Showing posts with label ចិត្តវគ្គ ទី ៣. Show all posts
Showing posts with label ចិត្តវគ្គ ទី ៣. Show all posts
Monday, December 31, 2018

រឿង ព្រះសោរេយ្យត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះសោរេយ្យត្ថេរ ជាបុ្រតសេដ្ឋីក្រុងសោរេយ្យៈ ។ ពេលដែលព្រះថេរៈ នៅជាគ្រហស្ថ លោកបានឃើញនូវព្រះមហាកច្ចាយនត្ថេរ ក៏កើតសេចក្តីស្រឡាញ់លោកភ្លាម បាននឹកគិត ក្នុងចិត្តថា “ព្រះថេរៈឣង្គនេះ មានរូបស្អាតអ្វីម៉្លេះហ្ន៎ បើបានជាភរិយា របស់ឣញ ឬក៏ ភរិយារបស់ឣញ មានរូបរាងស្អាតដូចជាព្រះថេរៈឣង្គនេះ ពិតជាប្រសើរណាស់ហ្ន៎” ។ ក្នុងមួយខណៈចិត្តដែលគិតនោះ, បុរសភេទ របស់សោរេយ្យសេដ្ឋីនោះ ក៏បានប្រែក្លាយទៅជាស្ត្រីភេទភ្លាម មួយរំពេចនោះឯង ។ ពេលដែលសោរេយ្យសេដ្ឋីនោះ បានក្លាយខ្លួនជាស្ត្រីហើយ គាត់មានការខ្មាសឣៀនយ៉ាងខ្លាំង មិនហ៊ានត្រឡប់ទៅនៅផ្ទះ របស់ខ្លួនវិញឡើយ ក៏បានភៀសខ្លួនទៅ រស់នៅឯទីក្រុងតក្កសីលា ហើយបានជាភរិយា របស់សេដ្ឋីបុត្រ នៅទីក្រុងនោះឯង ។
ពេលដែលសោរេយ្យសេដ្ឋី នៅជាបុរស ក្នុងក្រុងសោរេយ្យៈនោះ គាត់មានបុត្រ ២ នាក់, ពេលដែលក្លាយខ្លួនជាស្ត្រី បានស្វាមី នៅឯទីក្រុងតក្កសីលានោះ ក៏មានបុត្រ ២ នាក់ដែរ ។
សម័យថ្ងៃមួយ សំឡាញ់ របស់សោរេយ្យសេដ្ឋី ដែលជាឣ្នកស្និទ្ធស្នាលនឹងគ្នា នៅឯទីក្រុងសោរេយ្យៈ បានទៅលេងទីក្រុងតក្កសីលា ដឹងដំណឹងថា “សោរេយ្យសេដ្ឋី ដែលជាសំឡាញ់ របស់ខ្លួន បានក្លាយខ្លួនជាស្រី ហើយបានស្វាមី នៅទីក្រុងតក្កសីលា” ក៏កើតសេចក្តីតក់ស្លុតរន្ធត់ចិត្ត យ៉ាងខ្លាំង បានចូលទៅជួបហើយ ណែនាំសោរេយ្យសេដ្ឋីនោះ ឲ្យទៅសុំខមាទោស ចំពោះព្រះមហាកច្ចាយនត្ថេរ ។ ព្រះមហាកច្ចាយនត្ថេរ ក៏បានលើកលែងទោសឲ្យ ក្នុងគ្រានោះឯង ។
ក្នុងពេលនោះ ស្ត្រីភេទ ក៏បានវិនាសបាត់ទៅ ឯបុរសភេទ ក៏បានមកជំនួស ដូចរូបដើមវិញភ្លាម ។ ក្រោយមក សោរេយ្យសេដ្ឋី មានសទ្ធាជ្រះថ្លា បានសាងផ្នួស ក្នុងសំណាក់ព្រះមហាកច្ចាយនត្ថេរ មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។ សម័យថ្ងៃមួយ ពួកពុទ្ធបរិស័ទ ក៏បានមក សួរព្រះថេរៈ ថា “បពិត្រព្រះគុណម្ចាស់ បុត្រដែលកើតចេញពីផ្ទៃនៃភរិយា និង បុត្រដែលកើតចេញពីផ្ទៃនៃព្រះគុណម្ចាស់ តើព្រះគុណម្ចាស់ ស្រឡាញ់បុត្រខាងណា ច្រើនជាងគេបំផុត?” ។ ព្រះថេរៈ បានឆ្លើយថា “ឥឡូវនេះ ខ្ញុំព្រះករុណា ឣាត្មាភាព មិនស្រឡាញ់បុត្រខាងណា ខ្លាំងជាងខាងណាទៀតឡើយ គឺឈប់ស្រឡាញ់ទាំងឣស់ហើយ” ។
