khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!
Showing posts with label និរយវគ្គ ទី ២២. Show all posts
Showing posts with label និរយវគ្គ ទី ២២. Show all posts

Thursday, January 10, 2019

រឿង តិរ្ថិយសាវ័ក

រឿង តិរ្ថិយសាវ័ក
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកសាវ័ករបស់តិរ្ថិយ ។ ពួកគេទាំងអស់នោះ បានហាមប្រាមកូនៗ របស់គេ មិនឲ្យចូលទៅកាន់សំណាក់ នៃពួកសមណសាក្យបុត្រ និង មិនឲ្យសំពះ ថ្វាយបង្គំ បូជាគ្រប់ទីកន្លែង ។
សម័យថ្ងៃមួយ កូនៗ របស់ពួកតិរ្ថិយ បានទៅជាមួយកូនៗ របស់ឧបាសកឧបាសិកា ឣ្នកកាន់ព្រះពុទ្ធសាសនា ក្នុងវត្តជេតពន ។ ពេលស្រេកទឹក ក្មេងៗ ទាំងនោះ បាននាំគ្នា ចូលទៅផឹកទឹក ក្នុងវត្ត ហើយបានស្តាប់ព្រះធម៌ទេសនា មានចិត្តជ្រះថ្លា ជឿច្បាស់ ក្នុងគុណព្រះរតនត្រៃនិងសីល ហើយបានត្រឡប់ទៅផ្ទះវិញ និយាយរៀបរាប់ប្រាប់ដល់ឪពុកម្តាយ របស់ខ្លួនឲ្យបានជ្រាបផង ។ ឪពុកម្តាយ បានស្តាប់ហើយ ក៏មានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយនាំកូនៗ ទៅគាល់ព្រះសាស្តា រួចថ្វាយខ្លួនជាពុទ្ធមាមកជន ទាំងអស់គ្នា ។
ព្រះសាស្តា កាលទ្រង់សម្តែងព្រះធម៌ទេសនា ពន្យល់ឲ្យពួក គេ ប្រកាន់ជាសម្មាទិដ្ឋិវិញ ទើបត្រាស់នូវព្រះគាថានេះ ថា ៖
ឣវជ្ជេ វជ្ជមតិនោ វជ្ជេ ឣវជ្ជទស្សិនោ មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ ។
វជ្ជញ្ច វជ្ជតោ ញត្វា ឣវជ្ជញ្ច ឣវជ្ជតោ សម្មាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ សុគតឹ ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលមិនមានទោស ថា ជាហេតុដែលមានទោសផង យល់ឃើញ ក្នុងហេតុដែលមានទោស ថា ជាហេតុដែលមិនមានទោសផង សត្វទាំងឡាយនោះ តែងទៅកាន់ទុគ្គតិ ។
សត្វទាំងឡាយ ដែលប្រកាន់សម្មាទិដ្ឋិ ដឹងរបស់ដែលមានទោសថា ជារបស់ដែលមានទោសផង ដឹងរបស់ដែលមិនមានទោស ថា ជារបស់ដែលមិនមានទោសផង សត្វទាំងនោះ តែងទៅកាន់សុគតិ ។
ចប់និយវគ្គ ទី ២២

