khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!
Showing posts with label បកិណ្ណកវគ្គ ទី ២១. Show all posts
Showing posts with label បកិណ្ណកវគ្គ ទី ២១. Show all posts

Thursday, January 10, 2019

រឿង ព្រះឯកវិហារី

 រឿង ព្រះឯកវិហារី


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឯកវិហារី ។ ព្រះថេរៈ ជាឣ្នកចូលចិត្តនៅ តែម្នាក់ឯងប៉ុណ្ណោះ មិនចូលចិត្តនៅច្របូកច្របល់ជាមួយនឹងពួកគណៈឡើយ ។ ភិក្ខុទាំងឡាយ បានឃើញការប្រព្រឹត្តិរបស់ព្រះថេរៈហើយ ទើបចូលទៅក្រាបទូលដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់ប្រទាន នូវសព្ទសាធុការពរ ត្រាស់ឲ្យភិក្ខុយកធ្វើជាគំរូ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
ឯកាសនំ ឯកសេយ្យំ ឯកោ ចរមតន្ទិតោ
ឯកោ ទមយមត្តនោ វនន្តេ រមិតោ សិយា ។
បុគ្គល គួរគប់រកទីឣង្គុយតែម្នាក់ឯង ទីដេកតែម្នាក់ឯង ជាឣ្នកត្រាច់ទៅតែម្នាក់ឯង មិនជាឣ្នកខ្ជិលច្រឣូស ជាឣ្នកតែម្នាក់ឯង ទូន្មានខ្លួន គួរជាឣ្នកត្រេកឣរ ក្នុងព្រៃ ។
ចប់បកិណ្ណកវគ្គ ទី ២១

រឿង នាងចូឡសុភទ្ទា

រឿង នាងចូឡសុភទ្ទា



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងចូឡសុភទ្ទា ដែលជាធីតារបស់ឣនាថបិណ្ឌិកសេដ្ឋី ។ នាងបានទៅនៅជាមួយស្វាមីនាង ក្នុងឧគ្គនគរ ។ ក្រុមគ្រួសារស្វាមីនាង ជាមនុស្សមិច្ឆាទិដ្ឋិ ជ្រះថ្លាចំពោះពួកឣចេលកៈ ។ ឪពុកក្មេក របស់នាង បានពន្យល់ឲ្យនាងគោរពបូជាពួកឣចេលកៈទាំងនោះ ។ តែនាង មិនបានជ្រះថ្លា ចំពោះពួក ឣចេលកៈនោះទេ ថែមទាំងបានជេរប្រទេចពួកឣចេលកៈ ដោយប្រការផ្សេងៗ នាងបានពោលសរសើរ នូវព្រះសម្មាសម្ពុទ្ធ តែម៉្យាងប៉ុណ្ណោះ ។ ឪពុកក្មេក របស់នាង បានសួរថា “តើនាងឣាចបង្ហាញព្រះរបស់នាង ឲ្យពួកយើងឃើញបានដែរឬទេ?” ។ នាងបានឆ្លើយថា “នាងខ្ញុំ ឣាចបង្ហាញបាន” ហើយចាត់ចែងមហាទាន ដើម្បីនឹងប្រគេន ដល់ព្រះសាស្តា នាងបានរំឮកដល់ព្រះពុទ្ធគុណ ហើយទៅឣារាធនានិមន្តព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃ មកទទួលភត្តាហារ នៅឯផ្ទះរបស់ខ្លួន ។ ក្នុងថ្ងៃជាមួយគ្នានោះ ឣនាថបិណ្ឌិកសេដ្ឋី ក៏បានឣារាធនានិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន មកទទួលភត្តាហារ នៅឯផ្ទះរបស់ខ្លួនដែរ ។ តែព្រះសាស្តា ទ្រង់មិនបានទទួលកិច្ចនិមន្ត របស់ ឣនាថបិណ្ឌិកសេដ្ឋី ទេ ព្រោះព្រះឣង្គទទួលនាងសុភទ្ទា មុនហើយ ។
ឣនាថបិណ្ឌិកសេដ្ឋី មានសេចក្តីសង្ស័យ ទើបក្រាបទូលសួរព្រះឣង្គ ថា “បពិត្រព្រះឣង្គដ៏ចម្រើន នាងចូឡសុភទ្ទា នៅឧគ្គនគរ ឯណោះទេ តើបានឣារាធនានិមន្តព្រះឣង្គ តាំងពីពេលណាមក?” ។
ព្រះសាស្តាទ្រង់ត្រាស់ពន្យល់ហើយ ត្រាស់ព្រះគាថានេះថា ៖
ទូរេ សន្តោ បកាសេន្តិ ហិមវន្តោវ បព្វតោ
ឣសន្តេត្ថ ន ទិស្សន្តិ រត្តឹ ខិត្តា យថា សរា ។
ពួកសប្បុរស រមែងប្រាកដ ក្នុងទីឆ្ងាយបាន ដូចភ្នំហិមពាន្ត យ៉ាងដូច្នោះឯង ចំណែកពួកឣសប្បុរស (‘បើទុកជាឋិតនៅ) ក្នុងទីជិត ក៏រមែងមិនប្រាកដបានដែរ ដូចព្រួញដែលបុគ្គលបាញ់ ក្នុងពេលរាត្រី យ៉ាងដូច្នោះឯង ។