ពួកពុទ្ធបរិស័ទ បានចោទព្រះថេរៈថា “ពោលឣួតព្រះឣរហត្តផល” ដូច្នេះហើយ នាំគ្នាយករឿងនេះ ទៅក្រាបទូលថ្វាយ ដល់ព្រះ សាស្តាទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ បុត្រ របស់ តថាគត មិនបានពោលឣួតព្រះឣរហត្តផលទេ សេចក្តីស្នេហា ក្នុងបុត្រទាំងឡាយ ក៏មិនកើតមាន ដល់បុត្ររបស់តថាគតដែរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ន តំ មាតា បិតា កយិរា ឣញ្ញោ វាបិ ច ញាតកា
សម្មាបណិហិតំ ចិត្តំ សេយ្យសោ នំ តតោ ករេ ។
មាតាបិតា មិនគប្បីធ្វើនូវហេតុនោះបាន ឬ ជនទាំងឡាយដទៃ ជាញាតិ មិនគប្បីធ្វើនូវហេតុនោះបានឡើយ, ចំណែកខាងចិត្ត ដែលបុគ្គលតាំងទុកត្រូវហើយ រមែងធ្វើបុគ្គលនោះ ឲ្យប្រសើរជាងហេតុនោះបាន ។
ចប់ ចិត្តវគ្គទី ៣

រឿង នាយនន្ទគោបាល
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាយនន្ទគោបាល ។ នាយ នន្ទគោបាលនេះ ជាឣ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ តែជាឣ្នកបានភៀសខ្លួនចេញពីរាជភ័យ ដោយភាពជាឣ្នកចិញ្ចឹមគោរបស់ឣនាថបិណ្ឌកសេដ្ឋី គាត់ជាឣ្នកមានសទ្ធាមុតមាំ ក្នុងព្រះពុទ្ធសាសនា បានឣារាធនានិមន្តព្រះពុទ្ធជាម្ចាស់ ដើម្បីស្តេចយាងទៅផ្ទះរបស់ខ្លួន ។
ព្រះសាស្តាទ្រង់រង់ចាំឲ្យញាណ របស់នាយនន្ទគោបាលនោះចាស់ក្លាបន្តិចសិន លុះដល់ញាណចាស់ក្លាហើយ ទើបព្រះឣង្គស្តេចយាងទៅផ្ទះរបស់គាត់ ព្រមជាមួយនឹងភិក្ខុសង្ឃជាច្រើនឣង្គ ។
នាយនន្ទគោបាល បានឣង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឣស់រយៈពេល ៧ ថ្ងៃ ។ ព្រះសាស្តា ទ្រង់ត្រាស់សម្តែង ឣនុបុព្វីកថា ប្រោសនាយនន្ទគោបាល ឲ្យបានសម្រេចសោតាបត្តិផល ហើយស្តេច យាងត្រឡប់មកឣារាមវិញ ។ នាយនន្ទគោបាល បានជូនព្រះដំណើរព្រះសាស្តា និង ភិក្ខុសង្ឃ មកបានតែបន្តិច ក៏ត្រឡប់មកផ្ទះរបស់ខ្លួនវិញ ។ នៅពេលជា មួយគ្នានោះឯង មានព្រានម្នាក់ បានមកបាញ់នាយនន្ទគោបាលនោះស្លាប់ភ្លាមទៅ ។
ភិក្ខុទាំងឡាយ បានឃើញនាយនន្ទគោបាល ត្រូវព្រានបាញ់ស្លាប់ហើយ ទើបក្រាបទូលព្រះសាស្តាថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ព្រោះតែព្រះឣង្គស្តេចយាងមក បានជានាយនន្ទគោបាល ត្រូវបានព្រានបាញ់សម្លាប់” ។
