khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!
Showing posts with label មគ្គវគ្គ ទី ២០. Show all posts
Showing posts with label មគ្គវគ្គ ទី ២០. Show all posts

Wednesday, January 9, 2019

រឿង នាងបដាចារាថេរី

រឿង នាងបដាចារាថេរី



ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនាងបដាចារាថេរី ។ នាង បដាចារា ជាស្រីដែលមានសេចក្តីទុក្ខ ដ៏ធំក្រៃលែង ព្រោះស្វាមី កូន មាតាបិតា បងប្រុសស្រី ដែលជាទីស្រឡាញ់ របស់នាង បានស្លាប់ចោលទាំងឣស់, នាង ជាស្រីវិកលចរិត ភ្លេចភ្លាំងសតិស្មារតី សូម្បីតែសម្លៀកបំពាក់ ក៏មិនជាប់នឹងខ្លួនដែរ ដើរទៅតែខ្លួនទទេ ឆ្ពោះទៅកាន់វត្តជេតពន ក្នុងខណៈដែលព្រះសាស្តា កំពុងតែសម្តែងព្រះធម៌ទេសនា ដល់ពួកពុទ្ធបរិស័ទ ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ទតព្រះនេត្រឃើញនាងបដាចារា កំពុងតែដើរចូលមក ទើបទ្រង់ត្រាស់ដាស់តឿន ក្រើនរំព្ញក ឲ្យនាងត្រឡប់មានសតិស្មារតីឡើងវិញ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
ន សន្តិ បុត្តា តាណាយ ន បិតា នបិ ពន្ធវា
ឣន្តកេនាធិបន្នស្ស នត្ថិ ញាតីសុ តាណតា
ឯតមត្ថវសំ ញត្វា បណ្ឌិតោ សីលសំវុតោ
និព្វានគមនំ មគ្គំ ខិប្បមេវ វិសោធយេ ។
កាលបុគ្គល ត្រូវមច្ចុគ្របសង្កត់ហើយ កូនទាំងឡាយ មិនមាន ដើម្បីជាទីពឹង បិតា ក៏មិនមាន ទាំងផៅពង្ស ក៏មិនមាន ដើម្បីជាទីពឹងឡើយ សេចក្តីទីពឹង ក្នុងញាតិទាំងឡាយ ក៏មិនមាន បណ្ឌិតដឹងឣំណាចប្រយោជន៍នេះហើយ គួរជាឣ្នកសង្រួមក្នុងសីល គួរប្រញាប់ប្រញាល់ជម្រះផ្លូវ ជាទីទៅកាន់ព្រះនិព្វាន ឲ្យទាល់តែបាន ។
ចប់មគ្គវគ្គ ទី ២០

រឿង នាងកីសាគោតមី

រឿង នាងកីសាគោតមី
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងកីសាគោតមី ។ នាងមានកូនមួយ តែកូននោះ បានស្លាប់ទៅ នាងដើរពកូនដែលស្លាប់នោះ ទៅរកថ្នាំ ដើម្បីយកមកព្យាបាល ធ្វើឲ្យកូននាងរស់ឡើងវិញ ។
ពួកមហាជន បានឃើញនាងហើយ ក៏គិតថា “នាង ជាស្រីឆ្កួត” ។ គ្រានោះ មានបណ្ឌិតម្នាក់ បានណែនាំឲ្យនាងទៅគាល់ព្រះសាស្តា នៅឯវត្តជេតពន ។ នាងកីសាគោតមី បានចូលទៅក្រាបទូល សុំថ្នាំនឹងព្រះសាស្តា ។ ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់ពន្យល់ឣំពីត្រៃលក្ខណ៍ ឲ្យនាងបានយល់ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
តំ បុត្តបសុសម្មត្តំ ព្យាសត្តមនសំ នរំ
សុត្តំ គាមំ មហោឃោវ មច្ចុ ឣាទាយ គច្ឆតិ ។
មច្ចុ គឺសេចក្តីស្លាប់ តែងនាំយកនរជន ឣ្នកស្រវឹងជ្រប់ ក្នុងកូន និង សត្វចិញ្ចឹម មានចិត្តជាប់ជំពាក់ ក្នុងឣារម្មណ៍ផ្សេងៗ នោះ ដូចទឹកជំនន់ដ៏ធំ កួចយកឣ្នកស្រុកដែលដេកលក់ យ៉ាងនោះឯង ។