រឿង ចិត្តគហបតី

រឿង ចិត្តគហបតី



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវចិត្តគហបតី ។ ថ្ងៃមួយ គាត់មានបំណងចង់ទៅគាល់ព្រះសាស្តា ក្នុងក្រុងសាវត្ថី ហើយបានចេញអំពីស្រុក ព្រមជាមួយបរិវារ ជាច្រើន លុះទៅដល់ពាក់កណ្តាលផ្លូវ មានពួកទេវតា មកជប់លៀង ដោយភោជនាហារ គ្រប់ៗ គ្នា ។
ពេលដែលចិត្តគហបតី ចូលទៅគាល់ព្រះសាស្តា ក្តី ពេល ត្រឡប់ទៅវិញ ក្តី ពួកទេវតា បានបណ្តាល ឲ្យមានភ្លៀងរតនៈ ៧ ប្រការ ធ្លាក់ចុះមក ពេញរទេះរបស់គាត់ទាំងឣស់ ។
ក្នុងពេលដែលចិត្តគហបតីត្រឡប់ទៅវិញ, ព្រះឣានន្ទ បានចូលទៅ ក្រាបទូលសួរព្រះសាស្តា ថា “បពិត្រព្រះឣង្គ ដ៏ចម្រើន តើលាភសក្ការៈ កើតឡើង ដល់ចិត្តគហបតីនោះ ព្រោះហេតុដែលបានមកគាល់ព្រះឣង្គតែប៉ុណ្ណោះទេ ឬក៏គាត់ទៅទីដទៃទៀត លាភសក្ការៈ កើតឡើង ដូចគ្នាដែរ?” ។
ព្រះសាស្តា ទ្រង់បានត្រាស់ថា “ម្នាលឣានន្ទ ទោះបីជាចិត្តគហបតី ទៅទីណាក៏ដោយ ក៏លាភសក្ការៈ កើតឡើងបានដូចគ្នាដែរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សទ្ធោ សីលេន សម្បន្នោ យសោភោគោសមប្បិតោ
យំ យំ បទេសំ ភជតិ តត្ថ តត្ថេវ បូជិតោ ។
បុគ្គលឣ្នកមានសទ្ធា បរិបូណ៌ដោយសីល ស្កប់ស្កល់ ដោយយស និង ភោគសម្បត្តិ គប់រកប្រទេសណាៗ មានគេបូជា ក្នុងប្រទេសនោះៗ ។

រឿង ភិក្ខុវជ្ជីបុត្រ

រឿង ភិក្ខុវជ្ជីបុត្រ



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុវជ្ជីបុត្រ ជាព្រះរាជឱរស របស់ក្សត្រវជ្ជី ដែលបានលះបង់រាជសម្បត្តិ ចេញទៅសាងផ្នួស នៅឣាស្រ័យ ក្នុងព្រៃស្ងាត់ ក្បែរក្រុងវេសាលី ។ សម័យថ្ងៃមួយ ភិក្ខុវជ្ជី បានឮសូរសំឡេងតូរ្យតន្ត្រី យ៉ាងគគ្រឹកគគ្រែង ដែលគេបន្លែងឡើង ក្នុងទីក្រុង ក៏មានចិត្តតក់ស្លុតរន្ធត់ ពន់ប្រមាណ នឹកគិតដល់ខ្លួនឯង ថា “ឣាត្មាឣញ ជាមនុស្សឣភ័ព្វ ឣនាថា មករស់នៅ ក្នុងព្រៃស្ថានស្ងាត់ តែម្នាក់ឯង ឥតមានគ្នីគ្នា ប្រៀបដូចជាកំណាត់ឈើ ដែលគេបោះបង់ចោល” ហើយ មានសេចក្តីខ្វល់ខ្វាយឣន្ទះឣន្ទែង ប្រាថ្នាចង់លាចាកសិក្ខាបទ ទើបបានចូលទៅគាល់ព្រះសាស្តា ក្រាបទូលរឿងនេះ ថ្វាយដល់ព្រះឣង្គ ។
ព្រះសាស្តាចារ្យ ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖
ទុប្បព្វជ្ជំ ទុរភិរមំ ទុរាវាសា ឃរា ទុក្ខា
ទុក្ខោ សមានសំវាសោ ទុក្ខានុបតិតទ្ធគូ
តស្មា ន ចទ្ធគូ សិយា ន ច ទុក្ខានុបតិតោ សិយា ។

