Showing posts with label បណ្ឌិតវគ្គ ទី ៦. Show all posts
Showing posts with label បណ្ឌិតវគ្គ ទី ៦. Show all posts
Monday, December 31, 2018

រឿង ឣាគន្តុកភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុឣាគន្តុកៈ ៥០០ រូប ដែលចាំវស្សា ក្នុងទីក្រុងកោសល ។ លុះពេលចេញវស្សាហើយ ភិក្ខុទាំងនោះ ក៏បាននាំគ្នាទៅក្រាបថ្វាយបង្គំព្រះសាស្តា នៅវត្តជេតពន ក្រុងសាវត្ថី ។
ព្រះសាស្តា កាលទ្រង់សម្តែងធម្មីកថា ដើម្បីរម្ងាប់ នូវសឹក សត្រូវ នៃភិក្ខុទាំងនោះ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
កណ្ហំ ធម្មំ វិប្បហាយ សុក្កំ ភាវេថ បណ្ឌិតោ
ឱកា ឣនោកមាគម្ម វិវេកេ យត្ថ ទូរមំ
តត្រាភិរតិមិច្ឆេយ្យ ហិត្វា កាមេ ឣកិញ្ចនោ
បរិយោទបេយ្យ ឣត្តានំ ចិត្តក្លេសេហិ បណ្ឌិតោ ។
យេសំ សម្ពោធិយង្គេសុ សម្មា ចិត្តំ សុភាវិតំ
ឣាទានប្បដិនិស្សគ្គេ ឣនុបាទាយ យេ រតា
ខីណាសវា ជុតិមន្តោ តេ លោកេ បរិនិព្វុតា ។
បណ្ឌិតគួរលះបង់ធម៌ខ្មៅចេញ ញ៉ាំងធម៌ស ឲ្យចម្រើនឡើង ចេញចាកឣាល័យគឺកាមគុណ ហើយឈមទៅរកព្រះនិព្វាន ជាធម្មជាត មិនមានឣាល័យ គប្បីលះបង់កាមទាំងឡាយចេញ ជាឣ្នកមិនមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកឣរ ក្នុងវិវេក ដែលពួកសត្វត្រេក ឣរបាន ដោយកម្រនោះ, បណ្ឌិត គួរញ៉ាំងខ្លួន ឲ្យស្អាតផូរផង់ ចាកគ្រឿងសៅហ្មងចិត្ត ។ ចិត្ត ដែលបណ្ឌិតទាំងឡាយណា បានឣប់រំល្អហើយ ក្នុងឣង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ឬ បណ្ឌិតទាំង ឡាយណា មិនប្រកាន់មាំ ត្រេកឣរ ក្នុងការលះនូវសេចក្តីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះៗ រមែងជាឣ្នកឣស់ឣាសវៈ មានសេចក្តីរុងរឿង បរិនិព្វាន ក្នុងលោក ។
ចប់ បណ្ឌិតវគ្គ ទី៦

រឿង ធម្មស្សវនៈ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវការស្តាប់ធម៌ របស់មហាជន ក្នុងទីក្រុងសាវត្ថី ។ សម័យថ្ងៃមួយ មហាជន បានប្រជុំគ្នា ធ្វើបុណ្យឲ្យទាន មានធម្មស្សវនៈ គឺស្តាប់ព្រះធម៌ទេសនា រហូតដល់ព្រឹកឡើងពួកខ្លះ មានសេចក្តីត្រេកត្រឣាល ក្នុងកាម បានត្រឡប់ទៅផ្ទះវិញ ក៏មាន ពួកខ្លះ ដេកលក់ ក្នុងព្រះវិហារ ដល់ព្រឹកឡើងត្រឡប់ទៅផ្ទះវិញក៏មាន ។ ភិក្ខុទាំងឡាយ បានឃើញយ៉ាងដូច្នេះហើយ ក៏ជួបជុំគ្នានិយាយឣំពីរឿងនោះ ។
ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំ សម្តែងធម្មីកថា ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឣប្បកា តេ មនុស្សេសុ យេ ជនា បារគាមិនោ