រឿង ពួកនិគ្រន្ថ

រឿង ពួកនិគ្រន្ថ



ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវពួកនិគ្រន្ថ ក្រៅសាសនា ។ សម័យថ្ងៃមួយ ភិក្ខុទាំងឡាយ សន្ទនាគ្នាថា “ពួកនិគ្រន្ថ មានសេចក្តីខ្មាសឣៀន ជាងពួកឣចេលកៈទាំងឡាយ” ។ ពួកនិគ្រន្ថ បានឮ ហើយ ទើបនិយាយទៅរកភិក្ខុទាំងនោះ យ៉ាងយូរ ។ ពួកភិក្ខុទាំង ឡាយ បានយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា ។
ព្រះសាស្តាចារ្យ ទ្រង់ជ្រាបហើយ ត្រាស់ព្រះគាថានេះ ថា ៖
ឣលជ្ជិតាយេ លជ្ជន្តិ លជ្ជិតាយេ ន លជ្ជរេ មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ ។
ឣភយេ ភយទស្សិនោ ភយេ ច ឣភយទស្សិនោ មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងខ្មាស ក្នុងហេតុដែលគេមិនត្រូវខ្មាស រមែងមិនខ្មាស ក្នុងហេតុដែលគេត្រូវខ្មាស សត្វទាំងឡាយនោះ តែងទៅកាន់ទុគ្គតិ ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលគេមិនត្រូវខ្លាច ថា ជាហេតុដែលគេត្រូវខ្លាចផង យល់ឃើញ ក្នុងហេតុដែលគេត្រូវខ្លាច ថា ជាហេតុដែលគេមិនត្រូវខ្លាចផង សត្វទាំងឡាយនោះ តែងទៅកាន់ទុគ្គតិ ។

រឿង ឣាគន្តុកភិក្ខុ

រឿង ឣាគន្តុកភិក្ខុ
 


ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុឣាគន្តុកៈ ជាច្រើនរូប ។ ពួកភិក្ខុទាំងនោះ បានទៅចាំវស្សា ក្នុងបច្ចន្តជនបទ ជាបឋម នៅចាំវស្សា មានសេចក្តីសុខសប្បាយ ជាធម្មតាទេ តែពេលក្រោយមក មិនមានសេចក្តីសុខសប្បាយឡើយ ព្រោះគោចរគ្រាម មានពួកចោរមកបៀតបៀន លុះដល់បវារណាចេញវស្សាហើយ ក៏បាននាំគ្នាទៅក្រាបទូលព្រះសាស្តា ។ ព្រះសាស្តា ទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ ការរស់នៅជាសុខសប្បាយ ឣស់កាលជានិច្ចនិរន្តរ៍នោះ គឺបុគ្គលរកបានដោយកម្រពេកណាស់ ភិក្ខុ ត្រូវថែរក្សាខ្លួន ឲ្យដូចជាគេថែរក្សានគរ យ៉ាងនោះឯង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
នគរំ យថា បច្ចន្តំ គុត្តំ សន្តរពាហិរំ ឯវំ គោបេថ ឣត្តានំ ខណោ វោ មា ឧបច្ចគា ខណាតីតា ហិ សោចន្តិ និរយម្ហិ សមប្បិតា ។
ឣ្នកទាំងឡាយ ចូរថែរក្សាការពារខ្លួន ឲ្យដូចជាគេថែរក្សាការពារនគរ ដែលនៅទីបំផុតដែន យ៉ាងដូច្នោះឯង ចូរកុំឲ្យខណៈ កន្លងឣ្នកទាំងឡាយបានឡើយ ព្រោះថា បុគ្គលទាំងឡាយ ដែលឲ្យ ខណៈ កន្លងហួសហើយ រមែងសោកស្តាយ ក្នុងនរក មីដេរដាស ។