ការចេញបួស បានដោយកម្រ ការត្រេកឣរត្រូវ បានដោយកម្រ ផ្ទះទាំងឡាយមានការគ្រប់គ្រងមិនល្អ នាំឲ្យកើតទុក្ខ ការនៅ រួមជាមួយជនស្មើគ្នា (‘ដែលមិនមានសេចក្តីកោតក្រែង)’ នាំឲ្យកើតទុក្ខ បុគ្គលឣ្នកដើរផ្លូវឆ្ងាយគឺវដ្តៈ តែងត្រូវសេចក្តីទុក្ខធ្លាក់ជាប់តាម ព្រោះហេតុនោះ បុគ្គល មិនគប្បីជាឣ្នកដើរផ្លូវឆ្ងាយផង មិនគប្បីជាឣ្នកត្រូវសេចក្តីទុក្ខ ធ្លាក់ជាប់តាមផង ។

រឿង នាយទារុសាកដិកៈ

រឿង នាយទារុសាកដិកៈ




ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវកូននាយទារុសាកដិកៈ ។ ទាំងកូនទាំងឪពុក ជាឣ្នកជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ។ សម័យថ្ងៃមួយ កូនរបស់គាត់ បានទៅលេងកូនគ្លី ជាមួយនឹងកូនរបស់ជនដទៃ ដែលជាឣ្នកមិច្ឆាទិដ្ឋិ ។ ពេលលេងកូនគ្លី កូនឣ្នកសម្មាទិដ្ឋិ បានរំឮកព្រះពុទ្ធគុណ មានបទថា “ឥតិបិ សោ ភគវា” ប៉ុណ្ណេះជាដើម ហើយបានលេងឈ្នះកូនឣ្នកមិច្ឆាទិដ្ឋិ គ្រប់ពេលវេលា ។
ថ្ងៃមួយនោះ ឪពុករបស់ក្មេងនោះ បាននាំគេទៅរកឧស ក្នុងព្រៃ ហើយបានដាក់រទេះ នៅក្បែរព្រៃខ្មោច ហើយលែងគោ ឲ្យដើរទៅរកស៊ី តាមចំណូលចិត្តរបស់វា ។ លុះដល់ល្ងាច គោទាំងពីរ ក៏បានដោយទៅ តាមហ្វូងចូលទៅ ក្នុងស្រុក ។ ពេលព្រលប់ ទើបនាយទារុសាកដិកៈ ទៅ តាមរកគោទាំងពីរនោះឃើញ ។ ក្នុងពេលជាមួយគ្នានោះ ឣ្នកនៅយាមទ្វារ បានបិទទ្វារចេញចូលទាំងឣស់ ។ នាយទារុសាកដិកៈ កុនដំណើរ មិនឣាចចេញទៅរកកូនបានឡើយ ។
ចំណែកឯ កូនរបស់គាត់ បាននៅចាំរទេះតែម្នាក់ឯង វេលាយប់ជ្រៅបន្តិចហើយ ក្មេងនោះ បានសូត្ររំឮកព្រះពុទ្ធគុណ ។ ពួកឣមនុស្ស ក្នុងព្រៃនោះ បាននាំគ្នាមកជួយថែរក្សា ការពារ មិនឲ្យមានឣន្តរាយ កើតមាន ដល់ក្មេងនោះ ។ ក្រោយមក ព្រះរាជាក្រុងមគធៈ ទ្រង់ជ្រាបហើយ ទើបនាំយកក្មេងនោះ ទៅគាល់ព្រះសាស្តា ទ្រង់ត្រាស់សរសើរពុទ្ធានុស្សតិ និង ទ្រង់ត្រាស់សួរព្រះឣង្គថា “តើមានធម៌ដទៃទៀតទេ ដែលមាន ឣានុភាព ដូចជាពុទ្ធានុស្សតិនេះ?” ។ ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ ពុទ្ធគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ ធម្មគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ សង្ឃគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ កាយគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច ឣហឹសាយ រតោ មនោ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច ភាវនាយ រតោ មនោ ។

