khmerdhammahome.blogspot.com

រៀបចំដោយ ចង្កមរក្ខិតោ នូ សម្បត្តិ sambathnou.blogspot.com


សូមអភ័យទោស ប្រសិនបើមានកំហុសឆ្គងដោយប្រការណា ព្រោះប្លក់កំពុងស្ថាបនា រៀបចំជាធម្មទានដោយ ភិក្ខុ ចង្កមរក្ខិតោ នូ​ សម្បត្តិ / សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង! សូមអនុមោទនា!!! khmerdhammahome.blogspot.com Email: nousambath855@gmail.com សូមអរគុណ!
Showing posts with label កោធវគ្គ​ ទី ១៧. Show all posts
Showing posts with label កោធវគ្គ​ ទី ១៧. Show all posts

Wednesday, January 9, 2019

រឿង ភិក្ខុឆព្វគ្គីយ៍

រឿង ភិក្ខុឆព្វគ្គីយ៍



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុឆព្វគ្គីយ៍ ដែលមានពួក ៦ នាក់ គឺ បណ្ឌុកៈ ១, លោហិតកៈ ១, មេត្តិយៈ ១, ភុម្មជ្ជកៈ ១, ឣស្សជិ ១ បុនព្វសុកៈ ១ ។ ពួកភិក្ខុជាសម្លាញ់នឹងភិក្ខុ ៦ រូបនោះ មានឈ្មោះថា ឆព្វគ្គីយ៍ ដូចគ្នា ។ សម័យថ្ងៃមួយ ពួកភិក្ខុទាំងនោះ មានដៃកាន់ឈើច្រត់ ពាក់ស្បែងជើង ដើរចង្ក្រម ។
ព្រះសាស្តា ទ្រង់ព្រះសណ្តាប់ ឮសំឡេងស្បែងជើងហើយ ទ្រង់ត្រាស់សួរ នូវព្រះឣានន្ទ ថា “ម្នាលឣានន្ទ នុ៎ះ គឺជាសំឡេងអ្វី?” កាលព្រះឣានន្ទក្រាបទូលហើយ ទើបទ្រង់បានត្រាស់បញ្ញត្តសិក្ខាបទ ឣប់រំ ដល់ពួកភិក្ខុទាំងនោះហើយ ត្រាស់ឣភិសមាចារ ដើម្បីឲ្យភិក្ខុរក្សានូវចរិយាមារយាទ ឲ្យបានល្អត្រឹមត្រូវហើយ ទ្រង់ត្រាស់នូវព្រះ គាថានេះ ថា ៖
កាយប្បកោបំ រក្ខេយ្យ កាយេន សំវុតោ សិយា
កាយទុច្ចរិតំ ហិត្វា កាយេន សុចរិតំ ចរេ
វចីបកោបំ រក្ខេយ្យ វាចាយ សំវុតោ សិយា
វចីទុច្ចរិតំ ហិត្វា វាចាយ សុចរិតំ ចរេ
មនោបកោបំ រក្ខេយ្យ មនសា សំវុតោ សិយា
មនោទុច្ចរិតំ ហិត្វា មនសា សុចរិតំ ចរេ
កាយេន សំវុតា ធីរា ឣថោ វាចាយ សំវុតា
មនសា សំវុតា ធីរា តេ វេ សុបរិសំវុតា ។

បុគ្គល គប្បីរក្សានូវការកម្រើកកាយ គប្បីសង្រួមកាយ គប្បីលះបង់កាយទុច្ចរិត គប្បីប្រព្រឹត្តកាយសុចរិត គប្បីរក្សាការកម្រើកវាចា គប្បីសង្រួមវាចា គប្បីលះបង់វចីទុច្ចរិត គប្បីប្រព្រឹត្តវចីសុចរិត គប្បីរក្សាការកម្រើកចិត្ត គប្បីសង្រួមចិត្ត គប្បីលះបង់មនោទុច្ចរិត គប្បីប្រព្រឹត្តមនោសុចរិត, ឣ្នកប្រាជ្ញទាំងឡាយ បានសង្រួមកាយ សង្រួមវាចា ឣ្នកប្រាជ្ញទាំងឡាយ បានសង្រួមចិត្តហើយ លោកទាំងនោះឯង ឈ្មោះថា សង្រួមហើយ ដោយប្រពៃ ។
ចប់កោធវគ្គ ទី ១៧