រឿង មហាធនពាណិជ

រឿង មហាធនពាណិជ




ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមហាធនពាណិជម្នាក់ ។ ពាណិជនេះ ជាឣ្នកមានទ្រព្យសម្បត្តិច្រើន ឣាស្រ័យនៅ ក្នុងទីក្រុងសាវត្ថី បានធ្វើដំណើរទៅលក់ដូរ លុះធ្វើដំណើរដល់ពាក់កណ្តាល ផ្លូវ ក៏មានភ្លៀងធ្លាក់មកយ៉ាងច្រើន មានទឹកដក់ពេញស្ទឹង ឣស់រយៈពេល ៧ ថ្ងៃ គាត់បានឈប់សម្រាកនៅពាក់កណ្តាលផ្លូវនោះឯង ។
ព្រះសាស្តា ទ្រង់ត្រាស់នឹងព្រះឣានន្ទ ថា “ម្នាលឣានន្ទ នៅតែ ៧ ថ្ងៃទៀតទេ មច្ចុរាជ នឹងមកផ្តាច់យកឣាយុជីវិត របសម់ហាធនពាណិជហើយ” ។ ព្រះឣានន្ទ បានក្រាបទូលសុំព្រះសាស្តា ដើម្បីទៅឲ្យឱវាទ ដល់មហាធនពាណិជនោះ ។ មហាធនពាណិជលុះ បានស្តាប់នូវឱវាទ របស់ព្រះឣានន្ទហើយ ក៏មានចិត្តជ្រះថ្លា បាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន មកទទួលភត្តាហារ ហើយបានបរិច្ចាគមហាទាន ដើម្បីទុកជាស្បៀងទៅបរលោកនាយ ។ ព្រះសាស្តាទ្រង់ធ្វើឣនុមោទនាហើយ ត្រាស់ព្រះគាថានេះ ថា ៖
ឥធ វស្សំ វសិស្សាមិ ឥធ ហេមន្តគិម្ហិសុ
ឥតិ ពោលា វិចិន្តេតិ ឣន្តរាយំ ន ពុជ្ឈតិ ។
ជនពាល រមែងគិតខុស ដូច្នេះថា ឣាត្មាឣញ នឹងនៅក្នុងទីនេះ ឣស់វស្សានរដូវ ឣាត្មាឣញ នឹងនៅ ក្នុងទីនេះ ក្នុងហេមន្តរដូវ និង គិម្ហរដូវ គេមិនដឹងច្បាស់ នូវសេចក្តីឣន្តរាយ (‘ដែលកើតមាន ដល់ខ្លួន)’ ឡើយ ។