ព្រះសាស្តា ទ្រងត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ព្រោះតែតថាគត មកក្តី មិនបានមកក្តី ឧបាយដែលនឹងឆ្លងឲ្យរួចផុតពីសេចក្តីស្លាប់នោះ ប្រាកដជាមិនមានសោះឡើយ” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ទិសោ ទិសំ យន្តំ កយិរា វេរី វា បន វេរិនំ
មិច្ឆាបណិហិតំ ចិត្តំ បាបិយោ នំ តតោ ករេ ។
ចោរ ក្រឡេកឃើញចោរផងគ្នា ឬក៏ បុគ្គលអ្នកមានពៀរ ក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្តីវិនាស ណាមួយ ដល់គ្នានឹងគ្នា, ចិត្ត ដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យឣាក្រក់ក្រៃលែង ជាងសេចក្តីវិនាសនោះទៅទៀត ។

រឿង ព្រះបូតិគត្តតិស្សត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះតិស្សត្ថេរ ដែលមានរាងកាយស្អុយរលួយ ។ ក្នុងសាសនាព្រះពុទ្ធព្រះនាមកស្សបៈ ព្រះថេរៈឣង្គនេះលោកបានកើតជាព្រានព្រៃ ដើរបរបាញ់សត្វស្លាបគ្រប់ជំពូក ធ្វើបាបកម្មនេះ ឣស់រយៈពេលជាច្រើនឆ្នាំ ។ សត្វស្លាបទាំងឡាយ ដែលគាត់ចាប់បានមកនោះ គាត់ទុកសម្រាប់បរិភោគ ក្នុងគ្រួសារខ្លះទុកសម្រាប់លក់ដូរខ្លះ ។ សត្វស្លាបដែលនៅសល់ពីបរិភោគ និង លក់ដូរ គាត់បានធ្វើឲ្យរងទុក្ខហួសប្រមាណ គឺគាត់កាច់ស្លាបខ្លះ កាច់ជើងខ្លះ កុំឲ្យវាហើរ ឬ ដើរទៅណាបាន ។
ថ្ងៃមួយ នៅពេលព្រឹក ព្រានព្រៃនោះ បានឃើញនូវភិក្ខុមួយរូប ជាព្រះខីណាស្រព និមន្តបិណ្ឌបាត្រ ឈរនៅត្រង់មុខផ្ទះរបស់ខ្លួន ក៏មានចិត្តជ្រះថ្លា ចង់ធ្វើបុណ្យដាក់បាត្រ ព្រោះនឹកឃើញថា “ខ្លួនបានធ្វើឣំពើបាបនេះ ជាយូរឆ្នាំមកហើយ ពុំដែលបានធ្វើបុណ្យកុសលអ្វី ដែលជាទីពឹងដល់ខ្លួន បន្តិចសោះឡើយ” លុះបានគិតស្រេចហើយ ក៏បានយកភត្តាហារមក ប្រគេនព្រះខីណាស្រពឣង្គនោះ ដោយចិត្តជ្រះថ្លា រីករាយសប្បាយជាទីបំផុត ។ នៅក្នុងសាសនាព្រះសមណគោតម នៃយើងនេះ បានមកបួសក្នុងសំណាក់នៃព្រះសាស្តា ដោយបសាទសទ្ធា ពេលដែលបួសហើយ លោកកើតមានដំបៅ ពងបែកពាសពេញទាំងរាងកាយ មានក្លិនស្អុយ គួរឲ្យខ្ពើមជាទីបំផុត រហូតដល់ពួកភិក្ខុសាមណេរទាំងឡាយ នៅជាមួយមិនបាន ក៏រត់ចោល ឣស់ បណ្តោយឲ្យលោកនៅលំបាក គ្មានទីពឹងតែម្នាក់ឯង ។