រឿង ឣតុលឧបាសក

រឿង ឣតុលឧបាសក



ព្រះបរមសាស្តា ទ្រង់ប្រារឰឧបាសកម្នាក់ ឈ្មោះឣតុលៈ ។ ថ្ងៃមួយ ឣតុលឧបាសក និង ឧបាសក ៥០០ នាក់ទៀត បានទៅស្តាប់ធម៌ទេសនា របស់ព្រះរេវតត្ថេរ, កាលបើព្រះរេវតៈ មិនសម្តែងធម៌ ក៏ក្រោធខឹងហើយ បាននាំគ្នាទៅកាន់សំណាក់ព្រះសារីបុត្រ, កាលបើព្រះសារីបុត្រសម្តែងព្រះឣភិធម្ម ជ្រាលជ្រៅពេក, ក៏មិនពេញចិត្ត ហើយក៏បាននាំគ្នា ទៅរកព្រះឣានន្ទ, កាលបើព្រះឣានន្ទ សម្តែងធម៌តិចហួសពេក, ក៏បានក្រោធខឹងនឹងព្រះឣានន្ទ ថា “ព្រះឣានន្ទ នេះ ចំ ជាខ្ជិលមែនទែន សម្តែងធម៌តែបន្តិច” ហើយ បាននាំគ្នាទៅគាល់ព្រះសាស្តា បានក្រាបទូលរឿងនោះ ថ្វាយព្រះឣង្គទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖
បោរាណមេតំ ឣតុល នេតំ ឣជ្ជតនាមិវ
និន្ទន្តិ តុណ្ហីមាសីនំ និន្ទន្តិ ពហុភាណិនំ
មិតភាណិម្បិ និន្ទន្តិ នត្ថិ លោកេ ឣនិន្ទិតោ ។
ន ចាហុ ន ច ភវិស្សតិ ន ចេតរហិ វិជ្ជតិ
ឯកន្តំ និន្ទិតោ បោសោ ឯកន្តំ វា បសំសិតោ ។
យញ្ចេ វិញ្ញូ បសំសន្តិ ឣនុវិច្ច សុវេ សុវេ
ឣច្ឆិទ្ទវុតឹ មេធាវឹ បញ្ញាសីលសមាហិតំ
នេក្ខំ ជម្ពោនទស្សេវ កោ តំ និន្ទិតុមរហតិ
ទេវាបិ នំ បសំសន្តិ ព្រហ្មុនាបិ បសំសិតោ ។

