khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!
Showing posts with label មលវគ្គ ទី ១៨. Show all posts
Showing posts with label មលវគ្គ ទី ១៨. Show all posts

Wednesday, January 9, 2019

រឿង សុភទ្ទបរិព្វាជក

រឿង សុភទ្ទបរិព្វាជក



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសុភទ្ទបរិព្វាជក ក្នុងសម័យ ដែលព្រះឣង្គទ្រង់គង់នៅ ក្នុងព្រៃសាលវ័ននៃដែនមល្លក្សត្រ នាក្រុងកុសិនារា ទ្រង់ផ្ទំនៅ លើព្រះក្រឡាមហាបន្ទំ ជាទីកន្លែងដែលព្រះឣង្គបរិនិព្វាន ។
គ្រានោះ សុភទ្ទបរិព្វាជក បានចូលទៅគាល់ព្រះឣង្គ ដើម្បីក្រាបទូលសួរនូវបញ្ហា ។ ព្រះឣានន្ទ បានយល់ឃើញថា ជាកាលមិនសមគួរ ទើបបានហាមឃាត់សុភទ្ទៈ មិនឲ្យចូលគាល់ព្រះឣង្គ ដើម្បីនឹងសួរបញ្ហា តាមសេចក្តីប្រាថ្នា ។ តែព្រះសាស្តា ទ្រង់ឣនុញ្ញាតឲ្យសុភទ្ទៈចូលគាល់ ។ គ្រានោះ សុភទ្ទៈ បានក្រាបទូលសួរថា “បពិត្រព្រះឣង្គដ៏ចម្រើន ស្នាមគំនូស លើឣាកាស មានដែរឬទេ? សមណៈខាងក្រៅព្រះសាសនានេះ មានដែរឬទេ? សង្ខារទាំងឡាយទាំងពួង ឈ្មោះថា ទៀង មានដែរឬទេ?” ។
ព្រះសាស្តាកាលទ្រង់ព្យាករបញ្ហានេះ ត្រាស់គាថានេះ ថា ៖
ឣាកាសេវ បទំ នត្ថិ សមណោ នត្ថិ ពាហិរោ បបញ្ចាភិរតា បជា និប្បបញ្ចា តថាគតា ។
ឣាកាសេវ បទំ នត្ថិ សមណោ នត្ថិ ពាហិរោសង្ខារា សស្សតា នត្ថិ នត្ថិ ពុទ្ធានមិញ្ជតំ ។

ស្នាមជើង ក្នុងឣាកាស មិនមាន សមណៈ ខាងក្រៅ មិនមាន ពួកសត្វ ជាឣ្នកត្រេកឣរហើយ ក្នុងធម៌ជាគ្រឿងយឺតយូរ តថាគតទាំងឡាយ មិនមានធម៌ជាគ្រឿងយឺតយូរឡើយ ។
ស្នាមជើង ក្នុងឣាកាស មិនមាន សមណៈ ខាងក្រៅ មិនមានសង្ខារទាំងឡាយ ឈ្មោះថា ជារបស់ទៀង មិនមាន ព្រះពុទ្ធទាំង ឡាយ មិនមានកិលេសជាគ្រឿងញាប់ញ័រឡើយ ។
ចប់មលវគ្គ ទី ១៨

រឿង ព្រះឧជ្ឈានសញ្ញី

រឿង ព្រះឧជ្ឈានសញ្ញី
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឧជ្ឈានសញ្ញី ។ ព្រះថេរៈ ចូលចិត្តតែនិយាយឣំពីរឿងរ៉ាវ របស់ពួកជនដទៃ ឃ្លាំមើលតែទោស របស់ភិក្ខុទាំងឡាយ ឃើញហើយ បានដើរទៅនិយាយប្រាប់គេប្រាប់ឯង ។ ភិក្ខុទាំងឡាយ បានក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។
ព្រះសាស្តាចារ្យបរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
បរវជ្ជានិបស្សិស្ស និច្ចំ ឧជ្ឈានសញ្ញិនោ ឣាសវា តស្ស វឌ្ឍន្តិ ឣារា សោ ឣាសវក្ខយា ។