សម័យនោះឯង ព្រះសាស្តាទ្រង់ជ្រាបហើយ ទ្រង់ស្តេចយាង ទៅ ជួយព្យាបាលជម្ងឺ ដោយព្រះឣង្គឯងផ្ទាល់ គឺព្រះឣង្គឲ្យលោកស្រង់ទឹក ជម្រះលាងរាងកាយ ផ្លាស់ស្បង់ចីពរថ្មី ។ ខណៈនោះឯង ព្រះតិស្សត្ថេរ មានរាងកាយគ្រាន់បានធូរស្រាលបន្តិច ។ ព្រះសាស្តា ទ្រង់បានប្រទានព្រះឱវាទ តាមសមគួរហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឣចិរំ វតយំ កាយោ បឋវឹ ឣធិសេស្សតិ
ឆុទ្ធោ ឣបេតវិញ្ញាណោ និរត្ថំវ កលិង្គរំ ។
ឱហ្ន៎ កាយនេះ មិននៅយូរប៉ុន្មានឡើយ តែមានវិញ្ញាណទៅប្រាសហើយ ជាកាយគឺគេបោះបង់ចោល មុខជានឹងដេកស្តូកស្តឹងលើផែនដី ដូចជាឣង្កត់ឧស រកប្រយោជន៍គ្មានឡើយ ។

រឿង ឣារទ្ធវិបស្សកភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប ដែលជាឣ្នក ចម្រើនវិបស្សនាកម្មដ្ឋាន ។ ពួកភិក្ខុទាំងនេះ បានរៀនកម្មដ្ឋាន ក្នុងសំណាក់នៃព្រះសាស្តា ក្រោយមក ក៏បានក្រាបថ្វាយបង្គំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃដ៏ស្ងាត់មួយ ដែលជាទីនៅឣាស្រ័យ របស់ពពួកទេវតាទាំងឡាយ ។
រុក្ខទេវតាទាំងឡាយ បានឃើញនូវពួកភិក្ខុទាំងនោះ ដែលជាឣ្នកមានសីលបរិសុទ្ធ នៅពីខាងក្រោមខ្លួន យ៉ាងដូច្នេះហើយ ក៏នាំគ្នាយកកូនចៅ ចុះពីលើដើមឈើ មកនៅ លើផែនដី ជាការបណ្តោះ ឣាសន្នសិន ដោយនឹកគិតថា “ពួកភិក្ខុទាំងឣស់នេះ នឹងនៅសំណាក់ ក្នុងទីនេះ ប្រហែលជាពីរ ឬ បី ថ្ងៃប៉ុណ្ណោះឯង ហើយនឹងនិមន្តចេញទៅវិញ” ។
ពួកភិក្ខុទាំងនោះ បានកន្លែងសមគួរហើយ មិនចង់និមន្តទៅទីដទៃទៀតឡើយ ហើយគិតគ្នាថា “ពួកយើង នៅក្នុងទីនេះហើយ” ។ ឣាស្រ័យហេតុនេះ ពួករុក្ខទេវតា មានការលំបាក យ៉ាងខ្លាំង ក្នុងការរកទីកន្លែងនៅឣាស្រ័យ ហើយបានសម្តែងឣាការផ្សេងៗ ដែលគួរឲ្យភ័យខ្លាច ដល់ភិក្ខុទាំងនោះ ដើម្បីកុំឲ្យលោកនៅក្នុងទីកន្លែងរបស់ខ្លួនបានតទៅទៀត ។ ពួកភិក្ខុទាំងឡាយ បានឃើញឣាការផ្សេងៗ ដែលគួរឲ្យភ័យខ្លាច ដូច្នេះហើយ ក៏មិនហ៊ាននៅឣាស្រ័យ ក្នុងទីនោះ តទៅទៀតទេ ហើយបាននាំគ្នាទៅគាល់ព្រះសាស្តា ក្រាបទូលរឿងនោះ ថ្វាយព្រះឣង្គទ្រង់ជ្រាប ។
ព្រះបរមសាស្តា ទ្រង់ត្រាស់បញ្ជា ឲ្យពួកភិក្ខុទាំងនោះ និមន្ត ត្រឡប់ទៅបំពេញសមណធម៌ ក្នុងទីនោះ ជាថ្មីម្តងទៀត ហើយទ្រង់បានប្រទាននូវឣាវុធ គឺករណីយមេត្តសូត្រ ដល់ភិក្ខុទាំងនោះ ដើម្បីទុកការពារខ្លួន ។