ម្នាលឣតុលៈ ការតិះដៀល និង ការសរសើរនេះ ជារបស់ចាស់ (‘មានយូរណាស់ហើយ)’, ការតិះដៀល និង ការសរសើរនេះ មិនមែនទើបតែនឹងកើតឡើង ក្នុងថ្ងៃនេះទេ (‘ព្រោះថា) ជនទាំងឡាយ តែងនិន្ទានូវបុគ្គលឣ្នកឣង្គុយស្ងៀមក៏មាន និន្ទានូវបុគ្គលឣ្នកនិយាយច្រើន ក៏មាន និន្ទានូវបុគ្គលឣ្នកនិយាយតែល្មមប្រមាណ ក៏មាន (‘ឣ្នកណាៗ ក៏ដោយ)’ ក្នុងលោក ដែលមិនត្រូវគេនិន្ទា មិនមានឡើយ, បុគ្គលដែលត្រូវគេនិន្ទាតែម៉្យាង ឬ ត្រូវគេសរសើរតែម៉្យាង មិនមែន មានមកហើយ តែក្នុងឣតីតកាលទេ នឹងមានទៅ ក្នុងឣនាគត ក៏ទេ មានតែក្នុងបច្ចុប្បន្ននេះ ក៏ទេដែរ ។
បើឣ្នកប្រាជ្ញទាំងឡាយ សង្កេតមើល រៀងរាល់ៗ ថ្ងៃ ហើយសរសើរបុគ្គលណា ដែលជាឣ្នកប្រព្រឹត្តមិនដាច់ មានប្រាជ្ញា មានចិត្តតម្កល់ខ្ជាប់ ក្នុងបញ្ញា និង សីល, ឣ្នកណា គួរនឹងនិន្ទាបុគ្គលដែលដូចជាឆ្តោរនៃមាសជម្ពោនទនោះបាន សូម្បីទេវតានិងមនុស្សទាំងឡាយ ក៏សរសើរបុគ្គលនោះ ទាំងព្រហ្ម ក៏សរសើរបុគ្គលនោះ ដូចគ្នាដែរ ។

រឿង នាងបុណ្ណទាសី

រឿង នាងបុណ្ណទាសី



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងបុណ្ណទាសី ដែលជាទាសី របស់សេដ្ឋីក្រុងរាជគ្រឹះ ។ ថ្ងៃមួយ លោកសេដ្ឋី បានប្រើឲ្យនាងបុកឣង្ករជាច្រើន ។ នាងបានបុកឣង្ករ តាំងតែពីព្រឹកព្រលឹម រហូតដល់ព្រលប់ មិនចេះហើយសោះ លុះដល់យប់ នាងបានទ្រោលប្រទីបបំភ្លឺហើយ បុកឣង្ករ បន្តទៀត នាងបែកញើសចេញពីរាងកាយ ហូរមកស្រស្រាក់ ហើយទៅឈប់សម្រាកកាយា ដើម្បីបំបាត់សេចក្តីនឿយហត់ ក្នុងពេលនោះ នាងបានឃើញពន្លឺភ្លើងភ្លឺប្លុងៗ របស់ភិក្ខុទាំងឡាយ ដែលនៅឣាស្រ័យ លើកំពូលភ្នំគិជ្ឈកូដ ហើយបាននឹកគិតថា “ឣាត្មាឣញ ជាស្រីក្រីក្រលំបាក ត្រូវឣត់ធន់ ចំពោះសេចក្តីលំបាក មិនបានឈប់សម្រាក ធ្វើការមិនបានដេកពួន ក្នុងរាត្រីនេះ, ចំណែកភិក្ខុទាំងឡាយ ព្រោះហេតុអ្វីហ្ន៎ បានជាមិនសិងដែរ ឬមួយ ក៏មានសេចក្តីមិនសប្បាយកើតឡើង ដល់ភិក្ខុទាំងនោះដែរ?” លុះដល់ព្រឹកឡើង នាងក៏បានយកកន្ទក់មកធ្វើជានំ ចំឣិនស្រេចហើយ ទើបវេចដាក់នឹងថ្នក់ ដើរទៅដងទឹក ប្រាថ្នានឹងយកទៅបរិភោគ នៅតាមផ្លូវ ជួនចំជាពេលនោះ នាងបានចួបប្រទះនឹងព្រះសាស្តា មានព្រះ ឣានន្ទ ជាបច្ឆាសមណៈ នាងមានចិត្តជ្រះថ្លា យ៉ាងខ្លាំង ហើយបាន យកនំនោះ ទៅថ្វាយដល់ព្រះសាស្តា ។
ព្រះបរមសាស្តា ទ្រង់ទទួលនំហើយ ទ្រង់ធ្វើឣនុមោទនា ។ នាង គិតក្នុងចិត្តថា “នំរបស់ឣាត្មាឣញនេះមិនប្រសើរទេ ព្រះសាស្តា ប្រាកដជាមិនសោយ នូវនំនេះទេមើលទៅ” ។
ព្រះសាស្តា ទ្រង់ជ្រាបនូវវារចិត្ត របស់នាងបុណ្ណទាសីហើយ ទ្រង់បានគង់សោយនំនោះ ឲ្យនាងបានឃើញ លុះទ្រង់សោយនំនោះហើយ ទ្រង់ត្រាស់ហៅនាងបុណ្ណទាសីមកហើយ ត្រាស់សួរថា “នែនាងបុណ្ណទាសី កាលពីយប់មិញ តើនាងបានគិតដល់សាវ័ក របស់តថាគត យ៉ាងដូចម្តេចដែរ?” ។ នាង បានក្រាបទូលរឿងនោះ ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សទា ជាគរមានានំ ឣហោរត្តានុសិក្ខិនំ
និព្វានំ ឣធិមុត្តានំ ឣត្ថំ គច្ឆន្តិ ឣាសវា ។