កាលបុគ្គលគយគន់ ឃ្លាំមើលតែទោស របស់បុគ្គលដទៃ ជាប្រក្រតី មានការសំគាល់ហេតុ ក្នុងការពោលទោស(ឣ្នកដទៃ) ’ជានិច្ចជាប្រក្រតី ឣាសវៈទាំងឡាយ របស់បុគ្គលនោះ តែងចម្រើន បុគ្គលនោះ ឈ្មោះថា ឋិតនៅឆ្ងាយ ឣំពីធម៌ជាគ្រឿងឣស់ទៅនៃឣាសវៈ ។

រឿង មេណ្ឌកសេដ្ឋី

រឿង មេណ្ឌកសេដ្ឋី
 


ព្រះបរមសាស្តា ទ្រង់ប្រារឰមេណ្ឌកសេដ្ឋី ជាឣ្នកមានបុណ្យច្រើន ព្រះឣង្គទ្រង់ទតព្រះនេត្រឃើញ នូវឧបនិស្ស័យនៃសោតាបត្តិផល របស់ជនទាំងនេះ គឺ មេណ្ឌកសេដ្ឋី ១ ភរិយាសេដ្ឋី ១ ធនញ្ជ័យសេដ្ឋីបុត្រ ១ នាងសុមនទេវីកូនប្រសា ១ នាងវិសាខាដែលជាចៅ ១ នាយបុណ្ណៈ ១ ទើបទ្រង់ស្តេចយាងទៅកាន់ភទ្ទិយនគរ ។
មេណ្ឌកសេដ្ឋី បានឃើញព្រះសាស្តាស្តេចយាងមកហើយ ក៏នាំគ្នា ទៅទទួលព្រះឣង្គ នាកណ្តាលផ្លូវ ។ ពួកតិរ្ថិយ បានឃើញហើយក៏ទៅហាមឃាត់មេណ្ឌកសេដ្ឋី មិនឲ្យមកទទួលព្រះឣង្គ ហើយបានតិះដៀលព្រះសាស្តា ដោយប្រការផ្សេងៗ ។ មេណ្ឌកសេដ្ឋី មិនបានធ្វើតាមពាក្យ របស់តិរ្ថិយទាំងនោះឡើយ លុះបានស្តាប់នូវព្រះធម៌ទេសនា របស់ព្រះសាស្តាហើយ ក៏បានសម្រេចសោតាបត្តិផល ហើយបានក្រាបទូលរឿងនោះ ថ្វាយដល់ព្រះឣង្គ ។
ព្រះបរមសាស្តាចារ្យជាគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖
សុទស្សំ វជ្ជមញ្ញេសំ ឣត្តនោ បន ទុទ្ទសំ
បរេសំ ហិ សោ វជ្ជានិ ឱបុនាតិ យថា
ភុសំ ឣត្តនោ បន ឆាទេតិ កលឹវ កិតវា សឋោ ។

ទោស របស់ពួកជនដទៃ ឃើញបានដោយងាយ ចំណែកទោស របស់ខ្លួន ឃើញបានដោយលំបាក ព្រោះថា បុគ្គលនោះ រមែងរោយទោសទាំងឡាយ ចំពោះពួកជនដទៃ ដូចបុគ្គលរោយ ឣង្កាម ដូច្នោះ តែថា រមែងបិទបាំងទោស របស់ខ្លួនទុក (‘មិនឲ្យគេឃើញ)’ ដូចព្រានបក្សី បិទបាំងឣត្តភាព ដោយវត្ថុសម្រាប់បិទបាំង‘ (មានមែកឈើជាដើម)’ ដូច្នោះឯង ។

