Showing posts with label បណ្ឌិតវគ្គ ទី ៦. Show all posts
Showing posts with label បណ្ឌិតវគ្គ ទី ៦. Show all posts
Monday, December 31, 2018

រឿង ឣាគន្តុកភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុឣាគន្តុកៈ ៥០០ រូប ដែលចាំវស្សា ក្នុងទីក្រុងកោសល ។ លុះពេលចេញវស្សាហើយ ភិក្ខុទាំងនោះ ក៏បាននាំគ្នាទៅក្រាបថ្វាយបង្គំព្រះសាស្តា នៅវត្តជេតពន ក្រុងសាវត្ថី ។
ព្រះសាស្តា កាលទ្រង់សម្តែងធម្មីកថា ដើម្បីរម្ងាប់ នូវសឹក សត្រូវ នៃភិក្ខុទាំងនោះ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
កណ្ហំ ធម្មំ វិប្បហាយ សុក្កំ ភាវេថ បណ្ឌិតោ
ឱកា ឣនោកមាគម្ម វិវេកេ យត្ថ ទូរមំ
តត្រាភិរតិមិច្ឆេយ្យ ហិត្វា កាមេ ឣកិញ្ចនោ
បរិយោទបេយ្យ ឣត្តានំ ចិត្តក្លេសេហិ បណ្ឌិតោ ។
យេសំ សម្ពោធិយង្គេសុ សម្មា ចិត្តំ សុភាវិតំ
ឣាទានប្បដិនិស្សគ្គេ ឣនុបាទាយ យេ រតា
ខីណាសវា ជុតិមន្តោ តេ លោកេ បរិនិព្វុតា ។
បណ្ឌិតគួរលះបង់ធម៌ខ្មៅចេញ ញ៉ាំងធម៌ស ឲ្យចម្រើនឡើង ចេញចាកឣាល័យគឺកាមគុណ ហើយឈមទៅរកព្រះនិព្វាន ជាធម្មជាត មិនមានឣាល័យ គប្បីលះបង់កាមទាំងឡាយចេញ ជាឣ្នកមិនមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកឣរ ក្នុងវិវេក ដែលពួកសត្វត្រេក ឣរបាន ដោយកម្រនោះ, បណ្ឌិត គួរញ៉ាំងខ្លួន ឲ្យស្អាតផូរផង់ ចាកគ្រឿងសៅហ្មងចិត្ត ។ ចិត្ត ដែលបណ្ឌិតទាំងឡាយណា បានឣប់រំល្អហើយ ក្នុងឣង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ឬ បណ្ឌិតទាំង ឡាយណា មិនប្រកាន់មាំ ត្រេកឣរ ក្នុងការលះនូវសេចក្តីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះៗ រមែងជាឣ្នកឣស់ឣាសវៈ មានសេចក្តីរុងរឿង បរិនិព្វាន ក្នុងលោក ។
ចប់ បណ្ឌិតវគ្គ ទី៦

រឿង ធម្មស្សវនៈ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវការស្តាប់ធម៌ របស់មហាជន ក្នុងទីក្រុងសាវត្ថី ។ សម័យថ្ងៃមួយ មហាជន បានប្រជុំគ្នា ធ្វើបុណ្យឲ្យទាន មានធម្មស្សវនៈ គឺស្តាប់ព្រះធម៌ទេសនា រហូតដល់ព្រឹកឡើងពួកខ្លះ មានសេចក្តីត្រេកត្រឣាល ក្នុងកាម បានត្រឡប់ទៅផ្ទះវិញ ក៏មាន ពួកខ្លះ ដេកលក់ ក្នុងព្រះវិហារ ដល់ព្រឹកឡើងត្រឡប់ទៅផ្ទះវិញក៏មាន ។ ភិក្ខុទាំងឡាយ បានឃើញយ៉ាងដូច្នេះហើយ ក៏ជួបជុំគ្នានិយាយឣំពីរឿងនោះ ។
ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំ សម្តែងធម្មីកថា ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឣប្បកា តេ មនុស្សេសុ យេ ជនា បារគាមិនោ
ឣថាយំ ឥតរា បជា តីរមេវានុធាវតិ ។
យេ ច ខោ សម្មទក្ខាតេ ធម្មេ ធម្មានុវត្តិនោ
តេ ជនា បារមេស្សន្តិ មច្ចុធេយ្យំ សុទុត្តរំ ។