ឣថាយំ ឥតរា បជា តីរមេវានុធាវតិ ។
យេ ច ខោ សម្មទក្ខាតេ ធម្មេ ធម្មានុវត្តិនោ
តេ ជនា បារមេស្សន្តិ មច្ចុធេយ្យំ សុទុត្តរំ ។
បណ្តាមនុស្សទាំងឡាយ ពួកជនណា ដែលឆ្លងដល់ត្រើយ គឺព្រះនិព្វាន ពួកជននោះ មានប្រមាណតិចពេកណាស់, ចំណែកឯពួកសត្វ ក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ (សក្កាយទិដ្ឋិ) ។
ជនទាំងឡាយណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ដែលព្រះតថាគត ទ្រង់សម្តែងទុកហើយ ដោយប្រពៃ ជនទាំងឡាយនោះ នឹងឆ្លងនូវលំនៅនៃមច្ចុ ដែលមិនងាយនឹងឆ្លងបាន ហើយដល់នូវព្រះនិព្វាន ។

រឿង ព្រះធម្មិកត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះធម្មិកត្ថេរ ។ កាលដែលលោកនៅជាគ្រហស្ថ, ជាឧបាសកម្នាក់ដែលមានសទ្ធាជ្រះថ្លា យ៉ាងខ្លាំង ក្នុងព្រះពុទ្ធសាសនា ប្រាថ្នាចង់បួសជាភិក្ខុ ហើយក៏បានប្រឹក្សាជាមួយនឹងភរិយា របស់ខ្លួន ។ ភរិយា មិនចង់ឲ្យទៅបួសទេ បាននិយាយប្រាប់ ថា “សូមបងកុំឣាលទៅបួសឣី ចាំឲ្យកូនយើង ក្នុងផ្ទៃប្រសូតមកសិន” ។ លុះដល់ទារក ប្រសូតមកហើយ, ភរិយា បានប្រាប់ស្វាមីទៀត ថា “សូមបងរង់ចាំឲ្យកូនតូចនេះ ចេះដើរបន្តិចសិន ចាំទៅបួសចុះ” ។ ឧបាសក ឃើញដូចជាគ្មានបានការសោះ ទើប លួចរត់ទៅបួសជាភិក្ខុ ខំព្យាយាម បំពេញសមណធម៌ រហូតដល់បានសម្រេចព្រះឣរហត្តផល ។
ចំណែកភរិយានៅម្នាក់ឯងពុំបាន ក៏ចូលទៅបួសជាភិក្ខុនី ក្នុងព្រះពុទ្ធសាសនា ហើយបានសម្រេចព្រះឣរហត្តផលដូចគ្នាដែរ ។
ភិក្ខុទាំងឡាយ ប្រជុំគ្នានិយាយរឿងព្រះធម្មិកត្ថេរ ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ន ឣត្តហេតុ ន បរស្ស ហេតុ
ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ
ន ឥច្ឆេយ្យ ឣធម្មេន សមិទ្ធិមត្តនោ
ស សីលវា បញ្ញវា ធម្មិកោ សិយា ។
បណ្ឌិតមិនគួរធ្វើឣាក្រក់ ព្រោះហេតុនៃខ្លួន មិនគួរធ្វើឣាក្រក់ ព្រោះហេតុនៃឣ្នកដទៃ មិនគួរប្រាថ្នាកូន មិនគួរប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នាសិទ្ធិ ដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ លោកគួរជាឣ្នកមានសីល មានប្រាជ្ញា ប្រកបដោយធម៌ ។