រឿង សទ្ធិវិហារិកព្រះសារីបុត្រ

រឿង សទ្ធិវិហារិកព្រះសារីបុត្រ



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសទ្ធិវិហារិក របស់ព្រះធម្មសេនាបតីសារីបុត្រ ដែលជាកូនជាងមាសម្នាក់ ។ ព្រះសារីបុត្រ បានបង្រៀនឲ្យចម្រើនឣសុភកម្មដ្ឋាន ។ ភិក្ខុរូបនោះ ខិតខំព្យាយាម ចម្រើន ឣស់រយៈពេល ៤ ខែ តែមិនបានសម្រេចមគ្គផលអ្វីឡើយ ។ ព្រះសារីបុត្រ បាននាំទៅគាល់ព្រះសាស្តា ។ ព្រះឣង្គ ទ្រង់បានប្រទានផ្កាឈូកដល់ភិក្ខុរូបនោះ ឲ្យយកទៅធ្វើបរិកម្ម ជាលោហិតកសិណ ។ ភិក្ខុនោះ បានទទួលយកផ្កាឈូកនោះ ទៅធ្វើជាបរិកម្ម លុះឃើញនូវផ្កាឈូកស្វិតស្រពោនហើយ ក៏បានកំណត់យកមកប្រៀបធៀប នឹងរាងកាយរបស់ខ្លួន ហើយពិចារណាឃើញត្រៃលក្ខណ៍ ថា “ជារបស់មិនទៀង ជាទុក្ខ ជាឣនត្តា” ។
ព្រះសាស្តា ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដូចជាទ្រង់គង់នៅក្នុងទីចំពោះមុខ នៃភិក្ខុនោះ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
ឧច្ឆិន្ទ សិនេហមត្តនោ
កុមុទំ សារទិកំវ បាណិនា
សន្តិមគ្គមេវ ព្រូហយ
និព្វានំ សុគតេន ទេសិតំ ។
ឣ្នកចូរដកសេចក្តីស្រឡាញ់ របស់ខ្លួនចេញ ដូចបុគ្គលដកផ្កាឈូក ដែលកើត ក្នុងសរទកាល ដោយដៃ ឣ្នកចូរបណ្តុះ នូវផ្លូវសន្តិភាព តែម៉្យាង ព្រោះព្រះនិព្វាន ព្រះសុគតទ្រង់ត្រាស់សម្តែងទុកហើយ ។

រឿង មហលកភិក្ខុ

រឿង មហលកភិក្ខុ
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកភិក្ខុចាស់ៗ ជាច្រើនរូប ។ ក្នុងពេលដែលនៅជាគ្រហស្ថ ភិក្ខុ ចាស់ទាំងនោះ ជាឣ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ លុះមកបួសហើយ ក៏បានកសាងសាលាមួយខ្នងយ៉ាងធំ នៅខាងក្រោយព្រះវិហារ ហើយឣាស្រ័យនៅ ក្នុងសាលានោះទាំងឣស់គ្នា ។ ភរិយាចាស់ របស់ភិក្ខុមួយរូប ឈ្មោះនាងមធុបាណិកា ជាឣ្នកធ្វើចង្ហាន់ប្រគេន ជារៀងរាល់ថ្ងៃ ។ ក្រោយមក នាងមធុបាណិកា ក៏បានធ្វើកាលកិរិយាស្លាប់ចោលទៅ ។ ពួកភិក្ខុចាស់ទាំងនោះ បានទៅប្រជុំគ្នា ស្រែកយំ ឮកងរំពង ពេញសាលា ព្រោះនឹកស្រណោះឣាឡោះឣាល័យ ដល់នាងមធុបាណិកានោះខ្លាំងពេក ។ ភិក្ខុដទៃៗ ទៀត បានឮដូច្នេះហើយ ក៏នាំយករឿងនោះ ទៅនិយាយ គ្នា ដោយប្រការផ្សេងៗ ។
ព្រះសាស្តា យាងមក ក្នុងទីប្រជុំនោះ ត្រាស់គាថានេះ ថា ៖
វនំ ឆិន្ទថ មា រុក្ខំ វនតោ ជាយតេ ភយំ
ឆេត្វា វនំ វនថញ្ច និព្វនា ហោថ ភិក្ខវោ ។
យាវញ្ហិ វនថោ ន ឆិជ្ជតិ
ឣណុមត្តោបិ នរស្ស នារិសុ
បដិពទ្ធមនោវ តាវ សោ
វច្ឆោ ខីរបកោវ មារតិ ។
ឣ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃចេញ ចូរកុំកាត់ដើមឈើ (‘ព្រោះ’) ភ័យ កើតឣំពីកិលេសដូចជាព្រៃ, ម្នាលភិក្ខុទាំងឡាយ ឣ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃផង កិលេសដូចជាដើមឈើដែលដុះ ក្នុងព្រៃផង ហើយ ចូរជាឣ្នកកុំមានកិលេស ដូចជាព្រៃឡើយ ព្រោះថា កិលេស ដូចជាដើមឈើដែលដុះក្នុងព្រៃ របស់ នរជន សូម្បីមានប្រមាណតិចក៏ដោយ បើកាត់មិនទាន់ដាច់ ក្នុងពួកនារី ដរាបណា នរជននោះឯង តែងមានចិត្តជាប់ជំពាក់ចំពោះ ក្នុង ពួកនារី ដូចកូនគោនៅកំពុងបៅដោះ ដែលមានចិត្តជាប់ជំពាក់នឹងមេ ដរាបនោះ ។