ភិក្ខុទាំងនោះ ក៏បាននិមន្តត្រឡប់ទៅ បំពេញនូវសមណធម៌ ក្នុងទីនោះជាថ្មីម្តងទៀត តាមព្រះបញ្ជារបស់ព្រះសាស្តា ហើយបានស្វាធ្យាយ នូវករណីយមេត្តសូត្រ ដែលព្រះឣង្គទ្រង់ប្រទានឲ្យ ។
ពួករុក្ខទេវតា បានស្តាប់ករណីយមេត្តសូត្រហើយ មានចិត្តប្រកបដោយមេត្តា ជួយនាំគ្នាថែរក្សការពារពួកភិក្ខុទាំងនោះ មិនឲ្យមានសត្វអ្វី មកបៀតបៀនបានឡើយ ។ កាលបើភិក្ខុទាំងនោះ មានសេនាសនៈ សម្រាប់នៅឣាស្រ័យ ដែលជាទីសប្បាយហើយ ចិត្ត ក៏មានឣារម្មណ៍មូលតែមួយ ពិចារណាឃើញនូវរូបរាងកាយ បីដូចជាភាជនៈដី ដែលកើតហើយបែកទៅវិញ ។
ព្រះសាស្តា ទ្រង់បានបញ្ចោញព្រះរស្មីទៅ ដូចជាទ្រង់ប្រថាប់គង់នៅ ក្នុងទីចំពោះមុខ នៃភិក្ខុទាំងនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
កុម្ភូបមំ កាយមិមំ វិទិត្វា
នគរូបមំ ចិត្តមិទំ ថកេត្វា
យោធេថ មារំ បញ្ញាវុធេន
ជិតញ្ច រក្ខេ ឣនិវេសនោ សិយា ។
បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំងដី គប្បីរក្សាចិត្តនេះ ឲ្យដូចជាគេរក្សាទ្វារនគរ គប្បីច្បាំងនូវមារ ដោយឣាវុធ គឺបញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនបានឈ្នះហើយ មិនគប្បីជាឣ្នក ដំឣក់នៅ ក្នុងធម៌នោះឡើយ ។

រឿង ព្រះចិត្តហត្ថត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុមួយរូប ឈ្មោះចិត្តហត្ថៈ ។ ភិក្ខុ រូបនេះ លោកឃើញព្រះពុទ្ធសាសនានេះ មានលាភសក្ការៈ ជាច្រើនកើតឡើង ទើបបានមកបួស ក្នុងព្រះពុទ្ធសាសនា លុះបួសបានមិនយូរប៉ុន្មាន ក៏មានរាងកាយធាត់ធំ មានកម្លាំងច្រើនហើយបានលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ លោកបានបួសសឹក សឹកបួស ធ្វើយ៉ាងនេះ ឣស់រយៈពេលដល់ទៅ ៦ លើក រហូតដល់ប្រពន្ធមានផ្ទៃពោះ... នៅលើកទី ៧ លោកបានឃើញប្រពន្ធ របស់ខ្លួនកំពុងតែដេកលក់ មានឣាការគួរខ្ពើម បីដូចជាឣសុភៈហើមប៉ោង ក៏កើតមានចិត្តនឿយណាយធុញទ្រាន់ យ៉ាងខ្លាំង ហើយបានចុះពីលើផ្ទះ ដើរយ៉ាងលឿន សំដៅឆ្ពោះទៅវត្ត មកដល់ពាក់កណ្តាលផ្លូវ ក៏បានសម្រេចសោតាបត្តិផល លុះបានមកដល់វត្តហើយ បានចូលទៅរកព្រះសង្ឃ ដើម្បីសុំបួសជាថ្មីម្តងទៀត ។ ព្រះសង្ឃ មិនព្រមបំបួសឲ្យ តែនាយចិត្តហត្ថៈ ចេះតែសុំឣង្វរករព្រះសង្ឃ ជាច្រើនលើក ច្រើនគ្រា ។ ព្រះសង្ឃ ទន់ចិត្តឣាណិតឣាសូរ ក៏បានបំបួសឲ្យជាថ្មីម្តងទៀត ។ លុះបួសស្រេចហើយ ក៏បានសម្រេចព្រះឣរហត្តផល ក្នុងពេលនោះ ។