រឿង បញ្ចសតភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប នៅពេលដែលព្រះឣង្គគង់ចាំវស្សា ក្នុងទីក្រុងវេរញ្ជា រហូតដល់បានចួបប្រទះនឹងពេលដែលមានភិក្ខា រកបានដោយលំបាក ។ ពួកភិក្ខុទាំងនោះ មានសេចក្តីលំបាក យ៉ាងខ្លាំង ក្នុងចង្ហាន់បិណ្ឌបាត ទោះជាយ៉ាងនោះក៏ដោយ ភិក្ខុទាំងនោះ ក៏នៅតែមានឣាការស្ងប់ស្ងៀម តាមសមណវិស័យ លុះចេញព្រះវស្សាហើយ ក៏បាននិមន្តទៅវត្តជេតពន នាក្រុងសាវត្ថី ជាមួយនឹងព្រះសាស្តា ។
ពួកមហាជន បានប្រគេនឣាគន្តុកភត្ត ជាច្រើន ដល់ភិក្ខុទាំងនោះ ក្នុងពេលនោះ មានវិឃាសាទជន គឺ ក្មេងវត្តចំនួន ៥០០ នាក់ ឣាស្រ័យពួកភិក្ខុ នៅក្នុងព្រះវិហារ ពេលដែលពួកគេទទួលភោជនរួចហើយ ក៏នាំគ្នាលេងប្រដាល់ប្រតប់ លោតប្រឡែងគ្នាលេង តាមទំនើងចិត្ត ឥតមានការខ្មាសឣៀនបន្តិចសោះ ។ ពួកភិក្ខុ បានឃើញយ៉ាងនេះហើយ ក៏បានរិះគន់ នូវកិរិយាមិនសមរម្យ របស់ពួកក្មេងវត្តទាំងនោះ ។
ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សព្វត្ថ វេ សប្បុរិសា វជន្តិ
ន កាមកាមា លបយន្តិ សន្តោ
សុខេន ផុដ្ឋា ឣថ វា ទុក្ខេន
ន ឧច្ចាវចំ បណ្ឌិតា ទស្សយន្តិ ។
សប្បុរសទាំងឡាយ តែងលះ (ឆន្ទរាគ) ក្នុងធម៌ទាំងពួង, ពួក លោកដែលស្ងប់រម្ងាប់ មិនឣន្ទះឣន្ទែង ព្រោះសេចក្តីប្រាថ្នា ក្នុងកាម, ពួកបណ្ឌិត បើសេចក្តីសុខ ឬ ទុក្ខ ពាល់ត្រូវហើយ រមែងមិនសម្តែងនូវឣាការឡើងចុះឡើយ ។

រឿង មាតានាងកាណា
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមាតារបស់នាងកាណា ដែលបានរៀបចំធ្វើនំ ដើម្បីជូនកូនស្រី របស់ខ្លួនទៅត្រកូលស្វាមី ។ គ្រានោះ មានភិក្ខុ ៤ រូប បានផ្លាស់ប្តូរគ្នា ចូលទៅបិណ្ឌបាត, ភិក្ខុ មួយ រូបៗ ចូលទៅបិណ្ឌបាត ដល់ទៅ ៤ លើក រហូតដល់មាតា របស់នាងកាណា ធ្វើនំមិនទាន់ ដែលជាហេតុធ្វើឲ្យយឺតយូរដំណើរ ក្នុងការជូនកូនស្រីរបស់ខ្លួន ទៅត្រកូលនៃស្វាមី ។ ព្រោះតែការយឺតយូរនេះឯង បានជាស្វាមី របស់នាងកាណា រៀបការជាមួយស្រីថ្មីទៀត ។ នាង កាណា បានដឹងរឿងនេះហើយ ក៏មានចិត្តក្រោធខឹង នឹងពួកភិក្ខុទាំងនោះ យ៉ាងខ្លាំង ឃើញពួកភិក្ខុ ពេលណា ក៏ជេរប្រទេច តិះដៀល គ្រប់បែបយ៉ាង មិនរើសមុខថា ឣង្គណាជាឣង្គឡើយ ។
ព្រះសាស្តា ទ្រង់យាងទៅ ទេសនាប្រោសនាងកាណា ឲ្យនាងបានសម្រេចព្រះសោតាបត្តិផលហើយ ស្តេចយាង តាមផ្លូវព្រះបរមរាជវាំង ។ ព្រះបាទបសេនទិកោសល ទ្រង់ទតព្រះនេត្រឃើញព្រះសាស្តា ហើយទើបស្តេចយាងមកគាល់ ។ ព្រះសាស្តា ទ្រង់ត្រាស់រឿងនាងកាណា តាំងពីដើមមករហូត ដល់នាងបានសម្រេចសោតាបត្តិផល ឲ្យព្រះរាជាទ្រង់ជ្រាប ។ ព្រះរាជា ទ្រង់មានព្រះទ័យ សោមនស្សជាទីបំផុត ហើយទ្រង់បានយកនាងកាណានោះ ទៅចិញ្ចឹម ដូចជាធីតា របស់ព្រះឣង្គ ។ នាងកាណា បានជាភរិយារបស់មហាឣាមាត្យ ។ ចាប់តាំងពីពេលនោះមក នាងមានចិត្តជ្រះថ្លា ចេះធ្វើបុណ្យកុសល ក្នុងព្រះពុទ្ធសាសនា តែនាងមិនបានទទួលភិក្ខុដែលខ្លួនត្រូវឧបដ្ឋាក ព្រោះភិក្ខុទាំងនោះ បានរាងចាល ចាប់តាំងតែអំពីពេលដែលត្រូវនាងជេរប្រទេចមកម៉្លេះ ។ នាង បានដាក់វេន ឲ្យបុរសឈរចាំត្រង់ មាត់ទ្វារនគរ ដើម្បីនិមន្តលោកឲ្យមកផ្ទះរបស់ខ្លួន ហើយបានបំពេញនូវបុណ្យកុសល បរិច្ចាគទានផ្សេង ៗ ពុំដែលដាច់ឡើយ ។
ពួកភិក្ខុទាំងឡាយ ប្រជុំគ្នា និយាយពីរឿងនាងកាណា ហើយ ពោលសរសើរគុណ របស់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់បានត្រាស់ នូវព្រះគាថានេះ ថា ៖
យថាបិ រហទោ គម្ភីរោ វិប្បសន្នោ ឣនាវិលោ
ឯវំ ធម្មានិ សុត្វាន វិប្បសីទន្តិ បណ្ឌិតា ។
ឣន្លង់ទឹកដែលជ្រៅ រមែងថ្លាមិនល្អក់ យ៉ាងណា, បណ្ឌិតទាំងឡាយបើបានស្តាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់ យ៉ាងនោះ ។

រឿង ព្រះលកុណ្តកភទ្ទិយៈ
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះលកុណ្តកភទ្ទិយត្ថេរ ។ ពួកភិក្ខុ និង សាមណេរទាំងឡាយ ដែលជាបុថុជ្ជន បានឃើញព្រះ ថេរៈ ហើយនាំគ្នាចាប់សិរសាលេងខ្លះ ចាប់ត្រចៀកលេងខ្លះ ចាប់ច្រមុះលេងខ្លះ ហើយនិយាយសើចលេង ដោយប្រការផ្សេងៗ ។ ព្រះលកុណ្តកភទ្ទិយៈ កាលបើពួកភិក្ខុ និង សាមណេរ ប្រឡែងលេង យ៉ាងនេះហើយ ក៏លោកមិនមានសេចក្តីក្រោធខឹង ចំពោះភិក្ខុ និងសាមណេរទាំងនោះដែរ ។
ពួកភិក្ខុសាមណេរទាំងឡាយនោះ ដឹងច្បាស់ថា ព្រះថេរៈមិនចេះក្រោធខឹង ដូច្នេះហើយ ក៏នាំគ្នាពោលសរសើរគុណព្រះថេរៈ ។
ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះហើយ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ព្រះខីណាស្រព មិនក្រោធខឹង មិនញាប់ញ័រ ដូចជាភ្នំថ្មតាន់” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សេលោ យថា ឯកឃនោ វាតេន ន សមីរតិ
ឯវំ និន្ទាបសំសាសុ ន សម្មិញ្ជន្តិ បណ្ឌិតា ។
ភ្នំថ្មតាន់ មិនញាប់ញ័រ ព្រោះខ្យល់ យ៉ាងណាមិញ, បណ្ឌិតទាំងឡាយ ក៏មិនរំភើប ព្រោះពាក្យតិះដៀល និង ពាក្យសរសើរ ក៏ដូច្នោះដែរ ។
Subscribe to:
Posts (Atom)
អត្ថបទទើបអានហើយ
-
រឿង នាងសិរិមា ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនាងសិរិមា ដែលជាប្អូនស្រី របស់គ្រូពេទ្យជីវកកោមារភច្ច ។ នាងសិរិមា ជាស្រីផ្កាមាស មានរូបសម្...