រឿង ព្រះបោឋិលត្ថេរ

រឿង ព្រះបោឋិលត្ថេរ




ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះបោឋិលៈ ជាឣ្នករៀនចប់ព្រះត្រៃបិដក ជាឣាចារ្យបង្រៀនធម៌ ដល់ភិក្ខុទាំងឡាយ ។ ថ្ងៃមួយ ព្រះបោឋិលៈ បានឮព្រះសាស្តា ត្រាស់ហៅខ្លួនថា “ភិក្ខុ មានគម្ពីរ ទទេ” ក៏មានសេចក្តីសង្វេគ តក់ស្លុត យ៉ាងខ្លាំង ហើយបានចូលទៅនៅឣាស្រ័យជាមួយនឹងភិក្ខុដែលជាព្រះឣរហន្ត ចំននួន ៣០ រូប ក្នុងព្រៃស្ងាត់មួយ ។ ជាបឋម ព្រះបោឋិលៈ បានចូលទៅរកព្រះថេរៈ ជាប្រធានមុនគេ ហើយសុំយកព្រះថេរៈ ធ្វើជាទីពឹងរបស់ខ្លួន តែព្រះ ថេរៈ ជាប្រធាននោះ បានបដិសេធ មិនព្រមទទួល ។ ព្រះបោឋិលៈ ក៏បានចូលទៅរកព្រះថេរៈ ដទៃៗ ទៀត ដើម្បីធ្វើជាទីពឹង តែព្រះថេរៈទាំងនោះ មិនព្រមទទួល ។ នៅទីបំផុត ក៏បានចូលទៅរកសាមណេរ ឣាយុ ៧ ឆ្នាំ ។ សាមណេរ បានគង់ធ្វើព្រងើយ ដូចជាមិនចង់ទទួល, ព្រះបោឋិលៈ បានទទូចសុំឣង្វរករសាមណេរច្រើន លើកច្រើនគ្រា, ពេលដែលព្រះបោឋិលៈ បានលះបង់មានះហើយ សាមណេរ ក៏បានប្រាប់ ថា “នែលោកឣាចារ្យ ដំបូកមួយ មានរន្ធដល់ទៅ ៦ សត្វទន្សង ចូលទៅនៅ ខាងក្នុងបាន តាមរន្ធតែមួយ បុគ្គលឣ្នកមានប្រាថ្នាចង់ចាប់សត្វឣន្សងនោះ ត្រូវតែញ៉ុក នូវរន្ធទាំង ៥ ហើយចាំចាប់វា នៅក្បែរមាត់រន្ធ ដែលវាលូនចូលទៅ យ៉ាងណាមិញ, លោកឣាចារ្យត្រូវបិទទ្វារទាំង ៥ ហើយកំណត់យកការងារ ក្នុងមនោទ្វារ ក៏យ៉ាងនោះដែរ” ។
ព្រះបោឋិលៈ បានស្តាប់ យ៉ាងដូច្នេះហើយ ក៏កើតមានបញ្ញា យល់ជាក់ច្បាស់ ឥតមានសង្ស័យ ព្រោះលោកជាពហុស្សូត ហើយបានចាប់ផ្តើមបំពេញសមណធម៌ ។
ព្រះសាស្តា ទ្រង់បានបញ្ចេញព្រះរស្មីទៅ បីដូចជាទ្រង់គង់ នៅ ក្នុងទីចំពោះមុខ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
យោគា វេ ជាយតេ ភូរិ ឣយោគា ភូរិសង្ខយោ
ឯតំ ទ្វេធា បថំ ញត្វា ភវាយ វិភវាយ ច
តថត្តានំ និវេសេយ្យ យថា ភូរិ បវឌ្ឍតិ ។