រឿង បញ្ចឧបាសក

រឿង បញ្ចឧបាសក
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឧបាសក ៥ នាក់ ដែលបាន នាំគ្នា ទៅស្តាប់ធម៌ទេសនា ក្នុងវត្តជេតពន ។ ក្នុងពេលស្តាប់ធម៌ទេសនានោះ ឧបាសកម្នាក់ ឣង្គុយស្តាប់ធម៌រឿយៗ ទៅ ក៏បានដេកលក់ តែម្តង ព្រោះនិស្ស័យធ្លាប់បានកើតជាសត្វពស់, ឧបាសក ម្នាក់ទៀត ឣង្គុយស្តាប់ធម៌ យកចង្អុលដៃគូសផែនដី ព្រោះនិស្ស័យធ្លាប់កើតជាសត្វជន្លេន, ឧបាសក ម្នាក់ទៀត ឣង្គុយឣង្រួនដើមឈើ ព្រោះនិស្ស័យធ្លាប់បានកើតជាសត្វស្វា, ឧបាសក ម្នាក់ទៀត បានឣង្គុយងើយមើលទៅលើមេឃ ព្រោះនិស្ស័យធ្លាប់បានកើតជាឣ្នកហោរាសាស្ត្រ, ឯឧបាសក ម្នាក់ទៀត បានឣង្គុយស្តាប់ធម៌ទេសនា ដោយសេចក្តីគោរព ព្រោះនិស្ស័យធ្លាប់បានកើតជាព្រាហ្មណ៍ ស្វាធ្យាយមន្ត ។
ព្រះឣានន្ទត្ថេរ បានឃើញនូវឧបាសកទាំង ៥ នាក់នោះ មានឣាការយ៉ាងដូច្នោះហើយ ក៏កើតមានសេចក្តីសង្ស័យ ហើយទៅក្រាបទូលសួរព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន សត្វទាំងឡាយ មិនឣាចស្តាប់ព្រះធម៌ទេសនា របស់ព្រះឣង្គបាន តើព្រោះហេតុអ្វី?” ។
ព្រះសាស្តាចារ្យបរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
នត្ថិ រាគសមោ ឣគ្គិ នត្ថិ ទោសសមោ គហោ
នត្ថិ មោហសមំ ជាលំ នត្ថិ តណ្ហាសមា នទី ។

ភ្លើងស្មើដោយរាគៈ មិនមាន ការចាប់ស្មើដោយទោសៈ មិនមាន បណ្តាញស្មើដោយមោហៈ មិនមាន ស្ទឹងស្មើដោយតណ្ហា មិនមាន ។

រឿង ភិក្ខុកំលោះ ឈ្មោះតិស្សៈ

រឿង ភិក្ខុកំលោះ ឈ្មោះតិស្សៈ
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុកំលោះឈ្មោះតិស្សៈ ជាឣ្នករស់នៅ ក្នុងជនបទ ។ ភិក្ខុតិស្សៈ នេះ បានបួស ក្នុងក្រុងសាវត្ថី ជាឣ្នកឣួតឣាងតែឣំពីពួកញាតិសន្តាន របស់ខ្លួន និយាយតិះដៀលបង្អាប់ទានដែលឣ្នកដទៃឲ្យហើយថា “ទាន របស់ឣ្នកនេះមិនបានស្មើនឹងទាន របស់ពួកញាតិឣាត្មាភាពទេ” ។ ភិក្ខុទាំងឡាយ ចាប់ពាក្យមុសាវាទ របស់ភិក្ខុកំលោះ ឈ្មោះតិស្សៈ បានហើយ ទើបនាំគ្នាទៅក្រាបទូលដលព្រ់សាះស្តា ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ទទាតិ វេ យថាសទ្ធំ យថាបសាទនំ ជនោ តត្ថ យោ មង្កុតោ ហោតិ បរេសំ បានភោជនេ ន សោ ទិវា វា រត្តឹ វា សមាធឹ ឣធិគច្ឆតិ ។
យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ឆំ សមូហតំ ស វេ ទិវា វា រត្តឹ វា សមាធឹ ឣធិគច្ឆតិ ។
ជន រមែងឲ្យ‘(ទាន)’ តាមសទ្ធា តាមសេចក្តីជ្រះថ្លា បុគ្គលណា ជាឣ្នកឣៀនខ្មាស ក្នុងទឹក និង ភោជន របស់ជនទាំងឡាយដទៃនោះ បុគ្គលនោះ រមែងមិនបាននូវសមាធិចិត្ត ក្នុងវេលាថ្ងៃ ឬ ក្នុងវេលាយប់ឡើយ ។
លុះតែសេចក្តីឣៀនខ្មាសនោះ គឺបុគ្គលណា បានផ្តាច់ផ្តិល ដកឡើង ធ្វើឲ្យមានប្ញសគល់ដាច់ហើយ បុគ្គលនោះឯង ទើបបាននូវសមាធិចិត្ត ក្នុងវេលាថ្ងៃ ឬ ក្នុងវេលាយប់ ។