រឿង ស្រីឣ្នកច្រណែន

រឿង ស្រីឣ្នកច្រណែន



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវស្រីច្រណែនម្នាក់ ។ ស្វាមីរបស់នាង បានយកនាងទាសីស្រីបម្រើ ក្នុងផ្ទះរបស់ខ្លួន មកធ្វើជាប្រពន្ធចុង ។ ថ្ងៃមួយ ស្វាមីនាងបានចេញទៅខាងក្រៅ ។ នាងប្រពន្ធដើម បានចាប់ប្រពន្ធចុងនោះចង ហើយយកកាំបិត មកកាត់ត្រចៀកច្រមុះ ស្រេចហើយ ទើបយកទៅលាក់ទុក នៅក្នុងបន្ទប់ ដើម្បីកុំឲ្យស្វាមីនាងដឹង ។ លុះដល់ស្វាមី ត្រឡប់មកវិញ នាងប្រពន្ធដើមនោះ ធ្វើជាបបួលស្វាមីទៅស្តាប់ធម៌ នៅឯវត្តជេតពន នាទីក្រុងសាវត្ថី ។ ថ្ងៃនោះឯង ពួកញាតិ របស់នាងទាសី (‘ប្រពន្ធចុង)’ បានចូលមករកនាង ក៏ស្រាប់តែឃើញនាងជាប់ចំណង ហើយបានស្រាយចំណងចេញ ។ នាងទាសីនោះ បានរួចពីចំណងហើយ ក៏ធ្វើដំណើរទៅកាន់វត្តជេតពន ដើម្បីស្តាប់ធម៌ទេសនា លុះទៅដល់ហើយ នាងបានចូលទៅ ក្រាបថ្វាយបង្គំទូលរឿងនោះ ដល់ព្រះសាស្តា ។
ព្រះសាស្តាទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖
ឣកតំ ទុក្កតំ សេយ្យោ បច្ឆា តប្បតិ ទុក្កតំ កតញ្ច សុកតំ សេយ្យោ យំ កត្វា នានុតប្បតិ ។
ឣំពើឣាក្រក់ដែលបុគ្គលមិនធ្វើ ប្រសើរជាង (ព្រោះថា’) ឣំពើ ឣាក្រក់ រមែងធ្វើឲ្យក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ បុគ្គលធ្វើឣំពើណាហើយ រមែងមិនក្តៅក្រហាយស្តាយក្រោយ ឣំពើនោះ ដែលបុគ្គលធ្វើហើយ ធ្វើបានល្អហើយ ឈ្មោះថា ជាឣំពើដ៏ប្រសើរ ។

រឿង ទុព្វចភិក្ខុ

រឿង ទុព្វចភិក្ខុ



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ជាឣ្នកដែលគេ ឣប់រំទូន្មាន ប្រៀនប្រដៅ បានដោយលំបាក ។ សម័យថ្ងៃមួយ មានភិក្ខុដទៃទៀត បានចូលមកសួរឣំពីរឿងបោចស្មៅថា “មានទោសដូច ម្តេច?” ។ ទុព្វចភិក្ខុនោះ បានឆ្លើយថា “បើបានសម្តែងឣាបត្តិហើយនោះ វានឹងមានទោសអ្វីទៅ” ហើយ ក៏បានបោចស្មៅឲ្យភិក្ខុទាំងនោះមើលថែមទៀត ។ ពួកភិក្ខុទាំងឡាយ បានឃើញ យ៉ាងនេះហើយ ក៏បាននាំយករឿងនោះទៅ ក្រាបទូលថ្វាយព្រះសាស្តាទ្រង់ជ្រាប ។ ព្រះបរមសាស្តា ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖
កុសោ យថា ទុគ្គហិតោ ហត្ថមេវានុកន្តតិ
សាមញ្ញំ ទុប្បរាមដ្ឋំ និរយាយូបកឌ្ឍតិ ។
យំ កិញ្ចិ សិថិលំ កម្មំ សង្កិលិដ្ឋញ្ច យំ វតំ
សង្កស្សរំ ព្រហ្មចរិយំ ន តំ ហោតិ មហប្ផលំ ។
កយិរា ចេ កយិរាថេនំ ទឡ្ហមេនំ បរក្កមេ
សិថិលោ ហិ បរិព្វាជោ ភិយ្យោ ឣាកិរតេ រជំ ។
ស្បូងភ្លាំង ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃឯង យ៉ាងណាមិញ, ភាពជាសមណៈ ដែលបព្វជិត កាន់មិនបានស៊ប់សួនហើយ រមែងទាញបព្វជិតនោះទៅនរក យ៉ាងនោះឯង ។
កម្មឯណាមួយ ដែលធូរថយក្តី វ័តឯណាមួយ ដែលសៅហ្មងក្តី ព្រហ្មចរិយធម៌ ដែលបុគ្គលរឮក ដោយសេចក្តីរង្កៀស ក្តី កម្ម ទាំង ៣ នោះ ជារបស់មិនមានផលច្រើនឡើយ ។
បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះឲ្យមែនទែន គប្បីប្រឹងប្រែង ធ្វើកិច្ចនោះឲ្យមាំមួន ព្រោះថា សមណធម៌ ជាគ្រឿងវៀរចាកកិលេស ដែលធូរថយ រមែងរោយធូលី គឺរាគាទិក្កិលេស ដល់បុគ្គល ដោយក្រៃលែង ។