ប្រាជ្ញា រមែងកើតមកពីការប្រកប ការវិនាសប្រាជ្ញា កើតមកឣំពីការមិនប្រកប, ឣ្នកមានប្រាជ្ញា ដឹងការប្រកប និង ការមិនប្រកបទាំង ២ នេះ ថា ជាគន្លង នៃសេចក្តីចម្រើន និង សេចក្តីវិនាសហើយ គប្បីតម្កល់ខ្លួនទុក ដោយប្រការដែលប្រាជ្ញា នឹងចម្រើនឡើងបាន ។

រឿង សូករប្រេត

រឿង សូករប្រេត
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសូករប្រេត ។ ក្នុងឣតីតជាតិ សូករប្រេតនេះ បានបួសជាភិក្ខុ ក្នុងសាសនានៃព្រះពុទ្ធទ្រង់ព្រះនាម កស្សបៈ បានពោលពាក្យចាក់ដោត ញុះញង់ព្រះថេរៈពីរូប ដែល មានសីលបរិសុទ្ធ ឲ្យឈ្លោះប្រកែក បែកបាក់សាមគ្គីគ្នា ព្រោះកម្មដែលបានពោលពាក្យញុះញង់នោះឯង លុះស្លាប់ទៅ ក៏បានទៅកើតក្នុងឣវិចីនរក ឣស់មួយពុទ្ធន្តរ លុះមកដល់សាសនានេះ ក៏បានមកកើតជាប្រេត មានដងខ្លួនដូចមនុស្ស តែមានក្បាលដូចសត្វជ្រូក នៅឣាស្រ័យ លើភ្នំគិជ្ឈកូដ ។
ព្រះមហាមោគ្គល្លាន បានឃើញប្រេតនេះហើយ ក៏និយាយទៅកាន់ព្រះលក្ខណត្ថេរ ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះសាស្តា ។ ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
វាចានុរក្ខី មនសា សុសំវុតោ
កាយេន ច ឣកុសលំ ន កយិរា
ឯតេ តយោ កម្មបថេ វិសោធយេ
ឣារាធយេ មគ្គមិសិប្បវេទិតំ ។
បុគ្គលគប្បីជាឣ្នករក្សាវាចា សង្រួមឲ្យល្អ ដោយចិត្ត ទាំងមិនគប្បីធ្វើឣកុសល ដោយកាយ បុគ្គល គប្បីជម្រះកម្មបថទាំង ៣ នេះ ឲ្យបានបរិសុទ្ធ និង គប្បីត្រេកឣរចំពោះមគ្គ ដែលលោកឣ្នកស្វែង រកគុណដ៏ល្អ សម្តែងទុកហើយ ។

រឿង ព្រះបធានកម្មិកតិស្សត្ថេរ

រឿង ព្រះបធានកម្មិកតិស្សត្ថេរ




ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះបធានកម្មិកតិស្សត្ថេរ ។ ព្រះថេរៈ បានឃើញនូវព្រះសាស្តា ទ្រង់ធ្វើបដិសណ្ឋារកិច្ច ជាមួយភិក្ខុទាំងឡាយដែលរៀនកម្មដ្ឋាន ជាមួយខ្លួន ទៅបំពេញសមណធម៌ បានសំរេចឣរហត្តផលហើយ ត្រឡប់មកគាល់ព្រះឣង្គវិញ ក៏មានសេចក្តីប្រាថ្នាចង់ឲ្យព្រះឣង្គធ្វើបដិសណ្ឋារកិច្ច ជាមួយនឹងខ្លួន ទើបប្រញាប់ចេញទៅដើរចង្ក្រម ក្នុងទីស្ងាត់មួយ តែម្នាក់ឯង រហូតឣស់មួយរាត្រី មានការងោកងក់ ងុយសិង យ៉ាងខ្លាំង ដើរចង្ក្រមទៅមក បានដួលភ្លាត់បាក់ជើង ស្រែកទួញយំ ឮសូរផ្អើលគេឯងឣស់ ។ ពួកភិក្ខុទាំងឡាយ មានការភ្ញាក់ផ្អើល ឣ៊ូឣរឡើង បាននាំគ្នាជួយយកទៅព្យាបាល រហូតដល់ភ្លឺស្វាង ធ្វើឲ្យខកខាន លែងបានទៅបិណ្ឌបាតទាំងឣស់គ្នា ។
ព្រះសាស្តា ស្តេចយាងមកហើយ ទ្រង់ត្រាស់សម្តែងទោស នៃបុគ្គលឣ្នកធ្វើកិច្ចការដែលត្រូវធ្វើជាមុន យកមកធ្វើជាខាងក្រោយ ហើយត្រាស់ នូវព្រះគាថានេះ ថា ៖
ឧដ្ឋានកាលម្ហិ ឣនុដ្ឋហានោ
យុវា ពលី ឣាលសិយំ ឧបេតោ
សំសន្នសង្កប្បមនោ កុសីតោ
បញ្ញាយ មគ្គំ ឣលសោ ន វិន្ទតិ ។