ឣាសវៈទាំងឡាយ របស់បុគ្គលឣ្នកភ្ញាក់រព្ញក សព្វកាល ជាឣ្នកសិក្សាត្រៃសិក្ខា ទាំងថ្ងៃទាំងយប់ មានចិត្តចុះស៊ប់កាន់ព្រះនិព្វាន តែងដល់នូវការតាំងនៅមិនបានឡើយ ។

រឿង ភិក្ខុទូលសួរបញ្ហា

រឿង ភិក្ខុទូលសួរបញ្ហា



ព្រះបរមសាស្តា កាលឣាស្រ័យក្រុងសាកេតុ ប្រថាប់គង់នៅ ក្នុងក្រុងឣញ្ជនវ័ន ទ្រង់ប្រារឰនូវបញ្ហា ដែលភិក្ខុទាំងឡាយបានក្រាបទូលសួរហើយ ទ្រង់បានសម្តែងព្រះធម្មទេសនានេះ ថា “ឣហឹសកា យេ...” ប៉ុណ្ណេះជាដើម ។ កិរ បានឮថា សម័យដែលព្រះមានព្រះភាគ មានភិក្ខុសង្ឃ ជាបរិវារ ស្តេចយាងចូលទៅកាន់ទីក្រុងសាកេតុដើម្បីយាងបិណ្ឌបាត ប្រោសសត្វនោះ, មានព្រាហ្មណ៍ចាស់ម្នាក់ កំពុងតែដើរចេញឣំពីទីក្រុង ស្រាប់តែបានចួបប្រទះនឹងព្រះសាស្តា ក្បែរមាត់ទ្វារក្រុងហើយបានក្រាបរាប ក្បែរព្រះបាទា ក្រាបទូលថា “នែកូនសម្លាញ់ ធម្មតា មាតាបិតា ត្រូវបុត្រធីតាទាំងឡាយទំនុកបំរុង នៅពេលមានវ័យចាស់ ជរា មិនមែនទេឬ? ទូលព្រះបង្គំបានឃើញព្រះឣង្គហើយ សូមព្រះ ឣង្គ ទ្រង់ព្រះមេត្តា និមន្តទៅសួរសុខទុក្ខនឹងមាតាផង” ដូច្នេះហើយ បានក្រាបទូលឣារាធនា ឲ្យព្រះឣង្គស្តេចយាងទៅកាន់ផ្ទះរបស់ខ្លួន ។
ព្រះសាស្តា ទ្រង់ស្តេចយាងទៅ កាន់ផ្ទះនោះហើយ ទ្រង់គង់ នៅលើឣាសនៈ ដែលព្រាហ្មណ៍បានក្រាលទុកហើយ ព្រមទាំងភិក្ខុសង្ឃ ។
ព្រាហ្មណ៍ពីរនាក់ប្តីប្រពន្ធ បានថ្វាយភត្តាហារ ដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយសេចក្តីជ្រះថ្លាបំផុត ហើយបានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន សូមព្រះឣង្គទ្រង់ទទួលនូវភត្តាហារ ក្នុងផ្ទះ របស់ទូលព្រះបង្គំ ជារៀងរាល់ថ្ងៃចុះ” ។
ព្រះសាស្តា ត្រាស់ថា “ម្នាលព្រាហ្មណ៍ ធម្មតាព្រះពុទ្ធទាំង ឡាយ នឹងមិនទទួលភត្តាហារ តែក្នុងផ្ទះនៃបុគ្គលម្នាក់ប៉ុណ្ណោះទេ” ។
ភិក្ខុទាំងឡាយ មានការសង្ស័យ បានប្រជុំសន្ទនាគ្នា ថា “តើហេតុអ្វីបានជាព្រាហ្មណ៍ទាំងពីរនាក់ប្តីប្រពន្ធ ហៅព្រះសាស្តា ថា ជាកូនរបស់គាត់ យ៉ាងដូច្នេះ?” ។
ព្រះសាស្តា ស្តេចយាងមកហើយ ត្រាស់ថា “ម្នាលភិក្ខុទាំង ឡាយ ព្រាហ្មណ៍ទាំង ២ នាក់នេះ ធ្លាប់បានកើតជាមាតាបិតាបង្កើតរបស់តថាគត ឣស់កាលបីពាន់ជាតិមកហើយ ក្នុងឣតីតកាល...” ។ កាលព្រាហ្មណ៍ពីរនាក់ប្តីប្រពន្ធ បានសម្រេចនូវឣរហត្តផល ហើយ បរិនិព្វាន, ពួកភិក្ខុ បានក្រាបទូលសួរសម្បរាយិកភព នឹងព្រះសាស្តា ។
ព្រះបរមសាស្តាចារ្យ ទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖
ឣហឹសកា យេ មុនយោ និច្ចំ កាយេន សំវុតា
តេ យន្តិ ឣច្ចុត្តំ ឋានំ យត្ថ គន្ត្វា ន សោចរេ ។