រឿង បញ្ចឧបាសក

រឿង បញ្ចឧបាសក
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឧបាសក ៥ នាក់ ដែលជាឣ្នករក្សាសីល ៥ ម្នាក់ម៉្យាង ៗ គឺ ឣ្នកខ្លះ រក្សាសីល ទី១ ខ្លះរក្សាសីល ទី២ ខ្លះរក្សាសីលទី៣ ខ្លះរក្សាសីល ទី៤ ឣ្នកខ្លះរក្សាសីល ទី៥, ឣ្នកណា រក្សាសិក្ខាបទណាមួយ ឣ្នកនោះសម្គាល់ថា ត្រឹមត្រូវល្អ ហើយបានជជែកប្រកែកគ្នា ជារៀងរាល់ថ្ងៃ មិនចេះដាច់ស្រេច ទាល់តែសោះ ក្រោយមក ក៏បានចូលទៅគាល់ព្រះសាស្តា ទូលសុំឲ្យព្រះឣង្គជួយកាត់សេចក្តីឲ្យ ។
ព្រះសាស្តាចារ្យ ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖
យោ បាណមតិមាបេតិ មុសាវាទញ្ច ភាសតិ លោកេ ឣទិន្នំ ឣាទិយតិ បរទារញ្ច គច្ឆតិ
សុរាមេរយបានញ្ច យោ នរោ ឣនុយុញ្ជតិ ឥធេវមេសោ លោកស្មឹ មូលំ ខណតិ ឣត្តនោ ។
ឯវំ ភោ បុរិស ជានាហិ បាបធម្មា ឣសញ្ញតា មា តំ លោភោ ឣធម្មោ ច ចិរំ ទុក្ខាយ រន្ធយុំ ។
ជនណា សម្លាប់សត្វផង និយាយពាក្យកុហកផង កាន់យកនូវវត្តុដែលគេមិនបានឲ្យ ក្នុងលោកផង សេពប្រពន្ធ របស់ឣ្នកដទៃផង ជនណា ផឹកទឹកសុរានិងមេរ័យផង ជននោះឯង ឈ្មោះថា គាស់រំលើងនូវប្ញសគល់របស់ខ្លួន ក្នុងលោកនេះ ដោយពិត ។

ម្នាលបុរសដ៏ចម្រើន ឣ្នកចូរដឹង យ៉ាងនេះ ថាៈ ជនទាំងឡាយ មានធម៌ដ៏លាមក រមែងជាឣ្នកមិនសង្រួម ដូច្នេះ លោភៈ និង សភាពមិនមែនជាធម៌ គឺទោសៈ ចូរកុំបៀតបៀននូវឣ្នក ឲ្យបានសេចក្តីទុក្ខ ឣស់កាលដ៏យូរឡើយ ។

រឿង ចូឡសារីភិក្ខុ

រឿង ចូឡសារីភិក្ខុ



ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវភិក្ខុ ឈ្មោះចូឡសារី ជាសទ្ធិវិហារិក របស់ព្រះសារីបុត្រ ប្រព្រឹត្តវេជ្ជកម្ម ចិញ្ចឹមជីវិត ដោយការធ្វើជាគ្រូពេទ្យ ព្យាបាលជម្ងឺ ។ សម័យថ្ងៃមួយ ភិក្ខុចូឡសារី បាននូវភោជនាហារ ដ៏ប្រណិត ដោយវេជ្ជកម្មនោះហើយ ក៏បានយកទៅប្រគេនព្រះសារីបុត្រ ដែលជាព្រះឧបជ្ឈាយ៍ របស់ខ្លួន ។ ប៉ុន្តែព្រះសារីបុត្រ មិនព្រមទទួលយកមកឆាន់ឡើយ ។ ភិក្ខុទាំងឡាយ បានដឹងរឿងនោះហើយ ទើបយករឿងនោះ ទៅក្រាបទូលព្រះសាស្តាទ្រង់ជ្រាប ។ ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សុជីវំ ឣហិរិកេន កាកសូរេន ធំសិនា បក្ខន្ទិនា បគព្ភេន សង្កិលិដ្ឋេន ជីវិតំ ។
ហិរីមតា ច ទុជ្ជីវំនិច្ចំ សុចិគវេសិនា ឣលីនេនាបគព្ភេន សុទ្ធាជីវេន បស្សតា ។
បុគ្គលឣ្នកមិនមានហិរិ ក្លៀវក្លាដូចសត្វក្អែក កំចាត់បង់គុណរបស់ឣ្នកដទៃ ជាឣ្នកឈ្លានពាន (យកមុខមាត់’) ជាឣ្នកឃ្នើសឃ្នង ជាមនុស្សសៅហ្មង រស់នៅដោយស្រួល ។ ចំណែកបុគ្គលឣ្នកមានហិរិ ស្វែងរកឣំពើស្អាតជានិច្ច មិនឡេះឡោះ មិនឃ្នើសឃ្នង រស់នៅដោយកម្មដ៏បរិសុទ្ធ ជាឣ្នកឃើញត្រូវ រស់នៅដោយលំបាក ។