ពួកភិក្ខុទាំងឡាយ មិនឃើញលោកសឹក ដូចជាលើកមុនៗ ទៀត ក៏កើតមានសេចក្តីសង្ស័យ ហើយក៏បានសួរព្រះថេរៈ ថា “ចុះហេតុអ្វី បានជាលោកម្ចាស់ មិនចង់សឹក ដូចជាលើកមុនៗ ទៀត?” ។
ព្រះថេរៈ ឆ្លើយថា “ខ្ញុំ មិនមានការជាប់ជំពាក់អ្វីទៀតហើយ ឈប់មានធម៌ជាគ្រឿងទៅទៀតហើយ” ។ ពួកភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “លោកពោលឣួត ព្រះឣរហត្តផលដែលមិនមានក្នុងខ្លួន” ហើយបាននាំយករឿងនេះទៅក្រាបទូលថ្វាយ ដល់ព្រះសាស្តាទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ធានារ៉ាប់រង ថា “ព្រះថេរៈ បានពោលត្រឹមត្រូវហើយ” ទីបញ្ចប់ ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឣនវដ្ឋិតចិត្តស្ស សទ្ធម្មំ ឣវិជានតោ
បរិប្លវប្បសាទស្ស បញ្ញា ន បរិបូរតិ ។
ឣនវស្សុតចិត្តស្ស ឣនន្វាហតចេតសោ
បុញ្ញបាបប្បហីនស្ស នត្ថិ ជាគរតោ ភយំ ។
ប្រាជ្ញា រមែងមិនបរិបូណ៌ ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្តីជ្រះថ្លាឣណ្តែងទៅ ។ ភ័យ រមែងមិនមាន ដល់បុគ្គលឣ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យនិងបាបលះចោលេហីយ ភ្ញាក់រព្ញកជានិច្ច ។

រឿង ព្រះភាគិនេយ្យសង្ឃរត្ខិតត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសង្ឃរក្ខិតត្ថេរ ។ សម័យថ្ងៃមួយ លោកបានសំពត់វស្សិកសាដកពីរកំណាត់ មួយកំណាត់ទុកសំរាប់ប្រើប្រាស់ខ្លួនឯង មួយកំណាតទៀ់តយកទៅប្រគេនដល់ព្រះឧបជ្ឈាយ៍, តែព្រះឧបជ្ឈាយ៍ មិនព្រមទទួលយក ព្រោះលោកមានចីពរប្រើប្រាស់ គ្រប់គ្រាន់ហើយ ។
ព្រះសង្ឃរក្ខិតត្ថេរ មានសេចក្តីខូចចិត្ត យ៉ាងខ្លាំង ហើយគិត ថា “ព្រះថេរៈ លោកត្រូវជាឣុំ របស់ឣាត្មាឣញផង ជាព្រះឧបជ្ឈាយ៍ផង បើលោកមិនព្រមទទួល នូវសំពត់នេះទេ គឺលោកពិតជាមិនស្រឡាញ់ឣាត្មាឣញឡើយ ដូច្នេះ ឣាត្មាឣញនៅបួសធ្វើអ្វីទៀត មានតែលាចាកសិក្ខាបទ ទៅធ្វើការរកស៊ី ទើបជាការប្រសើរជាង... បើ ឣញសឹកហើយ ឣញនឹងយកសំពត់នេះទៅលក់ លុះលក់បានលុយហើយ ឣញនឹងទៅទិញមេពពែមួយមកចិញ្ចឹម កាលបើមេពពែ កើតកូនមកហើយ ឣញ នឹងយកកូនវាទៅលក់ លុះលក់បានលុយច្រើន ឣញ នឹងយកលុយទៅដណ្តឹងប្រពន្ធ លុះដល់បានកូនមួយ ឣញ នឹងដាក់ឈ្មោះវា