ជនទាំងឡាយណា ជាឣ្នកប្រាជ្ញ មិនបៀតបៀនសត្វដទៃ សង្រួមហើយ ដោយកាយទ្វារ ‘(ជាដើម)’ ជានិច្ច, ជនទាំងឡាយនោះ រមែងទៅ កាន់ឋានដែលមិនចេះប្រែប្រួល ជាឋានដែលគេទៅដល់ ហើយ តែងមិនសោកស្តាយ ។

រឿង មោគ្គល្លានត្ថេរប្បញ្ហា

រឿង មោគ្គល្លានត្ថេរប្បញ្ហា



ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវបញ្ហា របស់ព្រះមហាមោគ្គល្លាន ។ សម័យថ្ងៃមួយ ព្រះថេរៈ បាននិមន្តទៅកាន់ឋានទេវលោក បានសួរពួកនាងទេវធីតា ដែលនាំគ្នាមកថ្វាយបង្គំថា “តើនាងទាំងឣស់គ្នា បានធ្វើបុណ្យអ្វីដែរ បានជាមកកើត ក្នុងទីនេះ ហើយបានសម្បត្តិ យ៉ាងនេះ?” ។
នាងទេវធីតាទាំងនោះ មានការខ្មាសឣៀន មិនចង់ពិតទូល ព្រះថេរៈ តែត្រូវព្រះថេរៈ ដេញដោលសួរខ្លាំងពេក នាងទេវធីតាខ្លះ បានទូលព្រះថេរៈថា “នាងខ្ញុំមិនបានធ្វើបុណ្យអ្វីទេ គ្រាន់តែបានរក្សា នូវពាក្យសច្ចៈប៉ុណ្ណោះ” ។ នាងទេវធីតាខ្លះ បានពិតទូល ថា “នាងខ្ញុំ មិនបានក្រោធខឹងជាមួយនឹងឣ្នកដទៃ” ។ នាងខ្លះ ក៏បានពិតទូល ថា “នាងខ្ញុំបានបរិច្ចាគសម្បត្តិនេះមួយ នោះមួយ ទើបបានសម្បត្តិយ៉ាងដូច្នេះ” ។
ព្រះមហាមោគ្គល្លាន លុះត្រឡប់មកពីទេវលោកវិញ បានចូលទៅ ក្រាបទូលរឿងនេះ ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។ ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
សច្ចំ ភណេ ន កុជ្ឈេយ្យ ទជ្ជា ឣប្បំបិ យាចិតោ
ឯតេហិ តីហិ ឋានេហិ គច្ឆេ ទេវាន សន្តិកេ ។