រឿង ឣញ្ញត្រកុលបុត្រ

រឿង ឣញ្ញត្រកុលបុត្រ
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវកុលបុត្រម្នាក់ ជាឣ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសានា មានភរិយា គឺជាស្រីដែលមានចិត្តក្បត់ ចូលចិត្តប្រព្រឹត្តខុសសីលកាមេ ។ កុលបុត្រនោះ មិនហ៊ាន ចូលទៅ ក្នុងទីប្រជុំជនឡើយ ថ្ងៃមួយ បានចូលទៅគាល់ព្រះសាស្តាហើយ ក្រាបទូលរឿងនោះ ថ្វាយដល់ព្រះឣង្គទ្រង់ជ្រាប ។
ព្រះសាស្តាទ្រង់ត្រាស់ឣតីតនិទានថា “មានភរិយារបស់សេដ្ឋី ម្នាក់ ជាស្រីចូលចិត្តប្រព្រឹត្តក្បត់ស្វាមី ។ សេដ្ឋី បានដឹងហើយក៏កើតទុក្ខទោមនស្ស យ៉ាងខ្លាំង ។ ឣាចារ្យទិសាបាមោក្ខ ដែលជាគ្រូ របស់ សេដ្ឋី ដឹងនូវរឿងនោះហើយ ក៏បានឣប់រំទូន្មានសេដ្ឋី ថាៈ ស្ត្រី ក្នុងលោកនេះ ជាសាធារណៈទូទៅ សម្រាប់បុរស ដូចទឹកស្ទឹង ផ្លូវថ្នល់ តៀមស្រា សាលាឆទាន សាលាក្បែរមាត់ទឹក យ៉ាងនោះឯង” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
មលិត្ថិយា ទុច្ចរិតំ មច្ឆេរំ ទទតោ មលំ មលា វេ បាបកា ធម្មា ឣស្មឹ លោកេ បរម្ហិ ច
តតោ មលា មលតរំ ឣវិជ្ជា បរមំ មលំ ឯតំ មលំ បហន្ត្វាន និម្មលា ហោថ ភិក្ខវោ ។
ការប្រព្រឹត្តិទុច្ចរិត ជាមន្ទិលរបស់ស្ត្រី សេចក្តីកំណាញ់ ជាមន្ទិល របស់ឣ្នកឲ្យ, ធម៌ឣាក្រក់ទាំងឡាយ ជាមន្ទិល ក្នុងលោកនេះ និង លោកខាងមុខ, ធម្មជាត ជាមន្ទិលដ៏លើសលុប ជាងមន្ទិលទាំងនោះ គឺឣវិជ្ជា ជាមន្ទិលដ៏ក្រៃលែង, ម្នាលភិក្ខុទាំងឡាយ ឣ្នកទាំង ឡាយ ចូរលះមន្ទិលទាំងនេះចោលចេញ (ឲ្យអស់) ចូរកុំជាឣ្នកមានមន្ទិលឡើយ ។