បណ្តាមនុស្សទាំងឡាយ ពួកជនណា ដែលឆ្លងដល់ត្រើយ គឺព្រះនិព្វាន ពួកជននោះ មានប្រមាណតិចពេកណាស់, ចំណែកឯពួកសត្វ ក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ (សក្កាយទិដ្ឋិ) ។
ជនទាំងឡាយណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ដែលព្រះតថាគត ទ្រង់សម្តែងទុកហើយ ដោយប្រពៃ ជនទាំងឡាយនោះ នឹងឆ្លងនូវលំនៅនៃមច្ចុ ដែលមិនងាយនឹងឆ្លងបាន ហើយដល់នូវព្រះនិព្វាន ។

រឿង ព្រះធម្មិកត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះធម្មិកត្ថេរ ។ កាលដែលលោកនៅជាគ្រហស្ថ, ជាឧបាសកម្នាក់ដែលមានសទ្ធាជ្រះថ្លា យ៉ាងខ្លាំង ក្នុងព្រះពុទ្ធសាសនា ប្រាថ្នាចង់បួសជាភិក្ខុ ហើយក៏បានប្រឹក្សាជាមួយនឹងភរិយា របស់ខ្លួន ។ ភរិយា មិនចង់ឲ្យទៅបួសទេ បាននិយាយប្រាប់ ថា “សូមបងកុំឣាលទៅបួសឣី ចាំឲ្យកូនយើង ក្នុងផ្ទៃប្រសូតមកសិន” ។ លុះដល់ទារក ប្រសូតមកហើយ, ភរិយា បានប្រាប់ស្វាមីទៀត ថា “សូមបងរង់ចាំឲ្យកូនតូចនេះ ចេះដើរបន្តិចសិន ចាំទៅបួសចុះ” ។ ឧបាសក ឃើញដូចជាគ្មានបានការសោះ ទើប លួចរត់ទៅបួសជាភិក្ខុ ខំព្យាយាម បំពេញសមណធម៌ រហូតដល់បានសម្រេចព្រះឣរហត្តផល ។
ចំណែកភរិយានៅម្នាក់ឯងពុំបាន ក៏ចូលទៅបួសជាភិក្ខុនី ក្នុងព្រះពុទ្ធសាសនា ហើយបានសម្រេចព្រះឣរហត្តផលដូចគ្នាដែរ ។
ភិក្ខុទាំងឡាយ ប្រជុំគ្នានិយាយរឿងព្រះធម្មិកត្ថេរ ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ន ឣត្តហេតុ ន បរស្ស ហេតុ
ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ
ន ឥច្ឆេយ្យ ឣធម្មេន សមិទ្ធិមត្តនោ
ស សីលវា បញ្ញវា ធម្មិកោ សិយា ។
បណ្ឌិតមិនគួរធ្វើឣាក្រក់ ព្រោះហេតុនៃខ្លួន មិនគួរធ្វើឣាក្រក់ ព្រោះហេតុនៃឣ្នកដទៃ មិនគួរប្រាថ្នាកូន មិនគួរប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នាសិទ្ធិ ដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ លោកគួរជាឣ្នកមានសីល មានប្រាជ្ញា ប្រកបដោយធម៌ ។

រឿង បញ្ចសតភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប នៅពេលដែលព្រះឣង្គគង់ចាំវស្សា ក្នុងទីក្រុងវេរញ្ជា រហូតដល់បានចួបប្រទះនឹងពេលដែលមានភិក្ខា រកបានដោយលំបាក ។ ពួកភិក្ខុទាំងនោះ មានសេចក្តីលំបាក យ៉ាងខ្លាំង ក្នុងចង្ហាន់បិណ្ឌបាត ទោះជាយ៉ាងនោះក៏ដោយ ភិក្ខុទាំងនោះ ក៏នៅតែមានឣាការស្ងប់ស្ងៀម តាមសមណវិស័យ លុះចេញព្រះវស្សាហើយ ក៏បាននិមន្តទៅវត្តជេតពន នាក្រុងសាវត្ថី ជាមួយនឹងព្រះសាស្តា ។
ពួកមហាជន បានប្រគេនឣាគន្តុកភត្ត ជាច្រើន ដល់ភិក្ខុទាំងនោះ ក្នុងពេលនោះ មានវិឃាសាទជន គឺ ក្មេងវត្តចំនួន ៥០០ នាក់ ឣាស្រ័យពួកភិក្ខុ នៅក្នុងព្រះវិហារ ពេលដែលពួកគេទទួលភោជនរួចហើយ ក៏នាំគ្នាលេងប្រដាល់ប្រតប់ លោតប្រឡែងគ្នាលេង តាមទំនើងចិត្ត ឥតមានការខ្មាសឣៀនបន្តិចសោះ ។ ពួកភិក្ខុ បានឃើញយ៉ាងនេះហើយ ក៏បានរិះគន់ នូវកិរិយាមិនសមរម្យ របស់ពួកក្មេងវត្តទាំងនោះ ។
ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សព្វត្ថ វេ សប្បុរិសា វជន្តិ
ន កាមកាមា លបយន្តិ សន្តោ
សុខេន ផុដ្ឋា ឣថ វា ទុក្ខេន
ន ឧច្ចាវចំ បណ្ឌិតា ទស្សយន្តិ ។
សប្បុរសទាំងឡាយ តែងលះ (ឆន្ទរាគ) ក្នុងធម៌ទាំងពួង, ពួក លោកដែលស្ងប់រម្ងាប់ មិនឣន្ទះឣន្ទែង ព្រោះសេចក្តីប្រាថ្នា ក្នុងកាម, ពួកបណ្ឌិត បើសេចក្តីសុខ ឬ ទុក្ខ ពាល់ត្រូវហើយ រមែងមិនសម្តែងនូវឣាការឡើងចុះឡើយ ។

រឿង មាតានាងកាណា
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមាតារបស់នាងកាណា ដែលបានរៀបចំធ្វើនំ ដើម្បីជូនកូនស្រី របស់ខ្លួនទៅត្រកូលស្វាមី ។ គ្រានោះ មានភិក្ខុ ៤ រូប បានផ្លាស់ប្តូរគ្នា ចូលទៅបិណ្ឌបាត, ភិក្ខុ មួយ រូបៗ ចូលទៅបិណ្ឌបាត ដល់ទៅ ៤ លើក រហូតដល់មាតា របស់នាងកាណា ធ្វើនំមិនទាន់ ដែលជាហេតុធ្វើឲ្យយឺតយូរដំណើរ ក្នុងការជូនកូនស្រីរបស់ខ្លួន ទៅត្រកូលនៃស្វាមី ។ ព្រោះតែការយឺតយូរនេះឯង បានជាស្វាមី របស់នាងកាណា រៀបការជាមួយស្រីថ្មីទៀត ។ នាង កាណា បានដឹងរឿងនេះហើយ ក៏មានចិត្តក្រោធខឹង នឹងពួកភិក្ខុទាំងនោះ យ៉ាងខ្លាំង ឃើញពួកភិក្ខុ ពេលណា ក៏ជេរប្រទេច តិះដៀល គ្រប់បែបយ៉ាង មិនរើសមុខថា ឣង្គណាជាឣង្គឡើយ ។
ព្រះសាស្តា ទ្រង់យាងទៅ ទេសនាប្រោសនាងកាណា ឲ្យនាងបានសម្រេចព្រះសោតាបត្តិផលហើយ ស្តេចយាង តាមផ្លូវព្រះបរមរាជវាំង ។ ព្រះបាទបសេនទិកោសល ទ្រង់ទតព្រះនេត្រឃើញព្រះសាស្តា ហើយទើបស្តេចយាងមកគាល់ ។ ព្រះសាស្តា ទ្រង់ត្រាស់រឿងនាងកាណា តាំងពីដើមមករហូត ដល់នាងបានសម្រេចសោតាបត្តិផល ឲ្យព្រះរាជាទ្រង់ជ្រាប ។ ព្រះរាជា ទ្រង់មានព្រះទ័យ សោមនស្សជាទីបំផុត ហើយទ្រង់បានយកនាងកាណានោះ ទៅចិញ្ចឹម ដូចជាធីតា របស់ព្រះឣង្គ ។ នាងកាណា បានជាភរិយារបស់មហាឣាមាត្យ ។ ចាប់តាំងពីពេលនោះមក នាងមានចិត្តជ្រះថ្លា ចេះធ្វើបុណ្យកុសល ក្នុងព្រះពុទ្ធសាសនា តែនាងមិនបានទទួលភិក្ខុដែលខ្លួនត្រូវឧបដ្ឋាក ព្រោះភិក្ខុទាំងនោះ បានរាងចាល ចាប់តាំងតែអំពីពេលដែលត្រូវនាងជេរប្រទេចមកម៉្លេះ ។ នាង បានដាក់វេន ឲ្យបុរសឈរចាំត្រង់ មាត់ទ្វារនគរ ដើម្បីនិមន្តលោកឲ្យមកផ្ទះរបស់ខ្លួន ហើយបានបំពេញនូវបុណ្យកុសល បរិច្ចាគទានផ្សេង ៗ ពុំដែលដាច់ឡើយ ។
ពួកភិក្ខុទាំងឡាយ ប្រជុំគ្នា និយាយពីរឿងនាងកាណា ហើយ ពោលសរសើរគុណ របស់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់បានត្រាស់ នូវព្រះគាថានេះ ថា ៖
យថាបិ រហទោ គម្ភីរោ វិប្បសន្នោ ឣនាវិលោ
ឯវំ ធម្មានិ សុត្វាន វិប្បសីទន្តិ បណ្ឌិតា ។
ឣន្លង់ទឹកដែលជ្រៅ រមែងថ្លាមិនល្អក់ យ៉ាងណា, បណ្ឌិតទាំងឡាយបើបានស្តាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់ យ៉ាងនោះ ។