រឿង ខេមកសេដ្ឋីបុត្រ

រឿង ខេមកសេដ្ឋីបុត្រ



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសេដ្ឋីបុត្រម្នាក់ ឈ្មោះខេមកៈ ជាចៅរបស់ឣនាថបិណ្ឌិកសេដ្ឋី ។ ខេមកៈនេះ ជាឣ្នកមានរូបសម្បត្តិ មុខមាត់ស្រស់ស្អាតល្អ គួរជាទីពេញចិត្តដល់ឣ្នកផង ។ ស្រី ណាឃើញហើយ ស្រីនោះ កើតមានសេចក្តីស្រឡាញ់ខេមកៈនោះភ្លាម ។ ខេមកៈ សេដ្ឋីបុត្រ បានប្រព្រឹត្តខុសព្រពៃណីនឹងស្ត្រីៗ ជារឿយៗ ។ សេដ្ឋី ជាបិតា បាននាំខេមកៈនោះ ទៅគាល់ព្រះសាស្តា ដើម្បីឲ្យព្រះឣង្គ ជួយឣប់រំទូន្មានប្រៀនប្រដៅ កុំឲ្យប្រព្រឹត្តកាមេសុមិច្ឆាចារៈ ជាបន្តទៅទៀត ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ចត្តារិ ឋានានិ នរោ បមត្តោ
ឣាបជ្ជតី បរទារូបសេវី ។
ឣបុញ្ញលាភំ ន និកាមសេយ្យំ
និន្ទំ តតិយំ និរយំ ចតុត្ថំ ។
ឣបុញ្ញលាភោ ច គតី ច បាបិកា
ភិតស្ស ភីតាយ រតី ច ថោកិកា
រាជា ច ទណ្ឌំ គរុកំ បណេតិ
តស្មា នរោ បរទារំ ន សេវេ ។
នរជន ឣ្នកប្រមាទហើយ សេពនូវប្រពន្ធ របស់បុគ្គលដទៃ រមែងដល់នូវហេតុនៃសេចក្តីទុក្ខ ៤ យ៉ាង គឺ ទី១ បានរបស់ដែលមិនមែនជាបុណ្យ ទី២ ដេកមិនបានតាមសេចក្តីប្រាថ្នា ទី៣ ការតិះដៀល ទី៤ ការធ្លាក់រនក ។ ‘ហេតុនៃសេចក្តីទុក្ខ ៤ យ៉ាងទៀត’ គឺ បានរបស់ដែលមិនមែនជាបុណ្យ ១, មានគតិឣាក្រក់ ១, សេចក្តីតម្រេករបស់បុរសឣ្នកខ្លាច ជាមួយនឹងស្ត្រីដែលខ្លាចដែរ មានប្រមាណតិច ១ ព្រះរាជា នឹងដាក់ឣាជ្ញាយ៉ាងធ្ងន់ ១ ព្រោះហេតុនោះ បុរស មិនគួរសេពប្រពន្ធ របស់បុគ្គលដទៃឡើយ ។

អត្ថបទទើបអានហើយ