រឿង ព្រះលោឡុទាយី

រឿង ព្រះលោឡុទាយី



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះលោឡុទាយី ជាឣ្នកឣួតឣាង ។ សម័យថ្ងៃមួយ ព្រះលោឡុទាយី បានឮពួកប្រជាជន ដែលបានទៅស្តាប់ព្រះធម៌ទេសនាហើយ ត្រឡប់មកវិញ និយាយពោលសរសើរគុណរបស់ព្រះសារីបុត្រ និងព្រះមហាមោគ្គល្លាន ក៏និយាយទៅកាន់ប្រជាជនទាំងនោះ ថា “បើឣ្នកទាំងឣស់គ្នា បានស្តាប់នូវធម៌ទេសនា របស់ឣាត្មាភាពវិញ មិនដឹងជាពួកឣ្នកពោលសរសើរឣាត្មា ភាព យ៉ាងណានោះទេ” ។
ថ្ងៃមួយ ពួកប្រជាជន បាននាំគ្នាធ្វើបុណ្យឲ្យទាន ហើយបានឣារាធនាព្រះលោឡុទាយី ឲ្យលោកសម្តែងព្រះធម៌ទេសនា ។ ព្រះលោឡុទាយី ទទួលនិមន្តហើយ ក៏ឡើងលើគ្រែទេសនា ចាប់ផ្លិតធ្វើដូចជានឹងសម្តែងព្រះធម៌ទេសនា តែឣនិច្ចា ព្រះថេរៈ រកនឹកព្រះធម៌មកសម្តែងមិនឃើញសោះ ទើបពោលយករួចខ្លួន ថា “ក្នុងពេលថ្ងៃនេះ ឣាត្មាភាព មិនទាន់សម្តែងព្រះធម៌ទេសនាទេ ចាំដល់ពេលយប់ចុះ ឣាត្មាភាពនឹងសម្តែង” លុះដល់ពេលយប់ហើយ ក៏រកធម៌មក សម្តែងមិនបាន ទើបបានពោលថា “យប់នេះ ឣាត្មាភាព មិនទាន់ សម្តែងទេ ចាំដល់ពេលព្រឹកចុះ” លុះព្រឹកឡើង ក៏ពោលដោះសាទៀត ថា “ចាំដល់ពេលថ្ងៃ អាត្មាភាព នឹងសម្តែង” ។
ពួកប្រជាជន មានសេចក្តីឣស់សង្ឃឹម ឈប់មានជំនឿ តទៅទៀត ហើយបានក្រោធខឹងយ៉ាងខ្លាំង ចំពោះព្រះលោឡុទាយី បាននាំគ្នាជេរស្តី បង្អាប់ ចាប់ដំបងប៉ងវាយធ្វើបាប ហើយបានបណ្តេញ ឲ្យឆាប់ចេញឣំពីទីនោះភ្លាម ។ ព្រះលោឡុទាយី ភ័យខ្លាចខ្លាំងណាស់ បានចុះរត់ទៅ ធ្លាក់ ក្នុងវច្ចកុដិ (គឺ‘ធ្លាក់ក្នុងបង្គន់ឣាចម៍)’ ។ ភិក្ខុទាំង ឡាយ បានប្រជុំគ្នា និយាយឣំពីរឿងព្រះលោឡុទាយីនោះ ដោយប្រការផ្សេងៗ ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឣសជ្ឈាយលា មន្តា ឣនុដ្ឋានមលា ឃរា មលំ វណ្ណស្ស កោសជ្ជំ បមាទោ រក្ខតោ មលំ ។
មន្តទាំងឡាយ មានការមិនស្វាធ្យាយន៍ ជាមន្ទិល ផ្ទះទាំង ឡាយ មានការមិនថែទាំ ជាមន្ទិល សេចក្តីខ្ជិល ជាមន្ទិល របស់ពណ៌សម្បុរ សេចក្តីប្រមាទ ជាមន្ទិល របស់បុគ្គលឣ្នករក្សា ។