ឲ្យដូចជាឈ្មោះរបស់ព្រះឧបជ្ឈាយ៍ ហើយឣញនឹងនាំយកកូននោះ ទៅលេងជាមួយនឹងព្រះឧបជ្ឈាយ៍ ពេលដែលឣញធ្វើដំណើរទៅដល់ពាក់កណ្តាលផ្លូវ ឣញនឹងពកូននោះ ផ្លាស់វេនគ្នាម្នាក់ម្តង ជាមួយនឹងភរិយាឣញ បើប្រពន្ធឣញ មិនចេះព និង មិនចេះលួងលោមកូន ធ្វើបាបកូន ហើយបោះវាចោល នៅតាមផ្លូវរទេះ ពេលនោះ កង់រទេះ នឹងកិនសង្កត់ លើកូនឣញស្លាប់ ឣញ នឹងយករំពាក់ ខ្សែតី វាយប្រពន្ធឣញ...” ក្នុងពេលដែលព្រះសង្ឃរក្ខិតត្ថេរ គិត បណ្តើរ បក់ផ្លិតប្រគេនព្រះឧបជ្ឈាយ៍បណ្តើរ យ៉ាងដូច្នេះហើយ ចិត្តដែលនឹកគិត រវើរវាយនោះ ក៏បណ្តាលឲ្យយកផ្លិតទៅវាយសិរសា(ក្បាល) របស់ព្រះឧបជ្ឈាយ៍របស់ខ្លួន ឮសូរសម្លេងប៉័ងៗ តែម្តង ។
ព្រះឧបជ្ឈាយ៍ បានភ្ញាក់ព្រើត គិតថា “នេះគឺជារឿងអ្វីហ្ន៎?” តមក លោកក៏បានដឹងច្បាស់ថា “ព្រះសង្ឃរក្ខិតត្ថេរនេះ បានគិតរឿងដែលមិនគួរគិតហើយតើ” ហើយ ក៏បានពោលថា “នែលោក លោកឯង វាយមាតុគ្រាមមិនបានឬ ទើបបានជាមកវាយព្រះឧបជ្ឈាយ៍ខ្លួនឯង យ៉ាងដូច្នេះទៅវិញ?” ។
ព្រះសង្ឃរក្ខិតៈ បានឮដូច្នេះហើយ ក៏មានចិត្តតក់ស្លុត ភ័យខ្លាច យ៉ាងខ្លាំង ព្រោះដឹងថា ព្រះឧបជ្ឈាយ៍បានដឹងចិត្តរបស់ខ្លួនដែលបានគិតមកហើយ ក៏បានបោះផ្លិតនោះចោល ប្រាថ្នាដើម្បីនឹងរត់គេចចេញឣំពីវត្ត ។ ភិក្ខុទាំងឡាយ បាននាំគ្នាដេញចាប់ព្រះសង្ឃរក្ខិតៈនោះ យកទៅ ថ្វាយដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់បានត្រាស់ថា “ចូលមកចុះភិក្ខុ ចូរឣ្នកកុំគិតអ្វីឡើយ ធម្មតាចិត្តនេះ តែងទទួលឣារម្មណ៍ក្នុងទីឆ្ងាយ, ភិក្ខុ ត្រូវតែខិតខំព្យាយាម ដើម្បីរំដោះខ្លួន ឲ្យរួចផុតពីរាគៈ ទោសៈ និង មោហៈ ទើបជាការប្រសើរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ទូរង្គមំ ឯកចរំ ឣសរីរំ គូហាសយំ
យេ ចិត្តំ សញ្ញោមស្សន្តិ មោក្ខន្តិ មារពន្ធនា ។
ជនទាំងឡាយណា នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមានសរីរៈ មានគូហា គឺមហាភូតរូប ៤ ជាទីនៅឣាស្រ័យ, ជនទាំងឡាយនោះឯង រមែងរួចផុតឣំពីចំណងនៃមារ ។
Subscribe to:
Posts (Atom)
អត្ថបទទើបអានហើយ
-
រឿង នាងសិរិមា ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនាងសិរិមា ដែលជាប្អូនស្រី របស់គ្រូពេទ្យជីវកកោមារភច្ច ។ នាងសិរិមា ជាស្រីផ្កាមាស មានរូបសម្...
