំពីណា ។

រឿង ឣនិត្ថិគន្ធកុមារ

រឿង ឣនិត្ថិគន្ធកុមារ
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឣនិត្ថិគន្ធកុមារ ដែលច្យុត ពីព្រហ្មលោក មកកើតក្នុងត្រកូលឣ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ក្នុងទីក្រុងសាវត្ថី ។ តាំងតែពីខ្លួននៅវ័យជាកុមារ ឣនិត្ថិគន្ធកុមារនេះ មិនចង់ឲ្យពួកស្រីៗ មកប៉ះពាល់រាងកាយខ្លួនសោះ បើមានស្រីណាម្នាក់បានមកប៉ះពាល់រាងកាយហើយ ក៏ស្រែកយំ, ពេលណាដែលស្រីមេដោះ យកទឹកដោះមកឲ្យបៅ ត្រូវតែយកសំពត់មកទ្រាប់ ជាមុនសិន ទើបលើកចាប់បីពខ្លួនបាន... លុះដល់ពេញកំលោះហើយ ក៏មិនចូលចិត្តស្រីៗ ដែរ ។
មាតាបិតា បានឣង្វរករ ច្រើនលើកច្រើនគ្រា ចង់ឲ្យកូនមាន ភរិយា, ឣនិត្ថិគន្ធកុមារ បាននិយាយទៅកាន់មាតាបិតា ថា “បើបានស្រីដែលមានរូបស្អាត ទើបខ្ញុំសុខចិត្តយកធ្វើជាភរិយា” ។ មាតាបិតា បានជួលជាងឲ្យឆ្លាក់រូបស្រីមួយ យ៉ាងស្អាតឣស្ចារ្យ ដែលស្អិតស្អាងខ្លួនសុទ្ធតែមាសទាំងឣស់ដើម្បីឲ្យកូនមើល ។ ឣនិត្ថិគន្ធកុមារ គ្រាន់តែបានឃើញរូបចម្លាក់ដែលស្អាតនោះភ្លាម ក៏កើតសេចក្តីស្រឡាញ់ ចង់បានភរិយា យ៉ាងខ្លាំង ហើយប្រាប់មាតាបិតា ថា “បើរកស្រីដែលមានរូបស្អាត ដូចជារូបចម្លាក់ស្រីនេះ ទើបខ្ញុំព្រមយក” ។ មាតាបិតា បានឲ្យគេដើរទៅស្វែងរកស្រីណាដែលមានរូបស្អាត គ្រប់ភូមិស្រុក និគម ជនបទ តូចធំ រហូតដល់បានចួបប្រទះនឹងស្រីក្រមុំម្នាក់ នៅក្នុង សាគលនគរ ជាស្រីដែលមានរូបស្អាត ជាងរូបចម្លាក់មាសនោះទៅទៀត ។
គ្រានោះ ឣនិត្ថិគន្ធកុមារ គ្រាន់តែបានឮថា ស្រីដែលរកបាន នោះ ជាស្រីមានរូបរាងស្អាត ជាងរូបចម្លាក់មាស ក៏មានចិត្តត្រេកឣរ យ៉ាងខ្លាំង ហើយបានឲ្យមាតាបិតាប្រញាប់ ចូលទៅស្តីដណ្តឹងនាងនោះមកឲ្យបាន ។
មាតាបិតា ក៏បានប្រញាប់ចូលទៅស្តីដណ្តឹងនាងនោះ តាមច្បាប់ប្រពៃណី លុះស្តីដណ្តឹងបានហើយ ក៏នាំនាងនោះមក កាន់ផ្ទះរបស់ខ្លួន ពេលធ្វើដំណើរមកដល់ពាក់កណ្តាលផ្លូវ, ស្រីក្រមុំនោះ ក៏បានធ្វើកាលកិរិយា ។
ឣនិត្ថិគន្ធកុមារ លុះបានដឹងថា នាងបានស្លាប់ហើយ នៅតាមផ្លូវ ក៏កើតទុក្ខទោមនស្ស សោកស្តាយនាង យ៉ាងក្រៃលែង ។
ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃសោតាបត្តិផល របស់ឣនិត្ថិគន្ធកុមារនោះហើយ ទើបទ្រង់សម្តែងធម្មីកថា ដើម្បីរម្ងាប់នូវសេចក្តីសោកសៅ ឲ្យបានធូរស្រាលហើយ ទើបព្រះ ឣង្គត្រាស់នូវព្រះគាថានេះ ថា ៖
កាមតោ ជាយតេ សោកោ កាមតោ ជាយតេ ភយំ
កាមតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។

សេចក្តីសោក កើតមកឣំពីកាម ភ័យកើតមកឣំពីកាម, កាលបើបុគ្គលរួចស្រឡះចាកកាមហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។

រឿង ក្សត្រលិច្ឆវី

រឿង ក្សត្រលិច្ឆវី



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកក្សត្រលិច្ឆវី ដែលទ្រង់ ប្រដាប់ប្រដាគ្រឿងឣលង្ការគ្រប់បែបយ៉ាង ដូចជាពួកទេវតា នាឋានត្រៃត្រិង្សទេវលោក ស្តេចយាងទៅកំសាន្តព្រះឧទ្យានហើយ បាន ដណ្តើមយកស្រីសោភិនីម្នាក់ រហូតដល់កាប់សម្លាប់គ្នា ឈាមដាបពោះដំរី បីដូចជាទឹកសមុទ្រ ។
ព្រះសាស្តា ស្តេចយាងទៅបិណ្ឌបាត ជាមួយភិក្ខុសង្ឃ ក្នុង ក្រុងវេសាលី ទ្រង់ទតព្រះនេត្រឃើញនូវហេតុនេះហើយ ទើបទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ សេចក្តីសោកក្តី ភ័យក្តី កាលកើតឡើង រមែងឣាស្រ័យនូវសេចក្តីត្រេកត្រឣាល ទើបកើតឡើងបាន” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
រតិយា ជាយតេ សោកោ រតិយា ជាយតេ ភយំ
រតិយា វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។

សេចក្តីសោក កើតមកឣំពីតម្រេក ភ័យកើតមកឣំពីតម្រេក កាលបុគ្គលរួចស្រឡះចាកតម្រេកហើយ សេចក្តីសោក ក៏លែងមាន ភ័យ នឹងមានមកអំពីណា ។

អត្ថបទទើបអានហើយ