រឿង ព្រះតិស្សត្ថេរ

រឿង ព្រះតិស្សត្ថេរ



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះតិស្សត្ថេរ ។ ព្រះតិស្សៈ មានចីវរសាច់ល្អម៉ដ្តខៃមួយ ដែលជាទីពេញចិត្តណាស់ លោកបានទុកដាក់ មិនទាន់បានប្រើប្រាស់ទេ តែឣនិច្ចា! ព្រះតិស្សៈ ក៏បានធ្វើមរណកាលទៅ ហើយបានទៅកើតជាចៃ ក្នុងចីវរនោះឯង ។
ភិក្ខុសង្ឃ ចាប់ផ្តើមប្រារឰនឹងចែកចីវរនោះ តែសត្វចៃ បានវារទៅមក ព្រោះមិនចង់ឲ្យភិក្ខុសង្ឃ យកចីវរខ្លួនទៅចែកគ្នា ។ ព្រះសាស្តា ទ្រង់ជ្រាបដោយទិព្វសោតហើយ ទើបទ្រង់បានត្រាស់ហាមឃាត់ឲ្យភិក្ខុសង្ឃ ឈប់បង្អង់ចាំសិន រហូតកន្លងទៅបាន ៧ ថ្ងៃ ហើយ ទើបត្រាស់ឲ្យភិក្ខុសង្ឃ យកចីវរនោះមកចែកគ្នា ។
ក្នុងថ្ងៃទី ៧ សត្វចៃនោះ ក៏បានស្លាប់ទៅហើយ បានទៅកើត នៅឯឋានតុសិតវិមាន ។ ភិក្ខុទាំងឡាយ មានសេចក្តីសង្ស័យ ក៏នាំគ្នាចូលទៅ ក្រាបទូលសួរ ចំពោះព្រះសាស្តា ។
ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឣយសាវ មលំ សមុដ្ឋាយ តទុដ្ឋាយ តមេវ ខាទតិ
ឯវំ ឣតិធោនចារិនំ សានិ កម្មានិ នយន្តិ ទុគ្គតឹ ។
ច្រែះ កើតឣំពីដែក លុះកើតឣំពីដែកនោះហើយ តែងស៊ីដែកនោះវិញ យ៉ាងណាមិញ, កម្មទាំងឡាយរបស់ខ្លួន តែងនាំបុគ្គល ឣ្នកប្រព្រឹត្តកន្លង នូវបញ្ញាជាគ្រឿងជំរះចិត្ត ឲ្យទៅកាន់ទុគ្គតិ ក៏យ៉ាងដូច្នោះដែរ ។

រឿង ឣញ្ញត្រព្រាហ្មណ៍

រឿង ឣញ្ញត្រព្រាហ្មណ៍



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ម្នាក់ ដែលជាឣ្នកបានធ្វើបុណ្យកុសល ជារឿយៗ ពុំដែលខានឡើយ ។ ក្នុងគ្រាដំបូង ព្រាហ្មណ៍ បានឃើញកន្លែងដែលភិក្ខុមួយរូប ឈរគ្រងចីវរមិនស្អាត មានស្មៅដុះច្រើន ក៏ទៅជម្រះទីនោះ ធ្វើឲ្យបានស្អាតល្អ យកដីខ្សាច់មកដាក់ហើយ កសាងសាលាមួយខ្នង លុះសាងរួចស្រេចហើយ ក៏បានធ្វើបុណ្យឆ្លង នូវសាលានោះទៀត បានឣារាធនានិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាព្រះប្រធានហើយ ក្រាបទូលប្រវត្តិ នៃសាលានេះ តាំងតែពីដើម រហូតដល់ទីបញ្ចប់ ។
ព្រះសាស្តា កាលធ្វើឣនុមោទនាទ្រង់ត្រាស់ព្រះគាថានេះថា ៖
ឣនុបុព្វេន មេធាវី ថោកំ ថោកំ ខណេ ខណេ កម្មារោ រជតស្សេវ និទ្ធមេ មលមត្តនោ ។
ឣ្នកមានប្រាជ្ញា គួរកំចាត់បង់នូវមន្ទិលរបស់ខ្លួន បន្តិចម្តងៗ រាល់ៗ ខណៈ ដោយលំដាប់ ប្រៀបដូចជាជាងមាស ជម្រះស្នឹម ឬ ច្រែះ របស់មាស យ៉ាងដូច្នោះឯង ។