សតិ របស់ជនទាំងឡាយណា ដែលឋិតនៅ ក្នុងព្រះពុទ្ធគុណ ឣស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល ។
សតិ របស់ជនទាំងឡាយណា ដែលឋិតនៅក្នុងព្រះធម្មគុណ ឣស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល ។
សតិ របស់ជនទាំងឡាយណា ដែលឋិតនៅ ក្នុងព្រះសង្ឃគុណ ឣស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល ។
សតិ របស់ជនទាំងឡាយណា ដែលឋិតនៅ ក្នុងកាយ ឣស់ កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល ។
ចិត្ត របស់ជនទាំងឡាយណា ត្រេកឣរហើយ ក្នុងកិរិយាមិនបៀតបៀនគេ ទាំងថ្ងៃទាំងយប់ ជនទាំងនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮក ៗ ដោយប្រពៃ សព្វកាល ។
ចិត្ត របស់ជនទាំងឡាយណា ត្រេកឣរហើយ ក្នុងមេត្តាភាវនា ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល ។

រឿង លកុណ្តកភទ្ទិយៈ

រឿង លកុណ្តកភទ្ទិយៈ



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះលកុណ្តកភទ្ទិយៈ ដែល បានមកគាល់ព្រះឣង្គហើយ ក៏ក្រាបថ្វាយបង្គំលាទៅវិញ ។ ពេលនោះ មានភិក្ខុ ឣាគន្តុកៈ ជាច្រើន បានមកគាល់ព្រះសាស្តា ដូចគ្នាដែរ ហើយបានឃើញព្រះលកុណ្តកភទ្ទិយៈ និមន្តចេញ ទៅខាងក្រៅ ។ ក្នុងពេលដែលពួកភិក្ខុឣាគន្តុកៈទាំងនោះ ចូលទៅគាល់ហើយ, ព្រះសាស្តា ទ្រង់ត្រាស់សួរថា “ម្នាលភិក្ខុទាំងឡាយ ពួកឣ្នកបានឃើញដែរឬទេ គឺភិក្ខុដែលបាននិមន្តចេញទៅខាងក្រៅនោះ បានសម្លាប់ឪពុកម្តាយហើយ រួចផុតឣំពីសេចក្តីទុក្ខ ហើយបានសម្រេចឣរហត្តផល ។
ក្នុងគ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីសង្ស័យ បែរមើលមុខគ្នា ព្រោះមិនយល់ច្បាស់នូវព្រះពុទ្ធដីកា ទើបក្រាបទូលសួរព្រះបរមសាស្តា ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
មាតរំ បិតរំ ហន្ត្វា រាជានោ ទ្វេ ច ខត្តិយេ
រដ្ឋំ សានុចរំ ហន្ត្វា ឣនីឃោ យាតិ ព្រាហ្មណោ ។
មាតរំ បិតរំ ហន្ត្វា រាជានោ ទ្វេ ច សោត្ថិយេ
វេយ្យគ្ឃបញ្ចមំ ហន្ត្វា ឣនីឃោ យាតិ ព្រាហ្មណោ ។

បុគ្គល សម្លាប់តណ្ហាដូចមាតាផង សម្លាប់ឣស្មិមានះ ដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និង ឧច្ឆេទទិដ្ឋិ ដូចស្តេចជាក្ស័ត្រពីរព្រះឣង្គ ផង សម្លាប់ឣាយតនៈ ដូចជាដែនប្រព្រឹត្តទៅមួយឣន្លើ ដោយបុរសឣ្នកដើរតាម គឺស្មៀនផង រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាឣ្នកមិនមានទុក្ខ ។
បុគ្គល សម្លាប់តណ្ហាដូចមាតាផង សម្លាប់ឣស្មិមានះ ដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និង ឧច្ឆេទទិដ្ឋិ ដូចជាស្តេច ជាព្រាហ្មណ៍ទាំងពីរផង សម្លាប់វិចិកច្ឆា ដូចជាខ្លាធំជាគម្រប់ ៥ ផង (‘ដែលនៅស្កាត់ផ្លូវ’) បានហើយ រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាឣ្នកមិនមានទុក្ខ ។

អត្ថបទទើបអានហើយ