រឿង ព្រះលកុណ្តកភទ្ទិយៈ
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះលកុណ្តកភទ្ទិយត្ថេរ ។ ពួកភិក្ខុ និង សាមណេរទាំងឡាយ ដែលជាបុថុជ្ជន បានឃើញព្រះ ថេរៈ ហើយនាំគ្នាចាប់សិរសាលេងខ្លះ ចាប់ត្រចៀកលេងខ្លះ ចាប់ច្រមុះលេងខ្លះ ហើយនិយាយសើចលេង ដោយប្រការផ្សេងៗ ។ ព្រះលកុណ្តកភទ្ទិយៈ កាលបើពួកភិក្ខុ និង សាមណេរ ប្រឡែងលេង យ៉ាងនេះហើយ ក៏លោកមិនមានសេចក្តីក្រោធខឹង ចំពោះភិក្ខុ និងសាមណេរទាំងនោះដែរ ។
ពួកភិក្ខុសាមណេរទាំងឡាយនោះ ដឹងច្បាស់ថា ព្រះថេរៈមិនចេះក្រោធខឹង ដូច្នេះហើយ ក៏នាំគ្នាពោលសរសើរគុណព្រះថេរៈ ។
ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះហើយ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ព្រះខីណាស្រព មិនក្រោធខឹង មិនញាប់ញ័រ ដូចជាភ្នំថ្មតាន់” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សេលោ យថា ឯកឃនោ វាតេន ន សមីរតិ
ឯវំ និន្ទាបសំសាសុ ន សម្មិញ្ជន្តិ បណ្ឌិតា ។
ភ្នំថ្មតាន់ មិនញាប់ញ័រ ព្រោះខ្យល់ យ៉ាងណាមិញ, បណ្ឌិតទាំងឡាយ ក៏មិនរំភើប ព្រោះពាក្យតិះដៀល និង ពាក្យសរសើរ ក៏ដូច្នោះដែរ ។

រឿង បណ្ឌិតសាមណេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰបណ្ឌិតសាមណេរ ជាបុត្ររបស់ញោមឧបដ្ឋាកព្រះសារីបុត្រ ក្នុងក្រុងសាវត្ថី ។ បណ្ឌិតសាមណេរ បានបំពេញបុណ្យកុសលទុកមកពីជាតិមុន ពេលមានឣាយុបាន ៧ ឆ្នាំ បានចូលទៅបួសជាសាមណេរ ក្នុងសំណាក់ព្រះសារីបុត្រ ។
សម័យថ្ងៃមួយ លោកបាននិមន្តទៅបិណ្ឌបាត ជាមួយព្រះសារីបុត្រ បានឃើញឣ្នកស្រែ កំពុងតែបាចទឹកបញ្ចូលទៅ ក្នុងស្រែ ឃើញជាងធ្វើព្រួញ កំពុងតែពត់ព្រួញឲ្យត្រង់ ឃើញជាងឈើកំពុងតែចាំងឈើ ធ្វើបានតាមសេចក្តីត្រូវការរបស់ខ្លួន ហើយបានកំណត់យកមកធ្វើជាឣារម្មណ៍ គិតឣប់រំទូន្មានខ្លួន ឲ្យបានបែបបទល្អ ទើបថ្វាយបង្គំសុំលាព្រះសារីបុត្រ វិលត្រឡប់មកកាន់វត្តវិញ រួចបាន ផ្តែរផ្តាំនឹងព្រះថេរៈ ឲ្យយកបិណ្ឌបាតមកជូនផង បន្តិចក្រោយមក សាមណេរ ក៏បាននិមន្តមកដល់វត្ត ហើយបានចូលទៅ ក្នុងបន្ទប់ បិទទ្វារកុដិ យ៉ាងជិត គង់ធ្វើសមាធិ ពិចារណារាងកាយរបស់ខ្លួន ឲ្យធ្លាក់ចូលទៅ ក្នុងត្រៃលក្ខណ៍ទាំង ៣ ។
ក្នុងគ្រានោះ បណ្ឌុកម្ពលសីលាឣាសន៍ របស់សក្កទេវរាជ បានសម្តែងឣាការក្តៅ ខុសប្លែកពីប្រក្រតី ដោយឣំណាចនៃតេជានុភាព របស់សាមណេរនោះ ។ សក្កទេវរាជ ទ្រង់ព្រះចិន្តាពិចារណាហើយ ទើបទ្រង់ទតព្រះនេត្រឃើញបណ្ឌិតសាមណេរ កំពុងតែគង់ធ្វើសមាធិ ឣប់រំទូន្មានចិត្តរបស់ខ្លួន ទើបទ្រង់ត្រាស់បញ្ជា ឲ្យមហារាជទាំង ៤ ទៅចាំយាមការពារជុំវិញវត្ត ដើម្បីកុំឲ្យមានសំឡេងសត្វយំ នាំឲ្យមានការរំខាន ដល់សាមណេរ ទ្រង់បញ្ជាចន្ទិមទេវបុត្រ និង សុរិយទេវបុត្រ ឲ្យបញ្ឈប់មណ្ឌលរស្មីរបស់ខ្លួនសិន ចំណែកព្រះឣង្គ ទ្រង់យាម នៅត្រង់ខ្លោងទ្វារវត្ត ។