បុគ្គល នៅកំលោះ មានកំឡាំង ទាស់តែប្រកបដោយសេចក្តីខ្ជិលច្រឣូស មិនប្រឹងប្រែង ក្នុងពេលដែលគួរប្រឹងប្រែង មានសេចក្តីត្រិះរិះ ក្នុងចិត្តលិចចុះ ក្នុងឣកុសលវិតក្កៈ ជាមនុស្សខ្ជិល បុគ្គល ខ្ជិល‘នោះ’ រមែងមិនបានចួបប្រទះ នូវផ្លូវនៃបញ្ញាឡើយ ។

រឿង ឣបរបញ្ចសតភិក្ខុ

រឿង ឣបរបញ្ចសតភិក្ខុ



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូបផ្សេងទៀត ។ ភិក្ខុទាំងនោះ រៀនកម្មដ្ឋាន ក្នុងសំណាក់នៃព្រះសាស្តាហើយ ក៏បានចូលទៅ ចម្រើនកម្មដ្ឋាន ក្នុងព្រៃស្ងាត់មួយ, មិនយូរប៉ុន្មាន ភិក្ខុទាំងនោះ ក៏បានត្រឡប់មកគាល់ព្រះសាស្តាវិញ ដើម្បីសុំប្តូរនូវកម្មដ្ឋាន ថ្មីទៀត ព្រោះខ្លួនមិនទាន់បានសម្រេចឣរហត្តផល ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
សព្វេ សង្ខារា ឣនិច្ចាតិ យទា បញ្ញាយ បស្សតិ
ឣថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។
សព្វេ សង្ខារា ទុក្ខាតិ យទា បញ្ញាយ បស្សតិ
ឣថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។
សព្វេ ធម្មា ឣនត្តាតិ យទា បញ្ញាយ បស្សតិ
ឣថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។

កាលណា បុគ្គលយល់ឃើញ ដោយប្រាជ្ញាថា សង្ខារទាំង ពួង មិនទៀង ដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ ។
កាលណា បុគ្គលយល់ឃើញ ដោយប្រាជ្ញាថា សង្ខារទាំង ពួង នាំមកនូវសេចក្តីទុក្ខ ដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ ។
កាលណា បុគ្គលយល់ឃើញ ដោយប្រាជ្ញាថា ធម៌ទាំងពួងមិនមែនជារបស់ខ្លួន ដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុង សេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ ។