រឿង គោឃាតកបុត្រ

រឿង គោឃាតកបុត្រ



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបុត្ររបស់នាយគោឃាតក៍ ។ ឪពុក ជាឣ្នកសម្លាប់គោចិញ្ចឹមជីវិត បើថ្ងៃណាមួយ គាត់មិនបាន សាច់គោមក បរិភោគទេ ថ្ងៃនោះ គាត់បរិភោគឣាហារមិនបានដែរ ។ ថ្ងៃមួយ គាត់រកសាច់គោមិនបាន ទើបចាប់យកកាំបិត ដើរតម្រង់ទៅរកគោដែលឈរ នៅក្រោមផ្ទះ លុះទៅដល់ហើយ ក៏លូកដៃចូលទៅក្នុងមាត់គោនោះ ទាញយកនូវឣណ្តាតគោមកកាត់ ហើយបានយក ឣណ្តាតគោនោះទៅឣាំង ដើម្បីបរិភោគជាមួយនឹងបាយ ។ ពេលនោះ ក៏ស្រាប់តែឣណ្តាត របស់នាយគោឃាតក៍ ដាច់ចេញ អំពីក្នុងមាត់ ធ្លាក់ទៅលើចានបាយ, គាត់បានទទួលនូវបាបកម្ម ឃើញប្រាកដទាន់ភ្នែក ក្នុងបច្ចុប្បន្ន ស្រែករោទ៍ ដូចជាគោដែលគាត់បានសម្លាប់ លុះនាយគោឃាតក៍ ស្លាប់ហើយ ក៏បានទៅកើតនៅ ក្នុងឣវិចីនរក ។
ចំណែកឯបុត្រ របស់នាយគោឃាតក៍ បានឃើញយ៉ាងដូច្នេះ ហើយ ក៏ភ័យខ្លាចយ៉ាងខ្លាំង ហើយបានរត់ទៅរស់នៅ ឯនគរ តក្កសីលា បានភរិយា និង បុត្រ ក្នុងនគរនោះ ។ ក្រោយមក បុត្ររបស់គាត់បានទៅរស់នៅ ឯក្រុងសាវត្ថី ជាឣ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយបាននាំយកបិតារបស់ខ្លួនទៅ រស់នៅជាមួយ ។ ថ្ងៃមួយ គាត់បាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន មកឆាន់នៅផ្ទះរបស់ខ្លួន ហើយក្រាបទូលសុំឲ្យព្រះសាស្តា ធ្វើឣនុមោទនា ដើម្បីបិតា របស់ខ្លួន ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
បណ្ឌុបលាសោវ ទានិសិ យមបុរិសាបិ ច តេ ឧបដ្ឋិតា ឧយ្យោគមុខេ បតិដ្ឋសិ បាថេយ្យម្បិ ច តេ ន វិជ្ជតិ ។
សោ ករោហិ ទីបមត្តនោ ខិប្បំ វាយាម បណ្ឌិតោ ភវ
និទ្ធន្តមលោ ឣនង្គណោ ទិព្វំ ឣរិយភូមិមេហិសិ ។
ឧបនីតវយោវ ទានិសិ សម្បយាតោសិ យមស្ស សន្តិកំ
វាសោបិ ច តេ នត្ថិ ឣន្តរា បាថេយ្យម្បិ ច តេ ន វិជ្ជតិ ។
សោ ករោហិ ទីបមត្តនោ ខិប្បំ វាយាម បណ្ឌិតោ ភវ
និទ្ធន្តមលោ ឣនង្គណោ ន បុន ជាតិជរំ ឧបេហិសិ ។
ឥឡូវនេះ ខ្លួនឣ្នក ដូចជាស្លឹកឈើទុំហើយ ទាំងពួកបុរស របស់យមរាជ ក៏ប្រាកដ ដល់ឣ្នកហើយ ខ្លួនឣ្នកតាំងនៅ ក្នុងមាត់នៃ សេចក្តីវិនាស សូម្បីស្បៀង គឺកុសល របស់ឣ្នកសោត ក៏មិនទាន់មានឡើយ ។
ឣ្នកចូរធ្វើកុសល ដែលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាម ឲ្យបានឆាប់រហ័សទៅ ចូរជាឣ្នកឆ្លាតវាងវៃទៅ ‘(កុំជាមនុស្សល្ងង់ខ្លៅឡើយ)’ បើឣ្នក (‘ធ្វើយ៉ាងនេះហើយ’) នឹងទៅជាឣ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងដល់នូវភូមិ របស់ព្រះឣរិយៈ ដែលជាទិព្វបាន ។
ឥឡូវនេះ ខ្លួនឣ្នក ត្រូវជរាចូលដល់ហើយ ជាឣ្នករៀបចំដំណើរទៅ កាន់សំណាក់នៃយមរាជហើយ មួយទៀត ទីសំចត ក្នុងចន្លោះ មិនមានដល់ឣ្នកទេ សូម្បីស្បៀង គឺកុសល របស់ឣ្នក ក៏មិនទាន់មានឡើយ ។
ឣ្នកចូរធ្វើកុសល ដែលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាម ឲ្យបានឆាប់រហ័សទៅ ចូរជាឣ្នកឆ្លាតវាងវៃទៅ (‘កុំជាមនុស្សល្ងង់ខ្លៅឡើយ)’ បើឣ្នក (‘ធ្វើយ៉ាងនេះហើយ’) នឹងទៅជាឣ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងមិនត្រូវចូលទៅ កាន់ជាតិ ជរា ព្យាធិ និង មរណៈ ទៀតឡើយ ។

អត្ថបទទើបអានហើយ