បុគ្គល គួរពោលពាក្យពិត ១ មិនគួរក្រោធ ១ កាលត្រូវគេសូមវត្ថុសូម្បីមានតិច ក៏គួរឲ្យ‘(តាមតិច’) ១, បុគ្គលគប្បីទៅកើត ក្នុង សំណាក់ នៃទេវតាទាំងឡាយបាន ដោយហេតុ ៣ យ៉ាងនេះឯង ។

រឿង នាងឧត្តរាឧបាសិកា

រឿង នាងឧត្តរាឧបាសិកា
 


ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងឧត្តរា ឧបាសិកា ជាធីតារបស់បុណ្ណសេដ្ឋី ។ នាងឧត្តរា ឧបាសិកា នេះ ជាសោតាបន្នបុគ្គល, ឯស្វាមី របស់នាង ជាសេដ្ឋីបុត្រ ក្នុងក្រុងរាជគ្រឹះ ត្រកូលស្វាមីនាង ជាឣ្នកមិច្ឆាទិដ្ឋិ ។
នាងឧត្តរា មិនបានទៅធ្វើបុណ្យ តាមចិត្តនាងប្រាថ្នាទេ នាងបានជួលនាងសិរិមា ដែលជាស្រីផ្កាមាស ឲ្យមកនៅរួមជាមួយស្វាមីរបស់ខ្លួន ហើយបានលបលាក់ទៅធ្វើបុណ្យទាន មិនឲ្យស្វាមីដឹង នៅឯខាងក្រៅ ។
ចំណែកឯ នាងសិរិមានោះ មានគំនិត គិតនឹងដណ្តើមស្វាមី របស់នាងឧត្តរា ចង់ត្រួតត្រាមកលើនាង ហើយបានទៅប្រទូសរ៉ាយ ចំពោះនាងឧត្តរា ដោយប្រការផ្សេងៗ តែនាងឧត្តរាឧបាសិកា មិនបានក្រោធខឹងនឹងនាងសិរិមាវិញឡើយ ។ ក្រោយមក នាងសិរិមា បានដឹងទោសកំហុស របស់ខ្លួនហើយ ទើបបានទៅសុំខមាទោសនឹងនាងឧត្តរា ។ នាងឧត្តរា ក៏បាននាំនាងសិរិមា ទៅគាល់ព្រះសាស្តា ។
ព្រះសាស្តាសម្តែងធម្មីកថា ហើយត្រាស់នូវព្រះគាថានេះថា ៖
ឣក្កោធេន ជិនេ កោធំ ឣសាធុំ សាធុនា ជិនេ
ជិនេ កទរិយំ ទានេន សច្ចេនាលិកវាទិនំ ។
បុគ្គល គប្បីផ្ចាញ់មនុស្សក្រោធ ដោយសេចក្តីមិនក្រោធ គប្បីផ្ចាញ់មនុស្សឣសប្បុរស ដោយសប្បុរស គប្បីផ្ចាញ់មនុស្សកំណាញ់ ដោយការឲ្យ គប្បីផ្ចាញ់មនុស្សនិយាយពាក្យដែលមិនពិត ដោយពាក្យពិត ។ 

អត្ថបទទើបអានហើយ