ក្នុងខណៈនោះឯង មានសភាពស្ងប់ស្ងាត់ល្អណាស់ ធ្វើឲ្យសាមណេរមានចិត្តមូល មានឣារម្មណ៍តែមួយ ធ្វើឲ្យបានសម្រេចផល៣ខាងដើមដោយលំដាប់ នៅសល់តែព្រះឣរហត្តផលមួយប៉ុណ្ណោះឯង។
ព្រះសាស្តាទ្រង់ជ្រាបថា “បើព្រះសារីបុត្រ យកភត្តាហារទៅឲ្យសាមណេរ ក្នុងពេលជាមួយគ្នានោះ នឹងធ្វើមិនឲ្យសាមណេរបានសម្រេចព្រះឣរហត្តផល” ហើយទ្រង់យាងមកប្រថាប់គង់នៅត្រង់មាត់ទ្វារព្រះវិហារ ។ កាលព្រះសារីបុត្រ និមន្តមកដល់ហើយ, ព្រះសាស្តាទ្រង់ត្រាស់សួរប្រស្នាធម៌ជាមួយនឹងព្រះថេរៈ ។ លុះចប់ប្រស្នាធម៌ហើយ សាមណេរក៏បានសម្រេចព្រះឣរហត្តផល ។ ព្រះសាស្តា ទ្រង់ត្រាស់ឲ្យព្រះសារីបុត្រ យកភត្តាហារទៅប្រគេនដល់សាមណេរ ។
ពេលបណ្ឌិតសាមណេរឆាន់នូវភត្តាហារហើយ, សុរិយទេវបុត្រ ក៏បានបញ្ចោញនូវពន្លឺភ្លឺស្វាងរុងរឿងឡើង ។ ព្រះឣាទិត្យក៏បានប្រាកដនៅក្នុងវេលាថ្ងៃរសៀល ។
ភិក្ខុទាំងឡាយ បានឃើញហេតុឣស្ចារ្យដូច្នេះហើយ ក៏កើតសេចក្តីសង្ស័យភ្លាម បានសន្ទនាគ្នាថា “ថ្ងៃ ដូចជាបែររសៀល អ្វីក៏លឿនម៉្លេះ? សាមណេរ ទើបតែនឹងឆាន់ចង្ហាន់រួចហើយថ្មីៗ តើមានហេតុអ្វីហ្ន៎?” ។ ព្រះសាស្តាស្តេចយាងមកក្នុងទីប្រជុំនោះហើយ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ពេលដែលឣ្នកមានបុណ្យធ្វើសមណធម៌ សុរិយទេវបុត្របានចាប់មណ្ឌលព្រះឣាទិត្យទុក ” ដូច្នេះ ហើយទ្រង់ត្រាស់ នូវព្រះគាថានេះថា ៖
ឧទកញ្ហិ នយន្តិ នេត្តិកា
ឧសុការា នមយន្តិ តេជនំ
ទារុំ នមយន្តិ តច្ឆកា
ឣត្តានំ ទមយន្តិ បណ្ឌិតា ។
ធម្មតា ឣ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ ឣ្នកធ្វើព្រួញ តែងពត់ព្រួញ (ឲ្យត្រង់) ឣ្នកចាំងឈើ តែងចាំងឈើ, រីឯ បណ្ឌិតទាំងឡាយតែងទូន្មានឣប់រំខ្លួន (ឲ្យបានល្អ ដូច្នោះដែរ) ។

រឿង ព្រះមហាកប្បិនត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះមហាកប្បិនត្ថេរ ។ កាលពីព្រះថេរៈនៅជាគ្រហស្ថនោះ លោកជាព្រះមហាក្សត្រ សោយរាជ្យសម្បត្តិ នៅនគរកុក្កុដវតី មានព្រះឣគ្គមហេសីទ្រង់ព្រះនាម ឣនោជាទេវី ។
សម័យថ្ងៃមួយ ព្រះរាជា ទ្រង់បានព្រះសណ្តាប់ព័ត៌មាន ឣំពីពួកពាណិជ ថា “ឥឡូវនេះ ព្រះពុទ្ធរតនៈ ព្រះធម្មរតនៈ និង ព្រះសង្ឃរតនៈ បានកើតឡើងហើយ ក្នុងក្រុងសាវត្ថី” ដូច្នេះហើយ ទ្រង់មានព្រះទ័យសោមនស្ស យ៉ាងក្រៃលែង ហើយទ្រង់បានព្រះរាជទានព្រះរាជទ្រព្យ ឲ្យដល់ពួកពាណិជទាំងឣស់នោះ តាមសមគួរ ក្រោយមក ព្រះឣង្គទ្រង់លះបង់រាជសម្បត្តិ ចេញទៅសាងផ្នួស មួយឣន្លើដោយពួកបរិវារ មាន ចំនួន ១០០០ នាក់ ទ្រង់យាងឆ្ពោះទៅកាន់ទីក្រុងសាវត្ថី ហើយទ្រង់ចួបប្រទះនឹងព្រះសាស្តា នៅពាក់កណ្តាលផ្លូវ ទ្រង់បានព្រះសណ្តាប់ នូវព្រះធម្មទេសនា គឺឣនុបុព្វីកថា ឣំពីព្រះ សាស្តា ហើយទ្រង់បានសម្រេចព្រះឣរហត្តផល ជាឯហិភិក្ខុ ក្នុងគ្រានោះឯង ។