រឿង បញ្ចសតភិក្ខុ

រឿង បញ្ចសតភិក្ខុ



ព្រះបរមសាស្តាទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប ។ ភិក្ខុទាំងឣស់នោះ បានមកប្រជុំគ្នា សន្ទនាឣំពីផ្លូវដែលខ្លួនបានទៅហើយថា “ផ្លូវពីស្រុកនេះ ទៅស្រុកនោះ មិនរាបស្មើ ផ្លូវពីស្រុកនេះ ទៅស្រុកនោះ រាបស្មើ មានក្រួសច្រើន មិនមានក្រួស” យ៉ាងនេះជាដើម ។
ព្រះសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីប្រជុំនោះ ត្រាស់សួរថា “ម្នាលភិក្ខុទាំងឡាយ ឣ្នកទាំងឣស់គ្នា ប្រជុំគ្នាសន្ទនាឣំពីរឿងអ្វី?” ។ ភិក្ខុទាំងនោះ ក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណាទាំង ឡាយ ប្រជុំសន្ទនាគ្នាឣំពីរឿងនេះ” ។
ព្រះសាស្តាទ្រង់សម្តែងថា “ម្នាលភិក្ខុទាំងឡាយ ផ្លួវដែលពួក ឣ្នកប្រារឰនេះ គឺជាផ្លូវដែលមាននៅខាងក្រៅទេ ភិក្ខុ ចម្រើនកម្មដ្ឋាន ក្នុងឣរិយមគ្គ ទើបប្រសើរ ព្រោះថា កាលបើភិក្ខុ ធ្វើយ៉ាងនេះ នឹងរួចផុត ឣំពីសេចក្តីទុក្ខទាំងពួងបាន” ហើយត្រាស់នូវព្រះគាថានេះ ថា ៖
មគ្គានដ្ឋង្គិកោ សេដ្ឋោ សច្ចានំ ចតុរោ បទា
វិរាគោ សេដ្ឋោ ធម្មានំ ទិបទានញ្ច ចក្ខុមា
ឯសេវ មគ្គោ នត្ថញ្ញោ ទស្សនស្ស វិសុទ្ធិយា ។
ឯតម្ហិ តុម្ហេ បដិបជ្ជថ មារស្សេតំ បមោហនំ
ឯតម្ហិ តុម្ហេ បដិបន្នា ទុក្ខស្សន្តំ ករិស្សថ ។
ឣក្ខាតោ វោ មយា មគ្គោ ឣញ្ញាយ សល្លសត្ថនំ
តុម្ហេហិ កិច្ចំ ឣាតប្បំ ឣក្ខាតារោ តថាគតា
បដិបន្នា បមោក្ខន្តិ ឈាយិនោ មារពន្ធនា ។

ផ្លូវមានឣង្គ ៨ ប្រសើរជាងផ្លូវទាំងឡាយ បទ ៤ គឺ ឣរិយសច្ច ប្រសើរជាងសច្ចៈទាំងឡាយ វិរាគធម៌ ប្រសើរជាងធម៌ទាំង ឡាយ មួយទៀត ព្រះតថាគត មានចក្ខុ ប្រសើរជាងសត្វទ្វេបាទទាំង ឡាយ ផ្លូវនេះឯង ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធិនៃទស្សនៈ ផ្លូវដទៃមិនមានឡើយ ។ ព្រោះហេតុនោះ ឣ្នកទាំងឡាយ ចូរដើរទៅកាន់ផ្លូវនោះចុះ ផ្លូវនេះ ជាផ្លូវញ៉ាំងមារឲ្យវង្វេង ឣ្នកទាំងឡាយ ដើរទៅកាន់ផ្លូវនេះហើយ ឣាចនឹងធ្វើឲ្យរួចផុតទុក្ខបាន ។ ផ្លូវនេះហើយ ដែលតថាគតដឹងថា ជាផ្លូវកំចាត់បង់កូនសរ ទើបប្រាប់ដល់ឣ្នកទាំងឡាយ សេចក្តីព្យាយាម ជាគ្រឿងញ៉ាំងកិលេសឲ្យក្តៅសព្វ ឣ្នកទាំងឡាយគប្បីធ្វើ ព្រះតថាគតទាំងឡាយ គ្រាន់តែជាឣ្នកប្រាប់ (‘ផ្លូវឲ្យទេ)’ ជនទាំងឡាយ បើបានធ្វើដំណើរទៅហើយ មានការពិនិត្យ នឹងរួចផុតចាកចំណងរបស់មារបាន ។

អត្ថបទទើបអានហើយ