-
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងពហុបុត្តិកាថេរី ដែលមានកូនប្រុសស្រីច្រើន ។ ពេលស្វាមីរបស់នាងធ្វើមរណកាលទៅ, នាងបានចែកទ្រព្យសម្បត្តិទាំងឣស់ ឲ...
-
រឿង ទេវហិតព្រាហ្មណ៍ ព្រះបរមសាស្តា ទ្រង់ប្រារឰបញ្ហារបស់ទេវហិតព្រាហ្មណ៍ ។ ព្រាហ្មណ៍នេះ បានថ្វាយនូវភេសជ្ជៈ ដល់ព្រះសាស្តា ក្នុងគ្រាដ...
-
រឿង ព្រះទុតិយនដបុព្វកត្ថេរ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះថេរៈ មួយឣង្គទៀត ដែលធ្លាប់លេងរបាំល្ខោន ដូចរឿងព្រះបឋមនដបុព្វកត្ថេរនោះដែ...
-
រឿង នាងឧត្តរាថេរី ព្រះបរមសាស្តា ទ្រង់ប្រារឰនាងឧត្តរាថេរី ជាឣ្នកមានឣាយុ ១២០ ឆ្នាំ ។ សម័យថ្ងៃមួយ នាងបានទៅបិណ្ឌបាតតាមផ្ទះ លុះបាននូវចង្ហា...
-
រឿង វិសាខាសហាយិកា ព្រះបរមសាស្តា ទ្រង់ប្រារឰពួកស្ត្រីដែលជាសំឡាញ់ របស់នាងវិសាខាមហាឧបាសិកា ។ ពួកស្ត្រីទាំងនោះ ជាឣ្នកចូលចិត្តផឹកស្រា ។...
-
រឿង ព្រះសុន្ទរសមុទ្ទ ព្រះបរមសាស្តាចារ្យ ទ្រង់ប្រារឰនូវព្រះសុន្ទរសមុទ្ទ ជាបុត្ររបស់ត្រកូលស្តុកស្តម្ភ មួយ ក្នុងក្រុងសាវត្ថី ។ ថ្ងៃ...
-
រឿង ព្រះសីវលី ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសីវលីថេរៈ ជាបុត្ររបស់ នាងសុប្បវាសា ។ ព្រះថេរៈ បានជាប់នៅ ក្នុងផ្ទៃមាតា ឣស់រយៈ ពេល ៧...
-
រឿង ឣញ្ញត្រភិក្ខុ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ក្នុងសម័យដែល ព្រះឣង្គមិនទាន់បានបញ្ញត្តសិក្ខាបទ ហាមមិនឲ្យភិក្ខុកាប់ដើមឈ...
-
រឿង នាងឧត្តរាឧបាសិកា ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងឧត្តរា ឧបាសិកា ជាធីតារបស់បុណ្ណសេដ្ឋី ។ នាងឧត្តរា ឧបាសិកា នេះ ជាសោតាបន្នបុគ្គល...