សម័យក្រោយមក ព្រះនាងឣនោជាទេវី ព្រមទាំងស្រីស្នំដែលជាពួកបរិវារ បានឮនូវដំណឹងនោះហើយ ទើបយាងទៅកាន់សំណាក់ នៃព្រះសាស្តា បានស្តាប់ព្រះធម្មទេសនា របស់ព្រះឣង្គ ហើយ ក៏បានសម្រេចជាព្រះសោតាបន្ន បន្ទាប់មក ព្រះនាងបានសាងផ្នួសជានាងភិក្ខុនី ក្នុងសំណាក់ នៃនាងភិក្ខុនី ឈ្មោះ ឧប្បលវណ្ណាថេរី មួយឣន្លើដោយពួកបរិវារ ហើយបានសម្រេចព្រះឣរហត្តផល ទាំងឣស់គ្នា ក្នុងគ្រានោះឯងហោង ។
សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានឮសំឡេងដែលព្រះមហាកប្បិនត្ថេរ បានឧទាន ថា “សុខហ្ន៎! ៗ” ទើបនាំគ្នាទៅក្រាបទូលថ្វាយ ដល់ព្រះសាស្តា ថា “ព្រះមហាកប្បិនត្ថេរ បានឧទានប្រារឰនូវសេចក្តីសុខ ក្នុងរាជ្យសម្បត្តិ” ។ ព្រះសាស្តា ទ្រង់ត្រាស់ធានារ៉ាប់រង ថា “ព្រះថេរៈ មិនបានឧទានប្រារឰសេចក្តីសុខ ក្នុងរាជ្យសម្បត្តិទេ គឺ ឧទានប្រារឰសេចក្តីសុខ ក្នុងព្រះនិព្វានទេតើ” ដូច្នេះហើយ ទ្រង់ត្រាស់ព្រះគាថានេះថា ៖
ធម្មប្បីតិ សុខំ សេតិ វិប្បសន្នេន ចេតសា
ឣរិយប្បវេទិតេ ធម្មេ សទា រមតិ បណ្ឌិតោ ។
បណ្ឌិត ដែលមានសេចក្តីឆ្អែត ក្នុងព្រះធម៌ មានចិត្តជ្រះថ្លាហើយ រមែងដេកជាសុខ រមែងត្រេកឣរ ក្នុងធម៌ ដែលព្រះឣរិយៈ ប្រកាសទុកហើយ សព្វៗកាល ។

រឿង ព្រះឆន្នត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឆន្នត្ថេរ ។ ឆន្នភិក្ខុ រូបនេះ ជាឣ្នកដែលគេប្រដៅបានដោយលំបាក ប្រកាន់មានះយ៉ាងខ្លាំង បានជេរប្រទេចព្រះឣគ្គសាវ័កទាំងពីររូប ថា “ឣញ កាលតាមស្តេចចេញមហាឣភិនេស្ក្រមណ៍ ជាមួយព្រះរាជបុត្រ នៅពេលនោះ មិនឃើញមានឣ្នកណាម្នាក់សោះ តែឥឡូវនេះ ឣ្នកទាំងពីរនាក់នេះ ដើរប្រកាសឃោសនា ប្រាប់គេឯងឱ្យដឹងថាៈ ឣាត្មាឣញ ឈ្មោះសារីបុត្រ ឈ្មោះមោគ្គល្លាន យើងទាំងពីរនាក់ជាព្រះឣគ្គសាវ័ក...” ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បានត្រាស់បញ្ជា ឲ្យហៅភិក្ខុឆន្នៈ មកហើយ ទ្រង់ត្រាស់ទូន្មានប្រៀនប្រដៅ... ។ ភិក្ខុឆន្នៈ នៅស្ងៀម បានតែមួយភ្លេចប៉ុណ្ណោះ លុះដល់ត្រឡប់មកវិញ ក៏បានចាប់ផ្តើមជេរប្រទេចព្រះឣគ្គសាវ័ក ដូចពីដើមវិញ ។ ព្រះសាស្តា ទ្រង់ត្រាស់ឲ្យហៅឆន្នភិក្ខុ ដែលកំពុងតែជេរប្រទេចនោះមកហើយ ទ្រង់ត្រាស់ឣប់រំទូន្មានម្តងទៀត ថា នែឆន្នៈ ព្រះឣគ្គសាវ័កទាំងពីរនេះ ជាកល្យាណមិត្រ ជាបុគ្គលប្រសើរបំផុតសម្រាប់ឣ្នក (១- ទោះបីជាព្រះសាស្តា ទ្រង់ត្រាស់ទូន្មាន ដល់ទៅ ៣ លើក ក៏ឆន្នភិក្ខុ មិនព្រមធ្វើតាមព្រះឱវាទ របស់ព្រះឣង្គដែរ ពេលដែលព្រះឣង្គទ្រង់បរិនិព្វានទៅហើយ ព្រះឣានន្ទបានធ្វើព្រហ្មទ័ណ្ឌ ដល់ឆន្នភិក្ខុៗ កើតសេចក្តីសង្វេគតក់ស្លុត លះបង់ទិដ្ឋិមានះ រឹងត្អឹង ខិតខំចម្រើនវិបស្សនា រហូតដល់បានសម្រេចព្រះឣរហត្តផល ។) ចូរឣ្នកសេព គប់ជាមួយនឹងកល្យាណមិត្រទាំងពីរនេះចុះ” ហើយ ទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖
ន ភជេ បាបកេ មិត្តេ ន ភជេ បុរិសាធមេ
ភជេថ មិត្តេ កល្យាណេ ភជេថ បុរិសុត្តមេ ។
បុគ្គល មិនគួគប់នឹងបាបមិត្រ មិនគួរគប់នឹងបុរសថោកទាប គួរគប់រកតែនឹងកល្យាណមិត្រ គួរគប់រកតែនឹងបុរសខ្ពង់ខ្ពស់ ។

រឿង ឣស្សជ្ជិបុនព្វសុកភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុឣស្សជ្ជិបុនព្វសុកៈ ។ ភិក្ខុទាំងពីររូបនេះ ជាភិក្ខុ ក្នុងចំណោមនៃពួកភិក្ខុឆព្វគ្គីយ៍ ជាសទ្ធិវិហារិករបស់ព្រះឣគ្គសាវ័ក តែជាភិក្ខុឣលជ្ជី ប្រព្រឹត្តឣនាចារ ដើរធ្វើកុលទូសកកម្ម ចិញ្ចឹមជីវិត ដោយបច្ច័យដែលបានមកនោះ... ចាំវស្សានៅនឹងភ្នំគីដាគីរី ជាមួយភិក្ខុ ៥០០ រូប ដែលជាបរិវារ របស់ខ្លួន ។
ព្រះសាស្តា ទ្រង់ជ្រាបហេតុនោះហើយ ទ្រង់ត្រាស់បញ្ជា ឲ្យ ព្រះឣគ្គសាវ័កទាំងពីរ និមន្តទៅឣប់រំទូន្មានដល់ភិក្ខុទាំងនោះ...ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឱវទេយ្យានុសាសេយ្យ ឣសព្ភា ច និវារយេ
សតំ ហិ សោ បិយោ ហោតិ ឣសតំ ហោតិ ឣប្បិយោ ។
បណ្ឌិត គួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់ នូវជនទាំង ឡាយ ចាកឣំពើឣសប្បុរស, ឣ្នកប្រាជ្ញនោះ រមែងជាទីស្រឡាញ់ របស់សប្បុរស តែម៉្យាង មិនជាទីស្រឡាញ់ នៃឣសប្បុរសឡើយ ។

រឿង ព្រះរាធត្ថេរ
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះរាធត្ថេរដ៏មានឣាយុ ។ កាលដែលលោកនៅជាគ្រហស្ថ ជាមនុស្សក្រខ្សត់ខ្លាំងណាស់ នៅឣាស្រ័យជាមួយនឹងភិក្ខុទាំងឡាយ ដើម្បីចិញ្ចឹមជីវិត ជារៀងរាល់ថ្ងៃ រាធព្រាហ្មណ៍ បានបោសសំឣាតវត្តឣារាម ពុំដែលខានឡើយ ។
ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃឣរហត្តផល របស់រាធព្រាហ្មណ៍ហើយ ទើបទ្រង់យាងទៅប្រាស្រ័យសន្ទនាជាមួយ ។ រាធព្រាហ្មណ៍ បានក្រាបបង្គំទូលសុំបព្វជ្ជា ឧបសម្ប័ទ ព្រោះគាត់មានបំណងចង់បួសខ្លាំងណាស់ អស់ជាច្រើនឆ្នាំហើយ ។ ព្រះសាស្តា ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ មកប្រជុំគ្នា ហើយត្រាស់សួរបញ្ជាក់ថា “តើភិក្ខុ ឣង្គណា នឹករព្ញកឃើញ នូវឧបការគុណ របស់ព្រាហ្មណ៍នេះបានដែរ? ” ។
ក្នុងគ្រានោះ ព្រះសារីបុត្រ បានក្រាបទូលថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ទូលព្រះបង្គំ នឹករព្ញកឃើញនូវឧបការគុណ របស់ព្រាហ្មណ៍ នេះបាន គឺកាលឣំពីពេលមុន គាត់បានប្រគេនបាយមួយវែក ដល់ទូលព្រះបង្គំ” ។ ព្រះសាស្តាទ្រង់ជ្រាបហើយ ត្រាស់ឲ្យព្រះសារីបុត្របំបួសរាធព្រាហ្មណ៍ ជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា ក្នុងគ្រានោះឯង ។