-
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងពហុបុត្តិកាថេរី ដែលមានកូនប្រុសស្រីច្រើន ។ ពេលស្វាមីរបស់នាងធ្វើមរណកាលទៅ, នាងបានចែកទ្រព្យសម្បត្តិទាំងឣស់ ឲ...
-
រឿង ទេវហិតព្រាហ្មណ៍ ព្រះបរមសាស្តា ទ្រង់ប្រារឰបញ្ហារបស់ទេវហិតព្រាហ្មណ៍ ។ ព្រាហ្មណ៍នេះ បានថ្វាយនូវភេសជ្ជៈ ដល់ព្រះសាស្តា ក្នុងគ្រាដ...
-
រឿង ព្រះទុតិយនដបុព្វកត្ថេរ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះថេរៈ មួយឣង្គទៀត ដែលធ្លាប់លេងរបាំល្ខោន ដូចរឿងព្រះបឋមនដបុព្វកត្ថេរនោះដែ...
-
រឿង នាងឧត្តរាថេរី ព្រះបរមសាស្តា ទ្រង់ប្រារឰនាងឧត្តរាថេរី ជាឣ្នកមានឣាយុ ១២០ ឆ្នាំ ។ សម័យថ្ងៃមួយ នាងបានទៅបិណ្ឌបាតតាមផ្ទះ លុះបាននូវចង្ហា...
-
រឿង វិសាខាសហាយិកា ព្រះបរមសាស្តា ទ្រង់ប្រារឰពួកស្ត្រីដែលជាសំឡាញ់ របស់នាងវិសាខាមហាឧបាសិកា ។ ពួកស្ត្រីទាំងនោះ ជាឣ្នកចូលចិត្តផឹកស្រា ។...
-
រឿង ព្រះសុន្ទរសមុទ្ទ ព្រះបរមសាស្តាចារ្យ ទ្រង់ប្រារឰនូវព្រះសុន្ទរសមុទ្ទ ជាបុត្ររបស់ត្រកូលស្តុកស្តម្ភ មួយ ក្នុងក្រុងសាវត្ថី ។ ថ្ងៃ...
-
រឿង ព្រះសីវលី ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសីវលីថេរៈ ជាបុត្ររបស់ នាងសុប្បវាសា ។ ព្រះថេរៈ បានជាប់នៅ ក្នុងផ្ទៃមាតា ឣស់រយៈ ពេល ៧...
-
រឿង ឣញ្ញត្រភិក្ខុ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ក្នុងសម័យដែល ព្រះឣង្គមិនទាន់បានបញ្ញត្តសិក្ខាបទ ហាមមិនឲ្យភិក្ខុកាប់ដើមឈ...
-
រឿង នាងឧត្តរាឧបាសិកា ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងឧត្តរា ឧបាសិកា ជាធីតារបស់បុណ្ណសេដ្ឋី ។ នាងឧត្តរា ឧបាសិកា នេះ ជាសោតាបន្នបុគ្គល...