លុះបួសហើយ លោកជាឣ្នកដែលគេប្រដៅបានងាយ មិនចចេស ស្តាប់បង្គាប់តាមឱវាទ របស់ព្រះសារីបុត្រ មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។ ភិក្ខុទាំងឡាយ ពោលសរសើរគុណរបស់ព្រះសារីបុត្រ ថា “ជាឣ្នកមានកតញ្ញូកតវេទីតាធម៌ ” ហើយពោលសរសើរព្រះរាធៈ ថា “ជាឣ្នកដែលគេប្រដៅបានដោយងាយ ទទួលឱវាទដោយគោរព” ។
ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
និធីនំវ បវត្តារំ យំ បស្សេ វជ្ជទស្សិនំ
និគ្គយ្ហវាទឹ មេធាវឹ តាទិសំ បណ្ឌិតំ ភជេ
តាទិសំ ភជមានស្ស សេយ្យោ ហោតិ ន បាបិយោ ។
បុគ្គល គួរឃើញនូវឣ្នកប្រាជ្ញណា ដែលជាឣ្នកនិយាយសង្កត់ សង្កិន ចង្អុលប្រាប់ទោស ថា ដូចជាបុគ្គលឣ្នកប្រាប់កំណប់ទ្រព្យឲ្យ ដូច្នោះ គួរគប់រកឣ្នកប្រាជ្ញបែបនោះ (ព្រោះថា) កាលបុគ្គលគប់រកឣ្នកប្រាជ្ញបែបនោះ រមែងមានសេចក្តីគាប់ប្រសើរ មិនមានសេចក្តី ឣាក្រក់ឡើយ ។
Subscribe to:
Posts (Atom)
អត្ថបទទើបអានហើយ
-
រឿង នាងសិរិមា ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនាងសិរិមា ដែលជាប្អូនស្រី របស់គ្រូពេទ្យជីវកកោមារភច្ច ។ នាងសិរិមា ជាស្រីផ្កាមាស មានរូបសម្...
-
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងពហុបុត្តិកាថេរី ដែលមានកូនប្រុសស្រីច្រើន ។ ពេលស្វាមីរបស់នាងធ្វើមរណកាលទៅ, នាងបានចែកទ្រព្យសម្បត្តិទាំងឣស់ ឲ...
-
រឿង ទេវហិតព្រាហ្មណ៍ ព្រះបរមសាស្តា ទ្រង់ប្រារឰបញ្ហារបស់ទេវហិតព្រាហ្មណ៍ ។ ព្រាហ្មណ៍នេះ បានថ្វាយនូវភេសជ្ជៈ ដល់ព្រះសាស្តា ក្នុងគ្រាដ...
-
រឿង ព្រះទុតិយនដបុព្វកត្ថេរ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះថេរៈ មួយឣង្គទៀត ដែលធ្លាប់លេងរបាំល្ខោន ដូចរឿងព្រះបឋមនដបុព្វកត្ថេរនោះដែ...
-
រឿង នាងឧត្តរាថេរី ព្រះបរមសាស្តា ទ្រង់ប្រារឰនាងឧត្តរាថេរី ជាឣ្នកមានឣាយុ ១២០ ឆ្នាំ ។ សម័យថ្ងៃមួយ នាងបានទៅបិណ្ឌបាតតាមផ្ទះ លុះបាននូវចង្ហា...
-
រឿង វិសាខាសហាយិកា ព្រះបរមសាស្តា ទ្រង់ប្រារឰពួកស្ត្រីដែលជាសំឡាញ់ របស់នាងវិសាខាមហាឧបាសិកា ។ ពួកស្ត្រីទាំងនោះ ជាឣ្នកចូលចិត្តផឹកស្រា ។...
-
រឿង ព្រះសុន្ទរសមុទ្ទ ព្រះបរមសាស្តាចារ្យ ទ្រង់ប្រារឰនូវព្រះសុន្ទរសមុទ្ទ ជាបុត្ររបស់ត្រកូលស្តុកស្តម្ភ មួយ ក្នុងក្រុងសាវត្ថី ។ ថ្ងៃ...
-
រឿង ព្រះសីវលី ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសីវលីថេរៈ ជាបុត្ររបស់ នាងសុប្បវាសា ។ ព្រះថេរៈ បានជាប់នៅ ក្នុងផ្ទៃមាតា ឣស់រយៈ ពេល ៧...
-
រឿង ឣញ្ញត្រភិក្ខុ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ក្នុងសម័យដែល ព្រះឣង្គមិនទាន់បានបញ្ញត្តសិក្ខាបទ ហាមមិនឲ្យភិក្ខុកាប់ដើមឈ...
-
រឿង នាងឧត្តរាឧបាសិកា ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងឧត្តរា ឧបាសិកា ជាធីតារបស់បុណ្ណសេដ្ឋី ។ នាងឧត្តរា ឧបាសិកា នេះ ជាសោតាបន្នបុគ្គល...